ភ្នំពេញៈ ភ្ញៀវទេសចរ​ជាង ១៣,៨ ​ម៉ឺន​នាក់​បាន​ដើរ​កម្សាន្ត​ក្នុង​រយៈពេល ៣ ថ្ងៃ​ចុង​សប្តាហ៍​កន្លងមក​ដែល​ចំនួន​នេះ​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ជា​លំដាប់​នៃ​វិស័យ​ទេសចរណ៍​ផ្ទៃក្នុង បន្ទាប់ពី​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​នា​អំឡុងពេល​កូវីដ​ ១៩ ឆ្លង​រាលដាល​ខ្លាំង ពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ​។ នេះ​បើ​យោងតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។

ទិន្នន័យ​បង្ហាញថា ក្នុង​រយៈពេល ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៥-១៧ ខែតុលា ឆ្នាំ​ ២០២១ ដែលជា​ថ្ងៃ​ចុង​សប្តាហ៍​មាន​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ចេញ​ដើរ​កម្សាន្ត​សរុប ១៣៨ ០៩៩ ​នាក់​ក្នុង​នោះ​ភ្ញៀវ​ជាតិ ១៣៥ ០៦៦ ​នាក់ និង​ភ្ញៀវបរទេស​ផ្ទៃក្នុង ៣ ០៣៣ ​នាក់​។

សម្រាប់​គោលដៅ​សំខាន់ៗ​រួមមាន ខេត្ត​ព្រះសីហនុ ២៨ ៧២៨ ​នាក់​, ភ្នំពេញ ២៥ ៦៩៨ ​នាក់​, កំពត ១៨ ៤៣៧ ​នាក់​, កំពង់ស្ពឺ ៨ ៥៥៥ ​នាក់​, សៀមរាប ៧ ៦៨៧ ​នាក់​, ពោធិ៍សាត់ ៧ ៤៥៩ ​នាក់ និង​ខេត្ត​កែប ៧ ១៣៦ ​នាក់​។

លោក ថោង ខុន ឱ្យ​ដឹងថា បន្ទាប់ពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​មាន​ភាពធូរស្រាល ស្រប​ពេល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទទួលបាន​លទ្ធផល​ល្អ សកម្មភាព​វិស័យ​ទេសចរណ៍​ផ្ទៃក្នុង​បានបង្ហាញ​ពី​សញ្ញា​កើនឡើង​ជា​លំដាប់​។ ជាក់ស្តែង​តួលេខ​ចុង​សប្តាហ៍​ពីថ្ងៃ​ទី​ ១៥-១៧ បាន​កើន​ប្រមាណ ១៨,២១ ​ភាគរយ​ធៀប​នឹង​ចុង​សប្តាហ៍​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។

លោក​បាន​អះអាង​ថា​៖ «​បើទោះបី​ថ្ងៃ​ឈប់សម្រាក​រយៈពេល​យូរ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លងផុតទៅ ក៏​ចរន្ត​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ទៅកាន់​គោលដៅ​​ទេសចរណ៍​នានា​នៅតែមាន​សកម្មភាព​គួរឱ្យកត់សម្គាល់​»​។

ទោះយ៉ាងណា លោក ថោង ខុន ក៏​លើកឡើង​ដែរ​ថា ចំនួន​នេះ​បើ​ធៀប​នឹង​ចំនួន​ប្រជាជន​ដើរ​កម្សាន្ត​នៅ​ក្នុងឱកាស​ពិធីបុណ្យ គឺ​ឃើញថា ថយចុះ​ប្រមាណ ៤៣,៤៦ ​ភាគរយ​។

ទឹកធ្លាក់ថ្មដាតូច ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់

លោក​បន្ថែមថា បើទោះបី​សម្ទុះ​នៃ​កំណើន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​កំពុង​ចាប់ផ្តើម​កើនឡើង​វិញ​ក៏ដោយ ក៏​ការផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង SOP ត្រូវបានធ្វើ​ជាប្រចាំ​ដែរ ដែលមាន​ដូចជា ការផ្សព្វផ្សាយ និង​ចុះ​វាយតម្លៃ​មូលដ្ឋាន​អាជីវកម្ម​ស្របតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) និង​ការបង្ហាញ​កាត​ចាក់​វ៉ាក់សាំង​នៅពេល​ចូល​រមណីយដ្ឋាន​ជាដើម​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​និយាយថា ចលនា​ទេសចរណ៍​ផ្ទៃក្នុង​បាន​ងើបឡើង​វិញ​ជា​បន្តបន្ទាប់ ដែល​សកម្មភាព​នេះ​គឺជា​កម្លាំងចលករ​ក្នុង​ការធ្វើឱ្យ​វិស័យ​ទេសចរណ៍​កម្រើក​ឡើងវិញ ខណៈ​ការផ្ទុះឡើង​ជំងឺ​កូវីដ ១៩ ពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ បាន​ធ្វើឱ្យ​វិស័យ​មួយ​នេះ​ត្រូវ​ជាប់គាំង​ស្ទើរ​ទាំងស្រុង​នាពេល​កន្លងមក​។ លោកស្រី​បាន​បន្តថា ការទទួល​ជោគជ័យ​នៃ​ទេសចរណ៍​ក្នុងស្រុក ក៏​នឹង​រួមចំណែក​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យនេះ​ទៅកាន់​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ​ផងដែរ​។

លោកស្រី​និយាយថា​៖ «​ការធ្លាក់ចុះ​ចំនួន​ឆ្លង​ថ្មី​ (​កូវីដ​ ១៩) និង​អត្រា​ចាក់វ៉ាក់សាំង​ខ្ពស់​នៅ​កម្ពុជា គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍​។ កំណើន​អ្នកដើរ​កម្សាន្ត​ក្នុង​ស្រុក​បាន​បង្ហាញ​ពី​ទំនុកចិត្ត និង​ការធានា​បាន​ផ្នែក​សុវត្ថិភាព​ផ្នែក​សន្តិសុខ និង​ការឆ្លង​ជំងឺ​កូវីដ​ ១៩​ផងដែរ​»​។

កាលពី​ឆ្នាំ​ ២០២០ ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​ទូទាំងប្រទេស​មាន​ចំនួន​ជាង ៩,០៤ ​លាន​នាក់​ក្នុង​នោះ​ភ្ញៀវទេសចរ​ជាតិ​មាន ៧,២៣ ​លាន​នាក់ ថយចុះ ៣៦,១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ចំណែក​ភ្ញៀវទេសចរ​បរទេស​មាន​ ១,៨១ ​លាន​នាក់​ថយចុះ ៧៨,៣ ​ភាគរយ​។ នេះ​បើតាម​ក្រសួង​ទេសចរណ៍​៕ LA