កាលពីថ្ងៃចន្ទ តម្លៃមាសបានប្រែប្រួលក្នុងទិសដៅធ្លាក់ចុះក្នុងរង្វង់ ១ ៧៦០ ទៅ ១ ៨០០ ដុល្លារក្នុង ១ អោនស៍។ បច្ចុប្បន្ន មាសកំពុងស្ថិតនៅក្រោមសម្ពាធនៃការកើនឡើងមូលបត្ររតនាគារសហរដ្ឋអាមេរិក ដែលធ្វើឱ្យប្រាក់ដុល្លារគួរឱ្យចាប់អារម្មណ៍សម្រាប់វិនិយោគិន។ កាលពីថ្ងៃសុក្រសប្តាហ៍មុន សេតវិមានបានប្រកាសពីការដកការរឹតបន្តឹងការធ្វើដំណើរ ដោយសារជំងឺកូវីដសម្រាប់ជនបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ ចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកាតទៅ ដែលធ្វើឱ្យតម្រូវការប្រេង ឥន្ធនៈកើនឡើង ប៉ុន្តែតម្លៃមាសមានការធ្លាក់ចុះ។
គេហទំព័រ FXStreet បានរាយការណ៍កាលពីថ្ងៃអង្គារថា៖ «ការកើនឡើងនៃមូលបត្ររតនាគារសហរដ្ឋអាមេរិក ដែលត្រូវបានជំរុញដោយការកើនឡើងនូវការរំពឹងទុកនៃការទិញទ្រព្យសកម្មហិរញ្ញវត្ថុពីគោលនយោបាយចាក់បញ្ចូលសាច់ប្រាក់ ទៅក្នុងទីផ្សាររបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក ដែលធ្វើឱ្យប្រាក់ដុល្លារត្រូវបានគេចាប់អារម្មណ៍ជាងមាស។ ទិន្នផលរយៈពេល ១០ ឆ្នាំរបស់អាមេរិកគឺបានកើនឡើងពី ១.៥៥% ដល់ ១.៥៧% កាលពីថ្ងៃសុក្រ ខណៈវិនិយោគិនចាប់ផ្តើមគិតអំពីលទ្ធភាពនៃអត្រាការប្រាក់ខ្ពស់ជាងមុនសម្រាប់ឆ្នាំ ២០២២។
ចំណែកគេហទំព័រ Investing.com បានអះអាងថា តម្លៃមាសនៅតែត្រូវបានគេមើលឃើញថា ភាពទន់ខ្សោយរបស់វានៅតែបន្ដ។ តាមផ្នែកបច្ចេកទេស តម្លៃមាសកំពុងត្រូវបានជួញដូរក្នុងចន្លោះពី ១ ៧៦០ ទៅ ១ ៧៨៥ ដុល្លារ និងឈរយ៉ាងរឹងមាំលើតម្លៃ ១ ៧៦០ ដុល្លារ។ ដូច្នេះ ប្រសិនបើតម្លៃមាសធ្លាក់ចុះក្រោម ១ ៧៦០ ដុល្លារ គោលដៅបន្ទាប់សម្រាប់ មាសប្រហែល ជា ១ ៧៤៥ ដុល្លារ (ចំណុចទាបនៅថ្ងៃទី ៦ ខែតុលា) និង ១ ១៧៥ ដុល្លារ (ចំណុច ទាបនៅខែកញ្ញា)។ សម្រាប់ការវិភាគជួញដូរក្នុងសប្តាហ៍នេះ វិនិយោគិនអាចរង់ចាំការបញ្ជាក់ពី Candlestick នៅតំបន់របាចំណុចខ្ពស់ក្នុងតម្លៃ ១៧៨៥ ដុល្លារ មុនពេលធ្វើការបញ្ជាទិញដោយកំណត់មុខងារទាញយកប្រាក់ចំណេញក្នុងតម្លៃ ១ ៧៦៥ ដុល្លារ និងមុខងារការពារហានិភ័យនៅតម្លៃ ១ ៨០០ ដុល្លារ៕