ទីក្រុងកូឡាឡាំពួៈ សហរដ្ឋអាមេរិក​បាន​ហាមឃាត់​ការនាំ​ចូល​ពី​ក្រុមហ៊ុន​ផលិត​ស្រោមដៃ​ជ័រ​របស់​ម៉ាឡេស៊ី​ជុំវិញ​ការចោទប្រកាន់​ពី​ការរំលោភបំពាន​ការងារ​ ដែល ជា​ក្រុមហ៊ុន​ចុងក្រោយបង្អស់​ពី​ប្រទេស​នេះ​ ដើម្បី​ប្រឈម​នឹង​ការហាមឃាត់​បែបនេះ​។

ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​អភិវឌ្ឍន៍​លឿន​នេះ​គឺជា​ជម្រក​របស់​ពលករ​ចំណាកស្រុក​រាប់លាន​នាក់ ដែល​ធ្វើ​ការងារ​នៅក្នុង​ផលិតកម្ម​ និង​កសិកម្ម ប៉ុន្តែ​អ្នក​រិះគន់​និយាយថា​ពួកគេ​តែងតែ​ត្រូវគេ​ធ្វើបាប​។

ភ្នាក់ងារ​គយ​ និង​ការពារ​ព្រំដែន​អាមេរិក​ (CBP) នៃ​ក្រសួង​សន្តិសុខ​ជាតិ បានប្រកាស​ពី​ការហាមឃាត់​លើ​ស្រោមដៃ Supermax កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ភស្តុតាង​បង្ហាញ​អំពី​ការប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ប្រតិបត្តិការ​ផលិតកម្មរ​បស់​ក្រុមហ៊ុន​។

លោក AnnMarie R. Highsmith មន្ត្រី​ភ្នាក់ងារ CBP បាន​និយាយថា​៖ « CBP មាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​សន្និដ្ឋានថា Supermax ... និង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន​ផលិត​ស្រោមដៃ​ដោយ​រំលោភ​លើ​ច្បាប់​ពាណិជ្ជកម្ម​អាមេរិក​»​។

លោក​បន្ថែម​ថា​៖ «​ដរាបណា Supermax និង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន​អាច​បង្ហាញ​ដំណើរការ​ផលិតកម្មរ​បស់​ពួកគេ​គ្មាន​ការប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ នោះ​ទំនិញ​របស់​ពួកគេ​មិន​ត្រូវបាន​ស្វាគមន៍​នៅ​ទឹកដី​អាមេរិក​ទេ​»​។

ភ្នាក់ងារ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ការរំលោភ​កម្លាំង​ពលកម្ម​ដែល​រង​ការចោទប្រកាន់​នៅ​ក្រុមហ៊ុន​ដែល​នាំចេញ​ទៅកាន់​ប្រទេស​ ១៦០ និង​អាច​ផលិត​ស្រោមដៃ​រហូតដល់​ទៅ​ ២៤ ​លាន​ក្នុង​មួយឆ្នាំ​។

ប៉ុន្តែ លោក Andy Hall សកម្មជន​សិទ្ធជន​ចំណាកស្រុក ដែល​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន Supermax បាន​និយាយថា ការត្អូញត្អែរ​របស់​កម្មករ​មាន​ចាប់ពី​មិនអាច​ចេញពី​បរិវេណ​រោងចក្រ ដល់​ស្ថានភាព​រស់នៅ​ចង្អៀត​ និង​ការកាត់​ប្រាក់ខែ​ខុសច្បាប់​។

លោក Hall និយាយថា លោក​សង្ឃឹមថា​៖ «​សកម្មភាព​អនុវត្ត​ពាណិជ្ជកម្ម​នេះ​ប្រឆាំង​ចំពោះ​ក្រុមហ៊ុន​នឹង​នាំទៅរក​ការផ្លាស់ប្តូរ​ក្នុង​លក្ខខណ្ឌ​រស់នៅ​ និង​ការងារ​ដែល​រំលោភបំពាន​ប្រឈម​ដោយ​កម្មករ​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​ម៉ាឡេស៊ី​»​។

Supermax មិន​ឆ្លើយតប​ចំពោះ​សំណើរ​សុំឱ្យ​មាន​ការពន្យល់​នោះទេ​៕ RR