ធនាគារ ABA ជា​ធនាគារ​ឈាន​មុខ​ផ្នែក​សេវា​ធនាគារ​ឌីជីថល នៅ​កម្ពុជា​និង​ផ្សារ​ទំនើប AEON MALL CAMBODIA ជា​ក្រុមហ៊ុន​ឯកទេស​អភិវឌ្ឍ និង​ប្រតិបត្តិការ​ផ្សារ​ទំនើប​ដែល​កំពុង​គ្រប់គ្រង​លើ AEON MALL Phnom Penh និង AEON MALL Sen Sok City នៅ​ថ្ងៃទី​19 ខែ តុលា ឆ្នាំ 2021 បាន​ចុះ​ហត្ថលេខា​លើ​ការ​ទទួល​ការ​ទូទាត់​ប្រាក់​បែប​អេឡិកត្រូនិក ដើម្បី​ផ្ដល់​ភាព​ងាយស្រួល និង​សុវត្ថិភាព​ដល់​អតិថិជន AEON MALL។

ក្រោម​ភាព​ជា​ដៃគូ​នេះ អតិថិជន ABA នឹង​ពុំ​ចាំ​បាច់​ពិបាក​ក្នុង​ការ​កាន់​ក្រដាស​ប្រាក់​ដើម្បី​ទូទាត់​ទៀត​ឡើយ ដោយ​គ្រាន់​តែ​ស្គែន ABA PAY QR នៅ​បញ្ជរ​បង់​ប្រាក់​តាម​រយៈ ABA Mobile។ លោក​អ្នក​អាច​ស្គែន QR ដើម្បី​ទូទាត់​បាន​ជាង 200 ហាង និង​ផ្សារ​ទំនើប​ទាំង​ពីរ​សាខា​របស់ AEON MALL ។​ ABA QR នេះ​មាន​នៅ​លើ​ម៉ាស៊ីន​ទូទាត់ POS និង QR ជើង​បញ្ឈរ (Static Stand) ដែល​នាំ​មក​នូវ​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព​ដល់​ការ​ទូទាត់​ប្រាក់។

បន្ថែម​លើ​នេះ​ទៀត ធនាគារ ABA ក៏​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្រ្ដ​របស់ AEON MALL Sen Sok City ក្នុង​ការ​ផ្ដល់​ជូន​នូវ​ឧបករណ៍​ប្រមូល​សាច់​ប្រាក់​ដែល​ទំនើប និង​សុវត្ថិភាព​តាម​រយៈ​ម៉ាស៊ីន​ស្វ័យ​សេវា និង​បញ្ជរ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ AEON MALL នឹង​ប្រើប្រាស់​សេវា​ធនាគារ​អនឡាញ ABA សម្រាប់​អាជីវកម្ម ធ្វើ​ជា​ឧបករណ៍​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​ពេញ​លេញ។

លោក MadiAkmambet អភិបាល​ប្រតិបត្តិ​នៃ​ធនាគារ ABA មាន​ប្រសាសន៍​ថា៖ «យើង​មាន​សេចក្ដី​រីករាយ​ក្នុង​ការ​ប្រកាស​ជា​ផ្លូវ​ការ​ពី​ភាព​ជា​ដៃគូ​លើ​ការ​ទូទាត់​ប្រាក់​បែប​អេឡិកត្រូនិក និង​សេវា​ប្រមូល​សាច់​ប្រាក់។ យើង​ខ្ញុំ​ជឿ​ជាក់​ថា ដំណោះ​ស្រាយ​ដ៏​ទំនើប និង​ងាយ​ស្រួល​របស់ ABA នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពាណិជ្ជករ ក៏​ដូចជា អតិថិជន​របស់ AEON MALL រាប់​លាន​នាក់។ នេះ​គឺជា​ការ​បន្ដ​ការ​រួម​ចំណែក​របស់​ធនាគារ ABA ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​បន្ថែម​លើ​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ឌីជីថល​ប្រកប​ដោយ​បរិយាបន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

