ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន មាន​ជំនឿថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ នឹង​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ជាពិសេស​នៅ​ខេត្តសៀមរាប សំដៅ​ប្រែក្លាយ​កម្ពុជា​ទៅជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និង​ចីរភាព ព្រមទាំង​ជួយ​ទ្រទ្រង់​ដល់​ការងើប​ឡើងវិញ​នៃ​កំណើន​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

ការលើកឡើង​នេះ​បាន​ធ្វើឡើង​ក្នុង​ឱកាស​នៃ​ពិធី​ប្រកាស​ជា​ផ្លូវការ​នៃ​ការដាក់​ឱ្យ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប ឆ្នាំ​ ២០២១-២០៣៥ ដែល​បាន​រៀបចំ​កាលពី​ថ្ងៃទី​ ២០ ខែតុលា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​អនឡាញ​។

លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​គណៈអធិបតី​នៃ​ពិធី​នេះ​បាន​លើកឡើងថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​ ២០២១-២០៣៥ នឹង​ក្លាយជា​យុទ្ធសាស្ត្រ​គន្លឹះ​នៃ​ការធ្វើឱ្យ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប រួមទាំង​ប្រទេស​កម្ពុជា​ទាំងមូល មាន​ភាព​ល្អ​ប្រសើរឡើង​វិញ ពិសេស​នៅក្នុង និង​ក្រោយ​វិបត្តិ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​។ ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​ ២០២១-២០៣៥ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​អនុម័ត កាលពី​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២១​។

លោក​និយាយថា​៖ «​ជាមួយ​នឹង​ការដាក់ចេញ និង​ការជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការមេ​គន្លឹះ​ទាំងនេះ​ខ្ញុំ​មានជំនឿថា នឹង​អាច​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ពិសេស​នៅ​ខេត្តសៀមរាប​ផ្ទាល់​តែម្តង ព្រមទាំង​អាច​ចាប់យក​កាលានុវត្តភាព​ពី​វិបត្តិ​នេះ ដើម្បី​ដាក់ចេញ​នូវ​ការកែទម្រង់​ស៊ីជម្រៅ​សំដៅ​ប្រែក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និង​ចីរភាព​ដែល​នឹង​ផ្តល់​ផ្លែផ្កា​ចូលរួម​ទ្រទ្រង់​ការងើប​ឡើងវិញ​នៃ​កំណើន​សេដ្ឋកិច្ច​ពី​វិបត្តិ​កូវីដ​ ១៩»​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន លើកឡើង​ថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​ ២០២១-២០៣៥ គឺជា​ផែនការ​យុទ្ធសាស្ត្រ​ដ៏សំខាន់​ក្នុង​ការធ្វើឱ្យ​សៀមរាប​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏ចម្បង និង​ទាក់ទាញ​ក្នុង​តំបន់ និង​សកលលោក​ដោយ​ឈរលើ​មូលដ្ឋាន​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ សាសនា និង​ភាព​ជា​ខ្មែរ​។

លោក ថោង ខុន បាន​លើកឡើង​ថា​៖ «​ដើម្បី​អាច​ដើរ​តាម​ទស្សនវិស័យ​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព និង​នៅក្នុង​បរិបទ​នៃ​ការប្រកួត​ប្រជែង​ទេសចរណ៍​កាន់តែខ្លាំង​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ផែនការ​មេនេះ​បាន​កំណត់​វិសាលភាព​រួម​គឺ​ការរួមបញ្ចូល​ទាំង​ទេសចរណ៍​វប្បធម៌ និង​ទេសចរណ៍​ធម្មជាតិ​សម្រាប់​ខេត្តសៀមរាប ខណៈ​បច្ចុប្បន្ន​ការទស្សនា​ប្រាសាទ​អង្គរ គឺជា​មូលហេតុ​ចម្បង​តែមួយ​របស់​ភ្ញៀវទេសចរ​ដែល​មកកាន់​ខេត្ត​សៀមរាប​»​។

លោក​បាន​បន្ថែមថា​៖ «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​ ២០២១-២០៣៥ នឹង​ប្រែក្លាយ​ខេត្តសៀមរាប​ទៅ​ជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ​ដ៏ទាក់ទាញ ប្រកប​ដោយ​គុណភាព​ផ្ដល់​នូវ​ធនធាន​ទេសចរណ៍​សម្បូរបែប​មាន​ការទទួល​ស្គាល់​ជា​លក្ខណៈ​សកល​លើ​ការអភិរក្ស និង​កិច្ចគាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ និង​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ម្ដង​ហើយ​ម្ដងទៀត ផ្សារភ្ជាប់​ជាមួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ចូលរួម​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​ឆ្លើយតប​នឹង​បម្រែបម្រួល​អាកាសធាតុ​»​។

យោងតាម លោក ថោង ខុន គោលបំណង​នៃ​យុទ្ធសាស្ត្រ​ដែល​ដាក់ចេញ​ក្នុង​ផែនការ​មេនេះ​ក៏​រួមមាន​ការធានា​បាន​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ផងដែរ រួមមាន ទេសចរណ៍​ប្រកប​ដោយ​គុណភាព​, ទេសចរណ៍​វៃឆ្លាត និង​ទេសចរណ៍​ដែល​មាន​តុល្យភាព​រវាង​ការអភិវឌ្ឍ និង​ការអភិរក្ស​ធនធាន​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​និយាយថា ផែនការ​មេនេះ​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​ខេត្ត​សៀមរាប​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ពិសេស​ពី​ការធ្លាក់ចុះ​យ៉ាងគំហុក​ដែល​បណ្តាល​មកពី​វិបត្តិ​កូវីដ​ ១៩​។

លោកស្រី​និយាយថា​៖ «​ផែនការ​មេនេះ​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​។ ផែនការ​មេនេះ​ក៏បាន​បញ្ចូល​ចំណុច​គន្លឹះ​សំខាន់ៗ​នៅក្នុង​ការធ្វើឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ធានា​បាន​នូវ​និរន្តរភាព​សម្រាប់​ទស្សនវិស័យ​យូរអង្វែង​ផងដែរ​»​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​បានឱ្យ​ដឹងថា នៅក្នុង​រយៈពេល ៧ ​ខែ​ដើមឆ្នាំ​ ២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប ១១២ ៥៤៤ ​នាក់​ធ្លាក់ចុះ ៩០,៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០៕ LA