ភ្នំពេញៈ អ្នកជំនាញ​សេដ្ឋកិច្ច​បាន​អះអាង​ថា ការសម្រេច​ឱ្យ​ចរាចរណ៍ និង​ប្រើប្រាស់​ក្រដាសប្រាក់​ប្រភេទ ៣០ ០០០ ​រៀល​គំរូ​ថ្មី​នៅ​ទូទាំង​ប្រទេស​នា​ថ្ងៃទី​ ១៨ ខែតុលា ឆ្នាំ​ ២០២១ ដើម្បី​អបអរ​ខួប ៣០ ​ឆ្នាំ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ខួប ៣០ ​ឆ្នាំ ​នៃ​ការយាង​និវត្តន៍​របស់​សម្តេចព្រះ​នរោត្តម សីហនុ នឹង​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឡើយ ប៉ុន្តែ​វា​នឹង​ជួយ​ជំរុញ​ឱ្យ​មាន​ការប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ប្រទេស​កាន់តែ​កើនឡើង​។

លោក គី សេរីវឌ្ឍន៍ អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៨ ខែតុលា​ថា ចំពោះ​ការបង្កើត​ឱ្យ​មាន​ក្រដាស ៣០ ០០០ ​រៀល​ប្រភេទ​ថ្មី​នេះ មិនមែន​មានន័យថា រដ្ឋាភិបាល​បោះពុម្ព​លុយ​បន្ថែម​ទេ ដោយ​ក្នុង​ន័យ​បង្កើត​ក្រដាសប្រាក់​ប្រភេទ​ថ្មី​ ដើម្បី​ប្រើប្រាស់​ក្រោយ​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ កម្ពុជា​នឹង​បើក​ឱ្យមាន​ចរន្ត​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ឡើងវិញ​។

ជាមួយ​គ្នានេះ​លោក​ក៏បាន​លើកឡើងថា បាន​ជា​រដ្ឋាភិបាល​មិន​បោះពុម្ព​ក្រដាសប្រាក់ ៤០ ០០០ ​រៀល​ឱ្យមាន​តម្លៃ​ស្មើ​ក្រដាសប្រាក់ ១០ ​ដុល្លារ​អាមេរិក គឺ​ក្នុង​បំណង​ចង់ឱ្យ​ប្រជាជន​ខ្មែរ​ប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​ច្រើន​។

លោក​ថ្លែងថា​៖ «​ការបង្កើត​ឱ្យ​មាន​ក្រដាស ៣០ ០០០ ​រៀល​នេះ គឺជា​ផលិតផល​ថ្មី ព្រោះ​អត្តចរិត​ប្រជាពលរដ្ឋ​យើង​គាត់​ត្រូវការ​ផលិតផល​ថ្មី​។ អ៊ីចឹង​នៅពេល​មាន​ក្រដាស ៣០ ០០០ ​រៀល ​ត្រូវ​បានដាក់​ឱ្យ​ប្រើប្រាស់​ម្នាក់ៗ​នឹង​យក​មក​ប្រើប្រាស់​កាន់តែច្រើន​»​។

បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ ការបង្កើត​ឱ្យ​មាន​ក្រដាសប្រាក់​ថ្មី​នេះ​ក៏​ជាការ​លើក​ទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រាក់រៀល​កាន់តែ​ច្រើន​ថែម បើទោះបី​ការផ្គត់ផ្គង់​រូបិយវត្ថុ​ច្រើន​នៅក្នុង​ទីផ្សារ​អាចធ្វើឱ្យ​ប្រាក់រៀល​ធ្លាក់​ថ្លៃ​បន្តិច ប៉ុន្តែ​វា​ក៏​ធ្វើឱ្យមាន​តម្រូវការ​សាច់ប្រាក់រៀល​កើនឡើង ដែល​អាច​ទប់​ជាមួយ​នឹង​ហាងឆេង​អត្រា​ប្តូរប្រាក់​ដុល្លារ​បានដែរ​។ ដូច្នេះ​ក្រដាសប្រាក់ ៣០ ០០០ ​រៀល​ប្រភេទ​ថ្មី​នេះ គឺជា​ឧបករណ៍​គោលនយោបាយ​រូបិយវត្ថុ​មួយ​របស់​រដ្ឋាភិបាល​ផងដែរ​។

