ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ​បានអនុម័ត​ប្រាក់កម្ចី​ផ្តោតលើ​គោលនយោបាយ​ចំនួន ៤០ ​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការពង្រីក​លទ្ធភាព​ទទួលបាន​ឥណទាន​ក្នុងចំណោម​សហគ្រាស​ធុន​តូច និង​មធ្យម​ (MSMEs) និង​អនុវត្ត​កំណែទម្រង់​ដើម្បី​ជំរុញ​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ហិរញ្ញវត្ថុ​ចំពេល​វិបត្តិ​សុខភាព​។

នេះ​ជា​កម្មវិធី​រង​ទី​ ៣ ​នៃ​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិយាប័ន្ន បន្ទាប់ពី​កម្មវិធី​រង​ចំនួន ២ (​អនុវត្ត​ពី​ឆ្នាំ​ ២០១៦ ​ដល់​ឆ្នាំ​ ២០១៩) ដើម្បី​ជួយ​កម្ពុជា​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព និង​ស្ថិរភាព​តាមរយៈ​ការជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​។

លោកស្រី Benita Ainabe អ្នកឯកទេស​ផ្នែក​ហិរញ្ញវត្ថុ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) បានឱ្យដឹងថា​ស្ថិតក្រោម​កម្មវិធីរង​នេះ រដ្ឋាភិបាល​បានអនុម័ត​ច្បាប់​សំខាន់ៗ​ដែល​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ជាតិ និង​បាន​ផ្តួចផ្តើម​គំនិត​ជាច្រើន ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ រួមទាំង​គម្រោង​ធានា​ឥណទាន​សាធារណៈ​សម្រាប់​សហគ្រាស​ធុនតូច និង​មធ្យម​ដំបូង​គេ​នៅ​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​កម្ពុជា​បាន​បោះជំហាន​យ៉ាងសំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ធ្វើឱ្យ​ការគ្រប់គ្រង​វិបត្តិ​មាន​ភាពប្រសើរ​ឡើង​ក្នុងពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​ ១៩»​។

យោងតាម ADB នៅ​កម្ពុជា​លទ្ធភាព​ទទួលបាន​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​នៅមានកម្រិត ហើយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ទាប​។ មានតែ ២១,៧ ​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ពេញវ័យ​របស់​ប្រទេស​ប៉ុណ្ណោះ ​ដែល​មាន​គណនី​ធនាគារ ហើយ MSMEs ប្រឈម​ការលំបាក​ដើម្បី​ទទួលបាន​ហិរញ្ញប្បទាន និង​ធានារ៉ាប់រង​ខ្នាតតូច​។

អាជីវកម្ម​ជារឿយៗ​ត្រូវ​បាន​រារាំង​ដោយ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​រយៈពេល​វែង​ដោយសារ​កង្វះ​វត្ថុ​បញ្ចាំ ការមិន​ទាន់​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ដូចជា ការធានា និង​អនក្ខរភាព​ហិរញ្ញវត្ថុ​។ មានតែ​ប្រជាពលរដ្ឋ​កម្ពុជា ១៨ ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ចាត់ទុកថា​មានចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។

ADB បានឱ្យ​ដឹងថា​៖ «​កម្មវិធីរង​ថ្មី​នេះ​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​ងើបឡើង​ពី​ជំងឺ​រាតត្បាត តាមរយៈ​ការពង្រីក​លទ្ធភាព​ទទួល​បាន​ឥណទាន​។ វា​ក៏​ជួយ​ដល់​កំណែទម្រង់​ហិរញ្ញវត្ថុ​ ដើម្បី​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ រួមទាំង​ការត្រួតពិនិត្យ​ស្ថាប័ន​អន្តរ​វិស័យ​ឱ្យ​កាន់តែ​ប្រសើរ ពង្រឹង​ការគ្រប់គ្រង​ហានិភ័យ​ឥណទាន និង​គាំទ្រ​ប្រព័ន្ធ​ទូទាត់​ប្រកប​ដោយ​ភាពច្នៃប្រឌិត​។

កាលពី​ខែមេសា ឆ្នាំ​ ២០២០ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​បានដាក់​ឱ្យ​ដំណើរការ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ (SME Bank) ដែលមាន​ដើមទុន​ដំបូង​ចំនួន ១០០ ​លាន​ដុល្លារ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SME)​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានដាក់​ចេញ​នូវ​គម្រោង​ «​សហហិរញ្ញប្បទាន​ធុន​តូច​ និង​មធ្យម​» ​របស់ខ្លួន​ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​ធនាគារ SME Bank និង​ធនាគារពាណិជ្ជ​ចំនួន ២៣ ធនាគារ​ឯកទេស​ចំនួន ២ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៧ ដែល​ក្នុង​នោះ​មាន ៥ ជា​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​មីក្រូហិរញ្ញវត្ថុ​។

កាលពី​ខែសីហា ឆ្នាំ​ ២០២១ SME Bank បាន​បើក​ដំណើរការ​ «​គម្រោង​សហហិរញ្ញប្បទាន​ដំណាក់កាល​ទី​ ២» ដើម្បី​គាំទ្រ​ដល់​សកម្មភាព​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក និង​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារតែ​វិបត្តិ​កូវីដ​ ១៩​។

ធនាគារ SME Bank បាន​កត់សម្គាល់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៦ ខែសីហា​ថា ដំណាក់កាល​ទី២ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ បន្ទាប់ពី​ការទទួល​បាន​លទ្ធផល​វិជ្ជមាន​នៅ​ដំណាក់កាល​ទី​១ ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ចូលរួម​ផ្តល់នូវ​ការបន្ត​ប្រតិបត្តិការ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ត្រូវការ​ហិរញ្ញប្បទាន​ ដើម្បី​ការពារ​ការក្ស័យធន និង​ជំរុញ​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​។

គម្រោង​នេះ​មានបំណង​ផ្តល់​ប្រាក់កម្ចី​ការប្រាក់​ទាប​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​ដូចជា ឧស្សាហកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​៕ LA