ភ្នំពេញៈ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​បាន​និយាយថា ការចាក់​វ៉ាក់សាំង​គឺជា​គន្លឹះ​នៃ​ការងើប​ឡើងវិញ​ពី​វិបត្តិ ខណៈ​លំហ​នៃ​ការបន្ត​ការប្រើប្រាស់​នយោបាយ​គាំទ្រ និង​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ គឺជា​កម្លាំងចលករ​ជំរុញ​ល្បឿន​នៃ​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​។

ការលើកឡើង​នេះ​ត្រូវបានធ្វើ​នៅក្នុង​កិច្ចប្រជុំតុមូល តាមរយៈ​ប្រព័ន្ធ​អនឡាញ​រវាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) និង​អាស៊ាន ដែល​មាន​ការចូលរួម​ពី​ទេសាភិបាល​ធនាគារកណ្តាល និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន កាលពី​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២១​។

លោក ជា ចាន់តូ បាន​លើកឡើង​ថា ក្នុង​វិបត្តិ​កូវីដ​ ១៩ IMF បាន​បង្កើន​វិភាជន៍​អេសដេអ៊ែ​ (SDR) ​សម្រាប់​ពង្រឹង​ជំនឿ​ចិត្ត និង​បង្កើន​លម្ហ​នៃ​ការអនុវត្ត​នយោបាយ​សេដ្ឋកិច្ច​។ លោក​ក៏បាន​ឯកភាព​លើ​ការលើកឡើង​របស់​លោកស្រី Kristalina Georgieva ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ថ្នាក់ដឹកនាំ​វិស័យ​ហិរញ្ញវត្ថុ​អាស៊ាន​ថា ការចាក់​វ៉ាក់សាំង គឺជា​គន្លឹះ​នៃ​ការងើប​ឡើងវិញ​ពី​វិបត្តិ ហើយ​លម្ហ​នៃ​ការបន្ត​ការប្រើប្រាស់​នយោបាយ​គាំទ្រ និង​ការគ្រប់គ្រង​ការឆ្លង​​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ គឺជា​ចលករ​កម្លាំង​ជំរុញ​ល្បឿន​នៃ​ការងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​។

លោក​បាន​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើនល្បឿន​នៃ​ការចាក់​វ៉ាក់សាំង ដែល​បច្ចុប្បន្ន​អត្រា​ប្រជាជន​ទទួលបាន​វ៉ាក់សាំង​មាន​ប្រមាណ​ជាង ៨០ ​ភាគរយ​នៃ​ប្រជាជន​សរុប គឺ​ខ្ពស់ជាង​កម្រិត​ដែល​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ផ្តល់​អនុសាសន៍​ដល់​ប្រទេស​ជា​សមាជិក​ថា គួរ​សម្រេច​ការចាក់​វ៉ាក់សាំង​យ៉ាងហោច​ឱ្យបាន ៤០ ​ភាគរយ​នៅត្រឹម​ចុងឆ្នាំ​ ២០២១ និង ៧០ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២ សម្រាប់​គាំទ្រ​ការងើបឡើង​នៃ​សេដ្ឋកិច្ច​»​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ ១៨ ខែតុលា បាន​លើកឡើងថា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ មកលើ​សង្គម​ និង​សេដ្ឋកិច្ច​កម្ពុជា រដ្ឋាភិបាល​បាន​បន្ត​បង្កើន​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដល់​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី​អាយុ ៦ ​ឆ្នាំ​ឡើងទៅ និង​ផ្តល់​ដូស​ជំរុញ​ដល់​ប្រជាជន​អាយុ​ចាប់ពី ១៨ ​ឆ្នាំ និង​មនុស្ស​ចាស់​។

លោក​ថ្លែងថា​៖ «​ជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​អនុវត្ត​វិធានការ​រដ្ឋបាល និង​សុខភាព ប្រកប​ដោយ​ប្រសិទ្ធភាព ជាពិសេស​យុទ្ធសាស្ត្រ ៦ ចំណុច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​សម្រាប់​បង្ការ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​ពេល​ឆាប់ៗ​នេះ​ប្រទេស​កម្ពុជា​នឹងមាន​ភាពស៊ាំ​ក្នុង​សហគមន៍ ដែលជា​មូលដ្ឋាន​ចាំបាច់​មួយ​សម្រាប់​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ពេញលេញ​ឡើងវិញ និង​សកម្មភាព​សង្គម​ប្រកប​ដោយ​និរន្តរភាព​»​។

លោក​លើកឡើង​ទៀតថា​៖ «​ជាមួយ​នឹង​ការគិតគូរ​នេះ រដ្ឋាភិបាល​ក៏​កំពុង​ជួយ​សម្រួល​ដល់​ការបើក និង​ដំណើរការ​ឡើង​វិញ​នូវ​វិស័យ​សំខាន់ៗ​មួយចំនួន​ឆ្ពោះ​ទៅ​រក​ការរស់នៅ​ជាមួយ​ជំងឺ​កូវីដ​ ១៩ ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី ក៏ដូចជា​ផែនការ​ដាក់ឱ្យ​ដំណើរការ​យុទ្ធសាស្ត្រ​ដើម្បី​ការស្តារ និង​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​សម្រាប់​ការរស់នៅ​ជាមួយ​កូវីដ​ ១៩ ក្រោម​គន្លង​ប្រក្រតី​ថ្មី​ត្រឹម​ចុងឆ្នាំ​ ២០២១ ដើម្បី​ស្តារ​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកប​ដោយ​ភាពធន់ និរន្តរភាព និង​បរិយាប័ន្ន​»​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​កើនឡើង​ប្រមាណ ២ ​ភាគរយ​នៅ​ឆ្នាំនេះ និង ៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២ ដោយ​មាន​ការគាំទ្រ​យ៉ាងច្រើន​ពី​រដ្ឋាភិបាល និង​ការស្ទុះ​ងើបឡើង​វិញ​នៃ​តម្រូវការ​ខាងក្រៅ​៕ LA