​ភ្នំពេញៈ ធនាគារ KB Kookmin របស់​កូរ៉េខាងត្បូងបានប្រកាស​ទិញ​ភាគហ៊ុន​ដែល​នៅ​សេសសល់​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដើម្បី​ធ្វើជា​ម្ចាស់​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំជាងគេ​មួយ​នេះ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ សារព័ត៌មាន The Korea Herald នៅ​ថ្ងៃទី​នៅ​ថ្ងៃទី​ ២០ ខែតុលា​នេះ​។​

​សារព័ត៌មាន​នេះ​បន្តថា ធនាគារ KB Kookmin បាន​ទិញ​ភាគហ៊ុន ៧០ ភាគរយ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ក្នុង​ទឹកប្រាក់ ៦០៣,៤ លាន​ដុល្លារ​ ពី​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី LOLC Holdings ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ស្រីលង្កា​កាលពី​ខែមេសា ​ឆ្នាំ ២០២០ ដោយ​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​របស់​ស្ថាប័ន​នេះ​។​

​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ KB កាលពី​ខែសីហា តម្លៃ​ភាគហ៊ុន ៣០ ភាគរយ​ដែល ធនាគារ KB Kookmin គឺមាន​តម្លៃ​ប្រមាណ ៣២២​ លាន​ដុល្លារ​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​ចុងក្រោយ​របស់​ធនាគារ KB Kookmin បានធ្វើឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ បាន​ក្លាយជា​ស្ថាប័ន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​របស់​កូរ៉េ​មួយ​នេះ​។​

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​គឺជា​គ្រឹះស្ថាន​ដាក់​ប្រាក់​បញ្ញើ​លេខ ១ របស់​កម្ពុជា​ដែលមាន​ចំណែក​ទីផ្សារ ៤៤,៦ ភាគរយ​នៃ​ចំណែក​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន ១៨០ សាខា និង ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ​ប្រចាំឆ្នាំ​ចំនួន ១០៩ លាន​ដុល្លារ​កាលពី​ឆ្នាំមុន ដោយបាន​កើនឡើង ៥ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​៕​