ភ្នំពេញៈ កម្ពុជា​ទទួលបាន​ប្រាក់​ប្រមាណ​ជាង ៣,៣៧ ​ពាន់​លាន​ដុល្លារ​ពី​ការនាំ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ​ក្នុង​រយៈពេល ៩ ​ខែ​ឆ្នាំ​ ២០២១ កើន​ជាង ៥០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែល​ភាគច្រើន​បាន​ពី​ចំណែក​ទីផ្សារ​នៅ​អាមេរិក និង​សហគមន៍​អឺរ៉ុប​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​កិច្ចប្រជុំ​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា កាលពី​សប្តាហ៍​មុន បង្ហាញ​ថា ចាប់ពី​ខែ​មករា-ខែកញ្ញា ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ​ក្នុង​តម្លៃ​សរុប ៣ ៣៧៩,៤ ​លាន​ដុល្លារ កើនឡើង ១ ១៤០ ​លាន​ដុល្លារ ឬ​ស្មើនឹង​ ៥០,៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​អះអាងថា​៖ «​តួលេខ​កំណើន​នៃ​ការនាំចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ បាន​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការធ្វើ​ពិពិធកម្ម​មូលដ្ឋាន​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា និង​ការវិលត្រឡប់​មករក​ភាព​ល្អ​ប្រសើរ​នៃ​ទីផ្សារ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​»​។

យោងតាម​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ផលិតផល​មិនមែន​កាត់ដេរ រួមមាន កង់ គ្រឿង​បំណែក​អេឡិចត្រូនិក បង្គុំ​ខ្សែភ្លើង និង​គ្រឿងបន្លាស់​រថយន្ត អំពូល​លម្អ ផលិតផល​ឈើ​ប្រណីត ផលិតផល​ប្លាស្ទិក ស្បែក​សត្វ​កែច្នៃ និង​ផលិតផល​ផ្សេងៗ​ទៀត​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ១៨ ខែតុលា ថា ទោះបី​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ លើ​ពិភពលោក​មិនទាន់​ថមថយ ក៏​សកម្មភាព​នៃ​ការផលិត និង​នាំចេញ​របស់​កម្ពុជា​នៅតែ​ល្អប្រសើរ​។ ភាពល្អ​ប្រសើរ​នេះ គឺ​ដោយសារ​មាន​កត្តា​មួយចំនួន​ដូចជា ស្ថិរភាព​នយោបាយ​, ច្បាប់​វិនិយោគ​មាន​លក្ខណៈ​អំណោយផល​, មាន​ទំនាក់ទំនង​ល្អ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ធំៗ​, ទីតាំង​ភូមិសាស្ត្រ​មាន​ភាពអំណោយផល​, និង​សម្បូរបែប​កម្លាំង​ពលកម្ម​ជំនាញ ជាដើម​។

លោក​ប្រាប់ទៀត​ថា​៖ «​កំណើន​ការនាំចេញ​ផលិតផល​មិនមែន​កាត់ដេរ បញ្ជាក់​ពី​ភាពរឹងមាំ​នៃ​វិស័យ​ផលិតកម្ម និង​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​។ កំណើន​នេះ​មាន​ទំហំ​កាន់តែ​ធំ​នៅពេលដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​ប្រទេស​នានា​ចូល​ជា​ធរមាន ពិសេស​ទីផ្សារ​ចិន​»​។

លោក​លើកឡើងថា ការអនុម័ត​ឱ្យ​ប្រើប្រាស់​ច្បាប់​វិនិយោគ​ថ្មី ព្រម​នឹង​ការកែសម្រួល​នីតិវិធី​ស្មុគស្មាញ​ដែលមាន​កន្លងមក និង​ការសម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សេរី​ជា​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី​នឹង​ក្លាយជា​មេដែក​ថ្មី​បន្ថែមទៀត ក្នុង​ការស្រូប​ទាញ​វិនិយោគិន​កាន់តែ​ច្រើន​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​។

រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ១៦ ខែតុលា​ បានចេញ​សេចក្តី​ជូនដំណឹង​មួយ​ដែល​នឹង​អនុញ្ញាតឱ្យ​អ្នកវិនិយោគ និង​អ្នកជំនាញ​ដែល​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​គ្រប់ដូស ចូលមក​កម្ពុជា ដោយ​ធ្វើ​ចត្តាឡីស័ក​ត្រឹម​រយៈពេល ៣ ​ថ្ងៃ ចំណែក​ជនជាតិខ្មែរ និង​បរទេស​ទូទៅ ត្រូវ​ធ្វើ​ចត្តាឡីស័ក ៧ ​ថ្ងៃ​។

ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០២១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​សរុប ១៣៤ ​ដែលមាន​ទុនវិនិយោគ​សរុប ៣,៣ ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​នោះ​ការវិនិយោគ​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មាន ១០១ ​គម្រោង ក្រោម​ទុនវិនិយោគ ១,៤ ​ពាន់​លាន​ដុល្លារ និង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ៣៣ ​គម្រោង ស្មើនឹង​ទឹកប្រាក់ ១,៩ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម CDC​។

CDC បានឱ្យដឹង​ទៀតថា គម្រោង​ភាគច្រើន​គឺ​ផ្តោតលើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​។

ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​ក្នុង​ទឹកប្រាក់ ១៧ ២១៥,៣៧ លាន​ដុល្លារ កើនឡើង ១៦,៧២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន ១៤ ៧៤៨,៧៤ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​៕ LA