ទីក្រុងហ្ស៊ូរិកៈ ក្រុមហ៊ុន​វិស្វកម្ម​ស្វីស ABB នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​បន្ទាប​ការរំពឹងទុក​នៃ​ការលក់​របស់ខ្លួន​សម្រាប់​ឆ្នាំ​ ២០២១ ដោយសារ​កង្វះខាត​ឧបករណ៍​អេឡិចត្រូនិក​ជា​សកល​ដែល​ជះឥទ្ធិពល​លើ​អាជីវកម្ម​របស់ខ្លួន​។

ក្រុមហ៊ុន​ឈានមុខ​ក្នុង​បច្ចេកវិទ្យា​រ៉ូបូត​ដំបូង​ឡើយ បាន​ព្យាករ​ការលក់​របស់ខ្លួន​កើនឡើង​ ១០ ​ភាគរយ ពេល​សេដ្ឋកិច្ច​ងើបឡើង​ពី​ការព្រួយបារម្ភ​នៃ​ការរីករាលដាល​ជម្ងឺ​កូវីដ​ ១៩​។

ប៉ុន្តែ​ពេលនេះ​ក្រុមហ៊ុន​នេះ​រំពឹងថា​កំណើន​ប្រាក់ចំណូល​មាន​ត្រឹម​ ៨ ​ភាគរយ ដោយ​កែសម្រួល​ពី​ឥទ្ធិពល​រូបិយបណ្ណ និង​ការទិញ​ផ្តាច់​ ឬក៏​ការច្របាច់​បញ្ចូល​គ្នា​។ នេះ​បើ​យោងតាម ABB ​ដែល​បានឱ្យដឹង​នៅពេល​ខ្លួន​បង្ហាញ​លទ្ធផល​ក្នុង​ត្រីមាស​ទី​ ៣​។

ក្រុមហ៊ុន​នេះ​និយាយថា នេះ​ដោយសារ​ «​ការប្រឈម​ផ្នែក​ផ្គត់ផ្គង់​សំដៅ​ដល់​ចុងឆ្នាំ​នេះ​»​។

លោក Bjorn Rosengren នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖ «​ត្រីមាស​ទី​ ៣ ​មាន​រូបភាព​ចម្រុះ ដែលមាន​នៅ​ដៃ​ម្ខាង​ជាមួយ​តម្រូវការ​ខ្ពស់​រុញច្រាន​ដោយសារ​កំណើន​ការបញ្ជាទិញ​ខ្លាំង ខណៈ​នៅ​ម្ខាង​ទៀត ការផ្គត់ផ្គង់​តានតឹង​ខ្លាំង​ប៉ះពាល់​ប្រាក់ចំណូល​ច្រើនជាង​ការរំពឹងទុក​»​។

ក្នុង​រយៈពេល​ត្រីមាស​ទី​៣ ការបញ្ជាទិញ​ហក់​ឡើង​ ២៩ ​ភាគរយ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដល់​ចំនួន​ជិត​ ៧,៩ ​ពាន់​លាន​ដុល្លារ​ (៦,៧ ​ពាន់​លាន​អឺរ៉ូ​), ខ្ពស់ជាង​ច្រើន​ពី​ការរំពឹងទុក​របស់​អ្នកវិភាគ​។

ប៉ុន្តែ​ការលក់​បាន​កើនឡើង​ត្រឹម​ ៧ ​ភាគរយ​ដល់​ចំនួន​ទឹកប្រាក់​ ៧ ​ពាន់​លាន​ដុល្លារ ក្រោម​ការរំពឹងទុក​ទៅវិញ​។

លោក Rosengren បាន​និយាយថា​៖ «​ប្រាក់ចំណូល​ត្រូវបាន​រងគ្រោះ​ ដោយសារ​ផល​លំបាក​លើ​ការផ្គត់ផ្គង់ ដែល​ពន្យា​ការដឹកជញ្ជូន​ទៅឱ្យ​អ្នកបញ្ជា​ទិញ​»​។

លោក​និយាយ​ថា​៖ «​រឿងនេះ​ទាក់ទង​ជា​ចំបង​ទៅនឹង​ឧបករណ៍​ពាក់កណ្តាល​សម្រេច​ និង​អតុល្យភាព​ក្នុង​ការផ្គត់ផ្គង់​ជារួម​»​។

ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​បាន​រំខាន​ដល់​ការផ្គត់ផ្គង់​ពិភពលោក​ដែល​នាំឱ្យ​មាន​ការរាំងស្ទះ​ដល់​គ្រឿង​បង្គុំ​ផ្សេងៗ​ទៀត ដូចជា ឈើ ប្លាស្ទិក និង​ទីផ្សារ​ដែក​ធ្វើឱ្យ​ឧស្សាហកម្ម​ជាច្រើន​ធ្លាក់ចុះ​។

ជា​ការរំពឹងទុក ប្រាក់ចំណេញ​ថ្មី​របស់ ABB បាន​ធ្លាក់ចុះ​ ៨៦ ​ភាគរយ​ដល់​ចំនួន​ ៦៥២ ​លាន​ដុល្លារ ពេលដែល​តួលេខ​ប្រចាំ​ឆ្នាំមុន ត្រូវ​បាន​បំប៉ោង​ដោយ​ការចំណេញ​ពី​ការលក់​អាជីវកម្ម​បណ្តាញ​ថាមពល​របស់ខ្លួន​ទៅឱ្យ​ក្រុមហ៊ុន Hitachi របស់​ជប៉ុន​៕ RR