លោក ឆេង គឹមឡុង អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បាន​ថ្លែងថា ការបោះពុម្ព​ក្រដាសប្រាក់​បន្ថែម និង​ការចេញផ្សាយ​រូបិយប័ណ្ណ​មាន​ទិដ្ឋភាព​ផ្សេង​ពីគ្នា​។ ចំពោះ​ការបោះពុម្ព​ក្រដាសប្រាក់​ប្រភេទ​ថ្មី ដោយ​មិន​បញ្ចូល​ទំហំ​ទឹកប្រាក់​បន្ថែម​ទេ គឺ​មិនមាន​អ្វី​ប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ទេ ប៉ុន្តែ​បើ​ក្នុង​រូបភាព​បោះពុម្ព​ប្រាក់​បន្ថែម​ ដើម្បី​ជះ​ចូល​ទៅក្នុង​សកម្មភាព​លំហូរ​សេដ្ឋកិច្ច​ក្នុងប្រទេស​នោះ​ទើប​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​។

លោក​បាន​បន្តថា តាម​ដែល​លោក​ ដឹង គឺ​បច្ចុប្បន្ន​រដ្ឋាភិបាល​ពុំមាន​ផែនការ​បោះពុម្ព​ក្រដាសប្រាក់​បន្ថែម​ ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​សេដ្ឋកិច្ចជាតិ​ទេ ដោយ​ពេលនេះ​រដ្ឋាភិបាល​គ្រាន់​តែ​បោះពុម្ពផ្សាយ​ក្រដាសប្រាក់​ប្រភេទ​ថ្មី ហើយ​រក្សា​លំនឹង និង​ស្ថិរភាព​នៃ​លំហូរ​សាច់ប្រាក់​ទូទៅ​ក្នុងប្រទេស​កម្ពុជា មិន​ធ្វើឱ្យប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ទេ​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​បោះពុម្ព​ក្រដាសប្រាក់​មួយ​បន្ត​ពី​ប្រភេទ​ក្រដាស​ប្រាក់រៀល​ផ្សេងទៀត​កាលពី​លើក​មុន​មាន ២០ ០០០ ​រៀល​ និង ៥០ ០០០ ​រៀល ហើយ​អាច​នឹង​មាន​ការបោះពុម្ព ៤០ ០០០ ​រៀល​ទៀត​។ ទោះជា​យ៉ាងណា ខ្ញុំ​មិនដឹង​ពី​គោលនយោបាយ​របស់​ធនាគារ​ជាតិ​នៅក្នុង​ការបោះពុម្ពផ្សាយ​ក្រដាសប្រាក់​ទេ ប៉ុន្តែ​ការបោះពុម្ព​ក្រដាសប្រាក់​ថ្មី​ក្នុងន័យនេះ គឺ​ដើម្បី​គោរព និង​រំឭក​ការចងចាំ​នូវ​បុព្វបុរស ដូច​សម្តេចព្រះ​នរោត្តម សីហនុ ជាដើម​»​។

យោងតាម​អនុក្រឹត្យ​លេខ ២០០ អនក្រ.បក ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី​ ១៨ ខែ តុលា ឆ្នាំ​ ២០២១ បាន​អនុញ្ញាត​ឱ្យ​ចេញ​ផ្សាយ ធ្វើ​ចរាចរណ៍ និង​ប្រើប្រាស់​ទូទាំង​ប្រទេស​នូវ​ធនបត្រ​អនុស្សាវរីយ៍​ប្រភេទ ៣០ ០០០ ​រៀល ទន្ទឹមនឹង​ប្រភេទ​ប្រាក់​ដែល​ត្រូវ​បានចេញ​ផ្សាយ​រួចហើយ​៕ LA

វីដេអូ៖