ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានជ្រើសរើស​យក​វិទ្យាស្ថាន​នគរូបនីយកម្ម និង​ឌីហ្សាញ​ស៊ិនជិន​ (UPDIS) ​របស់​ប្រទេស​ចិន ដើម្បី​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យ​ទៅ​ជា​ «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​» ដែល​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​ថ្មី និង​ជា​មជ្ឈមណ្ឌល​ឡូជីស្ទិក និង​រមណីយដ្ឋាន​ក្នុង​តំបន់​។

កិច្ចព្រមព្រៀង​រៀបចំ​ផែនការ​មេនេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក ផាន ផល្លា រដ្ឋលេខាធិការ និង​ជា​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាមួយ​នឹង​លោក Sima Xiao ប្រធាន UPDIS ​ក្រោម​អធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ Zoom កាលពី​ថ្ងៃទី​ ១៨ ខែតុលា​។

ផែនការ​មេនេះ​គឺជា​ផែនទី​បង្ហាញផ្លូវ​ដ៏សំខាន់​សម្រាប់​អភិវឌ្ឍ​ក្រុងព្រះសីហនុ ឱ្យទៅជា​ «​ទីក្រុង Shenzhen ទី​២» ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​ ២០១៥-២០២៥​។ ការអភិវឌ្ឍ​ផែនការ​មេនេះ​អាច​នឹងត្រូវ​ប្រើពេល​ប្រហែល​ ១៨ ​ខែ ដោយ​ចែកជា ៤ ​ដំណាក់កាល គឺ​ការប្រមូល​ទិន្នន័យ​ និង​ស្ទង់​ទីតាំង​, ការវាយតម្លៃ និង​ការស្នើសុំ​, ការរៀបចំ​ផែនការមេ​, និង​ការបញ្ចប់​គម្រោង​ផែនការមេ​។

លោក Sima Xiao ប្រធាន វិទ្យាស្ថាន UPDIS បានឱ្យដឹងថា ជាមួយនឹង​បទពិសោធ​ ៣១ ​ឆ្នាំ និង​ការសាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស Shenzhen ក្រុមការងារ UPDIS នឹង​ចែករំលែក​បទពិសោធ​ការអភិវឌ្ឍ​ការធ្វើ​ផែនការ និង​ការកសាង​តំបន់​សេដ្ឋកិច្ច​ពិសេស Shenzhen ជាមួយ​កម្ពុជា​។

លោក​និយាយថា​៖ «​យើង​ជឿថា ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ យើង​នឹង​អាច​បញ្ចប់​ផែនការមេ​ប្រកបដោយ​គុណភាព​ខ្ពស់ ដែល​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ក្រុងព្រះសីហនុ​ឱ្យទៅជា​ច្រកចេញ​ចូល​មជ្ឈមណ្ឌល​សេដ្ឋកិច្ចជាតិ និង​ជា​ទីក្រុង​ឆ្លាតវៃ​ប្រកបដោយ​និរន្តរភាព និង​គួរឱ្យ​ចង់​រស់នៅ​»​។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​បានកំណត់​ចក្ខុវិស័យ​ក្នុង​ការប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង និង​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​ទាក់ទាញ និង​ស្រូបយក​ការវិនិយោគ​ពី​បរទេស​ដែល​អាច​ក្លាយទៅជា​ «​ក្បាលម៉ាស៊ីន​ស្នូល​» ​ថ្មី​មួយ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿ​លើ UPDIS ដែលមាន​បទពិសោធ​ជាង ៣០ ​ឆ្នាំ និង​បានបញ្ចប់​គម្រោង​ប្រមាណ ៥ ៨០០ នៅ​ជុំវិញ​ពិភពលោក ពិសេស​ជា​ស្ថាប័ន​ឈានមុខ​គេ​ក្នុង​ការរៀបចំ​ផែនការមេ​របស់​ទីក្រុង​ Shenzhen ដែល​នឹង​ប្រើប្រាស់​បទពិសោធ​នេះ​ ដើម្បី​រៀបចំ​ផែនការមេ​ប្រកប​ដោយ​គុណភាព​ខ្ពស់​ ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​មួយ ដោយ​មាន​ការបង្ហាញ​ពី​ចក្ខុវិស័យ និង​ទិសដៅ​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​កម្ពុជា​»​។

ទស្សនទាន​សម្រាប់​រៀបចំ​ផែនការមេ​ ដើម្បី​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​» ត្រូវបាន​អនុម័ត​ដោយ​លោកនាយក​រដ្ឋមន្ត្រី កាលពី​ឆ្នាំ​ ២០១៩​។

យោងតាម​ទិន្នន័យ​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ចាប់ពី​ឆ្នាំ​ ១៩៩៤ មកដល់​ពាក់កណ្តាល​ឆ្នាំ​ ២០២០ ខេត្ត​ព្រះសីហនុ​បាន​ទាក់ទាញ​ការវិនិយោគ​ជិត ៤ ​ពាន់​លាន​ដុល្លារ​។ គិត​ត្រឹម​ខែឧសភា ឆ្នាំ​ ២០២០ ក្រុមហ៊ុន​ចំនួន ២០ បាន​អភិវឌ្ឍ​ឆ្នេរ និង​កោះ​ជាមួយ​នឹង​ការវិនិយោគ​ដើមទុន​សរុប​ចំនួន ៣,៩ ​ពាន់​លាន​ដុល្លារ​។

ពី​ឆ្នាំ​ ២០០៧ ដល់​ខែកក្កដា ឆ្នាំ​ ២០២០ គម្រោង​វិនិយោគ​ ៨១៩ ត្រូវបាន​អនុម័ត​នៅក្នុង​ខេត្ត​ក្នុង​នោះ​គម្រោង ២១៨ មាន​កម្ពស់​ចាប់ពី ៥ ទៅ​ ៤២ ជាន់​។ កាលពី​ឆ្នាំ​ ២០១៩ ខេត្ត​ទទួលបាន​ទេសចរ​ប្រមាណ ២ លាន​នាក់​៕ LA