ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចុះហត្ថលេខាពេលកន្លងមកបានអនុញ្ញាតឱ្យមានការធ្វើសេរីភាវូបនីយកម្មទីផ្សារផលិតផលកសិកម្មដោយពុំជាប់របាំងពន្ធគយជាច្រើនបន្ទាត់ពន្ធ ប៉ុន្តែនេះមិនមែនមានន័យថា ប្រទេសទាំង ២ អាចនាំចេញ នាំចូលទំនិញជាផលិតផលកសិកម្មដោយមិនជាប់របាំងមិនមែនពន្ធគយផ្សេងៗទៀតនេះទេ ជាពិសេសរបាំងអនាម័យ និងភូតគាមអនាម័យ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១៨ ខែតុលា បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន នឹងអនុញ្ញាតឱ្យកម្ពុជាអាចនាំផលិតផលកសិកម្មជាច្រើនមុខចូលទីផ្សារចិនដោយមិនជាប់ពន្ធគយ ក៏ប៉ុន្តែទំនិញជាផលិតផលកសិកម្មទាំងនោះ ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវខាងស្តង់ដាអនាម័យ និងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ ដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ប្រទេសចិន។
លោកបន្តថា ដូចគ្នាដែរការនាំទំនិញជាផលិតផលកសិកម្មពីប្រទេសចិនចូលកម្ពុជា ក៏ជាកម្មវត្ថុស្ថិតក្រោមរបបគ្រប់គ្រង អនាម័យ និងភូតគាមអនាម័យ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យដែលមានជាធរមានផងដែរ។
លោកពន្យល់ថា ទាំងកម្ពុជា និងប្រទេសចិនមានសិទ្ធិរៀងៗខ្លួនដែលបានផ្តល់ដោយ WTO SPS Agreement ក្នុងការបង្ការទប់ស្កាត់ហានិភ័យចំពោះសុខភាព ឬជីវិតមនុស្ស សត្វ និងរុក្ខជាតិក្នុងដែនដីរបស់ខ្លួន ដោយធានាថា ផលិតផលកសិកម្មនាំចូលក្នុងប្រទេសខ្លួន ត្រូវតែស្របតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហារដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរៀងៗខ្លួន។
បើតាមលោក សាខុន ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មចូលទីផ្សារ ចិនចំនួន ១៧ មុខ ស្មើនឹងបរិមាណជាង ៧៣៦ ០០០ តោន ដែលផលិតផលសំខាន់ៗមានដូចជា ចេកស្រស់ អង្ករ ចំណិតដំឡូងមី ម្សៅដំឡូងមី ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្វាយស្រស់ ដូងប្រេង។ល។ ផលិតផលទាំងអស់នេះអាចនាំចេញបាន គឺដោយសារតែប្រទេសទាំងពីរបានចុះពិធីសាររួចរាល់ជាមុនហើយ។
ដើម្បីទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមា លោក វេង សាខុន បានស្នើឱ្យប្រជាកសិករ ផ្នែកឯកជន ជាអ្នកកែច្នៃ វេចខ្ចប់នាំចេញ និងផ្នែកពាក់ព័ន្ធដទៃទៀតក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ត្រូវខិតខំផលិត និងចូលរួមជាមួយរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់គ្រាន់ ដើម្បីផលិត និងកែច្នៃ វេចខ្ចប់ នាំចេញឱ្យស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាគុណភាព សុវត្ថិភាព អនាម័យ និងភូតគាមអនាម័យប្រទេសចិន ដែលជាទីផ្សារដែលមានសក្តានុពលបំផុតសម្រាប់ទំនិញកសិកម្មកម្ពុជា។
