ភ្នំពេញៈ បញ្ហាចំនួន ២ រួមមានការចុះត្រួតពិនិត្យជាញឹកញាប់នៅតាមការដ្ឋានរ៉ែពីសំណាក់អាជ្ញាធរ និងការចំណាយលើការទិញបរិក្ខារអគ្គិសនី (ត្រង់ស្វូ) សម្រាប់ភ្ជាប់បណ្តាញអគ្គិសនីចូលទៅទីតាំងអាជីវកម្មបង្កើតថ្មីរបស់ផ្នែកឯកជនក្នុងវិស័យរ៉ែ និងថាមពលរំពឹងថា រាជរដ្ឋាភិបាលនឹងជួយសម្រួល ដើម្បីបង្កើនលទ្ធភាពរួមចំណែកក្នុងការចាប់ផ្តើមពង្រីកអាជីវកម្មឡើងវិញ ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ ១៩។
បញ្ហាទាំងនេះត្រូវផ្នែកឯកជនលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារ «ញ» «ផ្នែកធនធានរ៉ែ និងថាមពល» ដែលបានរៀបចំឡើងតាមប្រព័ន្ធវីដេអូអនឡាញ (Zoom) កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១។ ក្នុងកិច្ចប្រជុំនោះមានការចូលរួមពីលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលជាសហប្រធានក្រុមការងារ «ញ» តំណាងផ្នែករដ្ឋាភិបាល និងលោក អ៊ុន យុទ្ធី សហប្រធានក្រុមការងារ «ញ» តំណាងផ្នែកឯកជនព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជា, តំណាងអគ្គិសនីកម្ពុជា, សភាពាណិជ្ជកម្មអឺរ៉ុប និង អ្នកពាក់ព័ន្ធជាច្រើនទៀត។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នាថ្ងៃទី ២០ ខែតុលាថា ក្នុងកិច្ចប្រជុំនេះមានបញ្ហាសំខាន់ៗចំនួន ២ ត្រូវបានផ្នែកឯកជនលើកឡើង ដើម្បីស្នើឱ្យប្រមុខរដ្ឋាភិបាលកម្ពុជាពិនិត្យ និងសម្រេច។ បញ្ហាទាំងនោះរួមមានការស្នើរបស់ផ្នែកឯកជន ដែលចង់ឱ្យរដ្ឋាភិបាលជួយសម្រួលទាក់ទងការចំណាយរបស់ក្រុមហ៊ុន/សហគ្រាស ទៅលើការទិញបរិក្ខារអគ្គិសនី (ត្រង់ស្វូ) សម្រាប់ភ្ជាប់ទៅទីតាំងអាជីវកម្មបង្កើតថ្មី ព្រោះអាជីវកម្មមួយចំនួន (ពិសេសអាជីវកម្មតូចៗ) ដែលមានបំណងចង់ពង្រីកអាជីវកម្មពួកគេបានខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ទំនុកបម្រុងអាជីវកម្ម ប៉ុន្តែអាជីវកម្មមិនទាន់ចាប់ផ្តើមដំណើរការផង ពួកគេត្រូវចំណាយយ៉ាងច្រើនទៅលើការទិញបរិក្ខារអគ្គិសនី (ត្រង់ស្វូ) និងការតភ្ជាប់បណ្តាញអគ្គិសនីទៅវិញ។
លោកបានបន្តថា ចំណែកបញ្ហាទី២ ផ្នែកឯកជនស្នើសុំឱ្យមានការចុះត្រួតពិនិត្យនៅតាមការដ្ឋានរ៉ែពីសំណាក់មន្ត្រីនៃក្រសួងពាក់ព័ន្ធផ្សេងៗរួមគ្នាជាមួយនឹងក្រសួងរ៉ែ តែ ១ ដងដើម្បីបង្កភាពងាយស្រួលដល់អាជីវកម្មរបស់ផ្នែកឯកជន ខណៈកន្លងមកក្រសួងស្ថាប័នបានចុះទៅពិនិត្យរៀងៗខ្លួន។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែបានប្រាប់ថា ជាគោលការណ៍មន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល តែងចុះពិនិត្យការដ្ឋានរ៉ែផ្ទាល់ក្នុងរយៈពេល ១ ត្រីមាស ១ ដងចំពោះ ១ ក្រុមហ៊ុន ប៉ុន្តែចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ ១៩ មក ការចុះទៅពិនិត្យត្រូវបានធ្វើឡើងតែ ១ ទៅ ២ ដងប៉ុណ្ណោះក្នុង ១ ឆ្នាំ។
ការចុះទៅទីតាំងនោះ គឺដើម្បីពិនិត្យទៅលើភាពអនុលោមតាមច្បាប់ស្តីពីការធ្វើអាជីវកម្មធនធានរ៉ែ និងការប្រមូលសួយសារចូលថវិកាជាតិ។ ក្រៅពីនេះ មន្ត្រីជំនាញពីក្រសួងរ៉ែនឹងធ្វើការចុះទៅតាមតម្រូវការជាក់ស្តែងដូចជា ក្រុមហ៊ុនស្នើសុំអាជ្ញាប័ណ្ណ ឬស្នើសុំពន្យារអាជ្ញាប័ណ្ណ និងដោះស្រាយបញ្ហានានាតាមការស្នើសុំរបស់ក្រុមហ៊ុន។ លោកបន្តថា សម្រាប់ការចុះទៅពិនិត្យការដ្ឋានរបស់ក្រសួងស្ថាប័នផ្សេងទៀត ក្រសួងរ៉ែ មិនមានសិទ្ធិគ្រប់គ្រងនោះទេ ហើយក្រសួងក៏ស្នើឱ្យវិស័យឯកជនធ្វើលិខិតដោយផ្ទាល់ទៅក្រសួងស្ថាប័នទាំងនោះផងដែរ៕ LA