ភ្នំពេញៈ ការនាំចេញ និង​នាំចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​ (SSEZ) ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០២១ មានតម្លៃ​ ១,៥ ​ពាន់​លាន​ដុល្លារ​កើន​ជាង ៤០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ SSEZ​។

ទិន្នន័យ​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ សហគ្រាស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នាំចេញ និង​នាំចូល ផលិតផល​ទាំងអស់​សរុប​ជា​ប្រាក់​ចំនួន ១,៥៧ ពាន់​លាន​ដុល្លារ កើនឡើង ៤០,៩៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១,១១៤ ​ពាន់​លាន​ដុល្លារ​។

យោងតាម SSEZ សមិទ្ធផល​ទាំងនេះ គឺ​មិនអាច​កាត់ផ្តាច់​ចេញពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ដ៏​មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​កម្ពុជា និង​ការខំប្រឹងប្រែង​របស់​សហគ្រាស និង​បុគ្គលិក​កម្មករ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​នោះទេ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​បណ្ឌិត្យសភា​កម្ពុជា​) ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ១៩ ខែតុលា​ថា បើទោះបី​ជំងឺ​កូវីដ​ ១៩ ធ្វើឱ្យប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម និង​ការបញ្ជាទិញ​នៅ​ទូទាំង​ពិភពលោក ក៏​សកម្មភាព​នៃ​ការផលិត កែច្នៃ និង​នាំចេញ នាំចូល​នៅ SSEZ មិនបាន​ធ្លាក់ចុះ​នោះឡើយ​។

កំណើន​ជា​បន្តបន្ទាប់​នៃ​សកម្មភាព​ផលិត និង​នាំចេញ​របស់ SSEZ បញ្ជាក់ថា សកម្មភាព​វិនិយោគ​នៅ​ទីនោះ​មិនបាន​ថមថយ​ឡើយ​។ លោក​បន្តថា ភាព​វិជ្ជមាន​នៃ​ទំហំ​ទឹកប្រាក់​នាំចេញ-នាំចូល​នេះ​ក៏​មកពី​សហគ្រាស និង​រោងចក្រ​ទាំងអស់​នៅក្នុង SSEZ យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ផងដែរ​។

លោក​បន្ថែមថា កំណើន​ទឹកប្រាក់​នាំចេញ-នាំចូល​នេះ ក៏​ទទួល​ឥទ្ធិពល​ពី​ទីតាំង​របស់ SSEZ ដែល​នៅ​ជិត​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជា​ច្រក​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​សមុទ្រ​ធំជាងគេ​របស់​កម្ពុជា​។

លោក​អះអាង​ថា​៖ «​តាមរយៈ​តួលេខ​កើន​ជា​បន្តបន្ទាប់​នៅក្នុង​អំឡុងពេល​ដ៏លំបាក​នេះ ខ្ញុំ​គិតថា ទំហំ​ទឹកប្រាក់​នាំចេញ-នាំចូល នៅ SSEz នឹងមាន​សម្ទុះ​ខ្លាំង​បន្ថែមទៀត​នៅពេល​ខាងមុខ ខណៈពេល​រដ្ឋាភិបាល​បាននិងកំពុង​ដាក់ចេញ​គោលនយោបាយ​ជា​បន្តបន្ទាប់​ ដើម្បី​ស្រូវ​ទាញ​វិនិយោគិន​កាន់តែ​ច្រើន​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ពិសេស​ពេល​ស្ថានភាព​កូវីដ​ ១៩ ធូរស្រាល​»​។

ខេត្ត​ព្រះសីហនុ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​កំណត់​ធ្វើជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​របស់​ប្រទេស​កម្ពុជា ព្រោះ​ជា​តំបន់​ដែល​មាន​ឧត្តមភាព​ខ្ពស់​សម្រាប់​ការអភិវឌ្ឍ ដោយសារ​ខេត្ត​នេះ​មាន​ភូមិសាស្ត្រ​នៅជាប់​នឹង​សមុទ្រ​, មាន​កំពង់ផែ​ទឹក​ជ្រៅ​, អាកាសយានដ្ឋាន និង​តំបន់ឆ្នេរ​។ នេះ​បើតាម​លោក ហុង វណ្ណៈ​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ១៨ ខែតុលា ឆ្នាំ​ ២០២១ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​សេវាកម្ម​រៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​នៅ​កម្ពុជា​។

ផែនការ​មេនេះ​ក៏​នឹង​ក្លាយជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​សម្របសម្រួល​ការអនុវត្ត​រាល់​សកម្មភាព​រវាង​ភាគី​ពាក់ព័ន្ធ​រួមទាំង​រដ្ឋ ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដោយ​ឈរលើ​គោលដៅ​រួម និង​ការទទួល​ខុសត្រូវ​ច្បាស់លាស់​តាមរយៈ​ការកំណត់​ទិសដៅ​សម្រាប់​ការកៀរគរ​, ទាក់ទាញ និង​ប្រមូលផ្តុំ​ប្រភព​ធនធាន សកម្មភាព​ធុរកិច្ច និង​ការវិនិយោគ​ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញថា ក្នុង​រយៈពេល ៨ ខែ​ឆ្នាំ​ ២០២១ ការនាំចេញ​ទំនិញ​របស់​កម្ពុជា (​ដក​មាស​) ​មាន​ទឹកប្រាក់​សរុប ១១ ០១០ ​លាន​ដុល្លារ កើនឡើង ២០,៤ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ និង​ការនាំចូល​ទំនិញ (​ដក​មាស​) មាន​ទឹកប្រាក់ ១៤,៦ ​ពាន់​លាន​ដុល្លារ កើនឡើង ២៦,៧ ​ភាគរយ ។

កាលពី​ឆ្នាំ​ ២០២០ សហគ្រាស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​នាំចូល និង​នាំចេញ សរុប​ជាង ១,៥៦ ​ពាន់​លាន​ដុល្លារ កើនឡើង ២៦,៥២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម SSEZ៕ LA