លោក Tsuboya Masayuki អគ្គនាយក​ក្រុមហ៊ុន AEON MALL បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នេះ​ថា៖ «ជាបឋម​យើងខ្ញុំ សូម​សម្ដែង​នូវ​ការ​ពេញចិត្ត​ និង​កោត​សរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ និង​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ ABA។ យើង​ខ្ញុំ​ជឿ​ជាក់​ថា អតិថិជន​របស់​យើង​នឹង​រីករាយ​ជាមួយ​នឹង​ការ​សហការ​លើ​ការ​ទូទាត់​ប្រាក់​បែប​អេឡិកត្រូនិក​នៅ​ក្នុង​ផ្សារ​ទំនើប​របស់​យើង។ ជាចុង​បញ្ចប់ AEON MALL មាន​បំណង​ផ្ដល់​នូវ​បរិយាកាស​រស់នៅ​បែប​កម្សាន្ដ​ជូន​អតិថិជន​ដូច​នឹង​បេសកកម្ម​របស់​យើង «បំពេញ​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា​ជាមួយ​នឹង​លទ្ធភាព​ថ្មី»។

ធនាគារ​ ABA និង​ផ្សារ​ទំនើប អ៊ីអនម៉ល គឺជា​ស្លាក​សញ្ញា​ល្បី​ឈ្មោះ​មួយ​ក្នុង​ប្រទេស​កម្ពុជា​នៅ​លើ​វិស័យ​ទីផ្សារ​របស់​ខ្លួន។ ដោយសារ​វឌ្ឍនភាព​ឌីជីថល និង​វត្តមាន​ធនាគារ​ឌីជីថល​ដែល​អាច​ប្រើប្រាស់​បាន ធនាគារ ABAត្រូវ​បាន​ទទួល​ស្គាល់​ទាំង​ជាតិ​និង​អន្តរជាតិ​ថា ជា​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​ឈាន​មុខ​គេ​នៅ​កម្ពុជា។ ដូចគ្នានេះដែរ ផ្សារ​ទំនើប​អ៊ីអនម៉ល បាន​ក្លាយ​ជា​ស្លាក​សញ្ញា​ល្បី​ឈ្មោះ​សម្រាប់​ការ​ផ្ដល់​នូវ​បទ​ពិសោធន​ទិញ​អីវ៉ាន់​ដែល​ផ្ដោត​លើ​ទំនិញ​មាន​គុណភាព​ខ្ពស់ និង​សេវាកម្ម​ល្អ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ 2014។

សម្រាប់​ព័ត៌មាន​បន្ថែម​របស់ ABA និង AEON MALL សូម​ទំនាក់ទំនង​មក​កាន់ 023 988 100 សម្រាប់ AEON MALL ឬ 023 225 333 សម្រាប់ ABA។

អំពីធនាគារ ABA

ធនាគារ​ ABA​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈាន​មុខ​មួយ​របស់​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​1996។ ជាមួយ​សាខា 79, ម៉ាស៊ីន ATM 379, ម៉ាស៊ីន​ទូទាត់ POS ចំនួន 2498, ម៉ាស៊ីន​ស្វ័យ​សេវា 344 ទូទាំង​ប្រទេស និង​សេវា​ធនាគារ​អនឡាញ​ឈាន​មុខ ធនាគារ ABA ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ដ៏​ទំនើប​ជាច្រើន​ជូន​អតិថិជន​របស់​ខ្លួនជាង 1.7 លាន​នាក់ ក្នុង​ផ្នែក​ផ្សេងៗ​ជាច្រើន ដូចជា រូបវន្ត​បុគ្គល, អាជីវកម្ម​ខ្នាត​តូច, និង​សហគ្រាស​ធុនតូច និង​មធ្យម។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វិបសាយ៖ www.ababank.com។