លោកថ្លែងថា៖ «កម្ពុជាត្រូវពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់ខ្លួននៅលើទីផ្សារប្រទេសចិន តាមរយៈការពង្រឹងស្តង់ដាគុណភាព សុវត្ថិភាព និងស្តង់ដាអនាម័យ ភូតគាមអនាម័យ ដើម្បីអាចទាញផលប្រយោជន៍ជាអតិបរមានៃក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងធានាឧត្តមភាពប្រកួតប្រជែងនេះក្នុងរយៈពេលវែងសម្រាប់ទាំងទីផ្សារប្រទេសចិន និងពង្រីកទីផ្សារនាំចេញទៅកាន់ទិសដៅផ្សេងៗទៀត»។
អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោក ឆេង គីមឡុង បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១៩ ខែតុលា ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន គឺកម្ពុជាមិនអាចដឹកទំនិញផលិតផលកសិកម្ម ទៅទីផ្សារចិនដោយគ្មានការត្រួតពិនិត្យឱ្យស្របតាមស្តង់ដា និងកិច្ចព្រមព្រៀងពិសេសនោះទេ ជាពិសេស គឺអនាម័យ និងភូតគាមអនាម័យ។
លោកបានពន្យល់ថា ស្តង់ដាអនាម័យ និងភូតគាមអនាម័យនេះត្រូវបានវាស់ទៅលើគុណភាពទំនិញដែលត្រូវនាំចេញ ប៉ុន្តែកន្លងមករដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធមួយចំនួនទៀតបានព្យាយាមកែសម្រួល ដើម្បីឈានដល់ការព្រមព្រៀងដើម្បីធ្វើយ៉ាងណាឱ្យភាគីចិនចាប់ផ្តើមទទួលយកនូវគុណភាព និងស្តង់ដាទំនិញពីប្រទេសកម្ពុជា តាមរយៈការពង្រឹងគុណភាពអនាម័យ និងភូតគាមអនាម័យ ។
លោកថ្លែងថា៖ «យើងត្រូវដោះស្រាយមួយជំហានម្តងៗ ឧទាហរណ៍ ដូចជា ស្រូវអង្ករ ពោត សណ្តែក និងចេកជាដើម ឱ្យស្របជាមួយចិន ព្រោះស្តង់ដារបស់ចិន គឺខុសពីស្តង់ដារបស់សហគមន៍អឺរ៉ុប។ ចំណុចខ្លះវាមានភាពដូចគ្នា ប៉ុន្តែយើងត្រូវដោះស្រាយ មិនអាចដោះស្រាយជាកញ្ចប់បានទេ ត្រូវដោះស្រាយជាមុខទំនិញ»។
លោកបន្តថា ការដោះស្រាយឱ្យស្របទៅនឹងស្តង់ដានេះត្រូវការចូលរួមពីរដ្ឋាភិបាល វិស័យឯកជនរបស់ប្រទេសទាំង ២ ផងដែរ តាមរយៈការវិនិយោគចិនមកកម្ពុជា និងចងទំនាក់ទំនងពាណិជ្ជកម្មរវាងក្រុមហ៊ុនក្នុងស្រុក និងមកពីប្រទេសចិន ដើម្បីឆ្លើយតបនឹងស្តង់ដាអនាម័យ និងភូតគាមអនាម័យដែលចិនមាន។ នៅពេលនោះការនាំទំនិញកសិកម្មទៅប្រទេសចិននឹងមានកាន់តែច្រើន។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ និយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ត្រូវបានអនុញ្ញាតឱ្យមានការនាំចេញនូវទំនិញកសិកម្មកម្ពុជាបានចំនួនច្រើនទៅកាន់ប្រទេសចិនក៏ពិតមែនប៉ុន្តែ ភាគីទាំងពីរត្រូវមានកិច្ចព្រមព្រៀងបំពេញបន្ថែមមួយទៀត ពាក់ព័ន្ធនឹងភូតគាមអនាម័យ។
លោកបន្ថែមថា បញ្ហានេះគឺជាការរារាំងដល់ការនាំចេញទំនិញកសិកម្មពីកម្ពុជាទៅកាន់ប្រទេសចិន ប្រសិនបើប្រជាកសិករ និងវិស័យឯកជននៅកម្ពុជាផលិតមិនស្របតាមស្តង់ដា ការប្រើប្រាស់ជី និងបច្ចេកទេសត្រឹមត្រូវ៕