ធនាគារ កាណាឌីយ៉ា បានទទួល​ពានរង្វាន់​ « Strongest Bank in Cambodia for 2021» ៣ ​ឆ្នាំ​ជាប់ៗ​គ្នា​ពី​ស្ថាប័ន The Asian Banker នៅក្នុង​ពិធី​ប្រគល់​រង្វាន់​តាម​អនឡាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

លោក Raymond Sia នាយកប្រតិបត្តិ​ធនាគារ កាណាឌីយ៉ា បាន​មាន​ប្រសាសន៍​ថា​៖ «​ធនាគារ កាណាឌីយ៉ា ពិតជា​មាន​កិត្តិយស​ណាស់​ចំពោះ​សមិទ្ធផល​ដ៏អស្ចារ្យ​មួយ​នេះ បន្ទាប់ពី​ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន The Asian Banker ចំនួន​ ៣ ​ឆ្នាំ​ជាប់ៗ​គ្នា​»​។

«​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុងក្រោយ​នេះ ធនាគារ​បាន​វិវឌ្ឍ និង​បន្ត​ផ្លាស់ប្តូរ​ខ្លួនឯង ដោយ​ផ្តោត​ការយកចិត្ត​ទុកដាក់ និង​វិនិយោគ​បន្ថែម​ទៅលើ​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​សម្រួល​ដំណើរការ និង​កែលម្អ​បទពិសោធ​អតិថិជន និង​ធ្វើ​ពិពិធកម្ម​ផលិតផល​របស់​យើង ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់​យើង​ដែល​មកពី​ផ្នែក​ផ្សេងៗ​គ្នា​។ យើង​នឹង​បន្ត​វិនិយោគ​លើ​អតិថិជន និង​សហគមន៍​របស់​យើង​»​។

«​ពានរង្វាន់​នេះ​ក៏មាន​អត្ថន័យ​ពិសេស​ដែរ ខណៈ​ធនាគារ កាណាឌីយ៉ា​ប្រារព្ធ​ខួប​ទី​ ៣០ ​ឆ្នាំ​របស់ខ្លួន​នៅក្នុង​ឆ្នាំនេះ​។ វា​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់ និង​ក៏​ជា​មោទនភាព​មួយ​សម្រាប់​ធនាគារ​ដែរ​។ ធនាគារ កាណាឌីយ៉ា នឹង​មិនអាច​សម្រេចបាន​នូវ​សមិទ្ធផល​ទាំងនេះ​ទេ ប្រសិនបើ​គ្មាន​មូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ និង​ការណែនាំ​ដ៏ឈ្លាសវៃ​ពី​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​យើង​គឺ​អ្នកឧកញ៉ា​បណ្ឌិត ពុង ឃាវសែ​»​។

លោក​បន្តថា​៖ «​ពានរង្វាន់​នេះ​ក៏​ជា សក្ខីភាព និង​ជាការ​ទទួលស្គាល់​ផងដែរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​របស់​និយោជិត​យើង​នៅ​ទូទាំង ៦៣ ​សាខា និង​ការិយាល័យ​កណ្តាល ហើយ​ក៏​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អតិថិជន​របស់​យើង​ទាំងអស់ ដែល​បាន​គាំទ្រ​ឥតងាករេ អស់​រយៈពេល​ ៣០ ​ឆ្នាំ​កន្លង​មកនេះ​»៕