ធនាគារ ABA គឺ​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារ​ជាតិ​កាណាដា ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មាន​ទ្រព្យ​សកម្ម​ជាង 283 ប៊ីលាន​ដុល្លារ គិត​ត្រឹម​ថ្ងៃ​ទី 31 ខែ​កក្កដា 2021។ ដោយ​មាន​ស្នាក់​ការ​កណ្តាល​ស្ថិត​នៅ​ទីក្រុង​ម៉ុងរ៉េអាល់ ធនាគារជាតិ​កាណាដា​បាន​ពង្រីក​សាខា​នៅ​ស្ទើរតែ​គ្រប់​ខេត្ត​ នៃ​ប្រទេស​ជាមួយ​នឹង​អតិថិជន​ក្នុង​ដៃ​ 2.7​ លាន​នាក់​។​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​លំដាប់​ទី​ 6​ ក្នុង​ប្រទេស​កាណាដា​ និង​នាំមុខ​គេ​នៅ​ កេប៊ិច ធនាគារជាតិ​កាណាដា ជា​ជម្រើស​នៃ​បណ្ដា​សហគ្រាស​ធុនតុច​ និង​មធ្យម​នានា​នៅ​ទីនោះ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​វិបសាយ៖ www.nbc.ca។

អំពី AEON MALL

អ៊ីអនម៉ល គឺជា​ក្រុមហ៊ុន​មួយ នៃ​អ៊ីអន​គ្រុប​ជប៉ុន ដែល​កំពុង​ប្រតិបត្ដិការ​នៅ​ប្រទេស​កម្ពុជា មាន​ឯកទេស​ផ្នែក​អភិវឌ្ឍន៍ និង ប្រតិបត្តិការ​ផ្សារ​ទំនើប ។ ដោយ​មាន​ផ្សារ​ទំនើប​ទី 3 គ្រោង​នឹង​បើក​ដំណើរ​ការ នា​ចុង​ឆ្នាំ 2022 រួម​នឹង​ការ​ពង្រីក​ទំហំ​ផ្សារ​ទំនើប​ទី 1 ធ្វើ​ឱ្យ​ផ្សារ​ទំនើប​ អ៊ីអនម៉ល នឹង​ក្លាយ​ជា​ផ្សារ​ទំនើប​ធំ​ជាង​គេ​បង្អស់ ដែល​មាន​ផ្ទៃ​ហាង​សរុប លំដាប់​កំពូល​ទាំង 3 នៅ​ប្រទេស​កម្ពុជា ហើយ​អាច​បំពេញ​តម្រូវ​ការ និង​ជួយ​សម្រួល កម្រិត​ជីវភាព​ប្រចាំ​ថ្ងៃ របស់​អតិថិជន ជាមួយ​នឹង​បេសកកម្ម​ចំបង​គឺ​«បំពេញ​ជីវភាព​ប្រចាំ​ថ្ងៃ នៅ​កម្ពុជា ជាមួយ​នឹង​លទ្ធភាព​ថ្មី»។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ www.aeonmallcambodia.com.

អ៊ីអនគ្រុប គឺជា​ក្រុមហ៊ុន​មេ​របស់​អ៊ីអនម៉ល ហើយ​ជា​សាជីវកម្ម​ពាណិជ្ជកម្ម​លក់​រាយ​ធំ​បំផុត​មួយ នៅ​លើ​ពិភព​លោក​ដែល​មាន​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​គ្នា​ចំនួន 179 នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ជប៉ុន។ អ៊ីអនគ្រុប​ មាន​អាជីវកម្ម​ធំៗ ចំនួន 10 នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​តុល្យភាព​ក្រោម​រចនា​សម្ព័ន្ធ​ក្រុមហ៊ុន​មេ​សុទ្ធ​សាធ។ ក្រៅ​ពី​សកម្មភាព​អាជីវកម្ម អ៊ីអនគ្រុប ចូល​រួម​ក្នុង​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន ក្នុង​គោល​បំណង​លើក​កម្ពស់​សកម្មភាព​សង្គម​ក្នុង​តំបន់។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ www.aeonmall.com.

ទំនាក់ទំនង

ធនាគារ ABA

Chiva Chan

អ្នកគ្រប់គ្រងទំនាក់ទំនងសាធារណៈ

ទូរស័ព្ទ៖ +855 98 630 281

អ៊ីមែល៖ chan.chiva@ababank.com

ផ្សារទំនើប AEON MALL

Tola Thun

អនុប្រធានផ្នែកផែនការសាជីវកម្ម

ទូរស័ព្ទ៖ +855 10 511 312

អ៊ីមែល៖tolat@aeonmll-kh.com