ភ្នំពេញៈ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក សុក ចិន្តាសោភា បាន​អះអាងថា សេដ្ឋកិច្ច​នឹង​កាន់តែ​រឹងមាំ នៅពេល​ដែល​ការវិនិយោគ​អន្តរជាតិ​អាច​ចងសម្ព័ន្ធ​រួមគ្នា ស្រប​ពេលដែល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​បន្ត​រយៈពេល​វែង ខណៈ​ដែល​បដិវត្តន៍​ឌីជីថល និង​ការប្រកួតប្រជែង​ភូមិសាស្ដ្រ នយោបាយ ផ្ដល់​ផលប៉ះពាល់​អវិជ្ជមាន ដល់​ការវិនិយោគ​ផ្ទាល់​បរទេស (FDI) ជុំវិញ​ពិភពលោក​។

ថ្លែង​ក្នុង​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ​ ២០២១ ពី​រាជធានី​ភ្នំពេញ តាម​ប្រព័ន្ធ​វីដេអូ លោក សុក ចិន្តាសោភា រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឱ្យ​ដឹងថា ពិភពលោក​បាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​យ៉ាង​ស៊ីជម្រៅ​ជាច្រើន ដែល​បាន​បណ្ដាល​មកពី​ការប្រែប្រួល​ឧស្សាហកម្ម បម្រែបម្រួល​បច្ចេកវិទ្យា ការវិវត្ត​នៃ​សង្គម ការប្រកួត​ប្រជែង​ភូមិសាស្ដ្រ​នយោបាយ និង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ក្នុង​បរិបទ​នៃ​ការប្រែប្រួល​នេះ លោក​លើក​ទឹកចិត្ត​ឱ្យ​មាន​ការចងសម្ព័ន្ធភាព​រវាង​អ្នក​វិនិយោគិន​ជាតិ និង​អនុ្តរជាតិ ដោយ​ថ្លែងថា​៖ «​ការវិនិយោគ​អន្តរជាតិ​អាច​ចងសម្ព័ន្ធ​រួមគ្នា និង​ពង្រឹង​សេដ្ឋកិច្ច​ក្នុង​កាលៈទេសៈ​នៃ​បម្រែបម្រួល​ទាំងនេះ និង​ធ្វើឱ្យ​សហគមន៍​សកល​កាន់តែ​មាន​ភាពរឹងមាំ​ឡើង​។ ទោះយ៉ាងណា លំហូរ​វិនិយោគ​អន្តរជាតិ​បាន​ផ្លាស់ប្តូរ​ទម្រង់ និង​បាន​ធ្លាក់ចុះ​ដោយ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​ថយចុះ​ចំនួន​ ៣៥ ​ភាគរយ​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​ ២០២០ ដែល​ធ្វើឱ្យ​ឱកាស​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរកាល​ប្រឈម​នឹង​ហានិភ័យ​»​។

លោក​បន្តថា​៖ «​ក្នុងពេល​ជាមួយ​គ្នា​នេះ មាន​ហិរញ្ញប្បទាន​ចីរភាព​រាប់ពាន់​ពាន់​លាន​ដុល្លារ​កំពុង​រង់ចាំ​ការប្រើប្រាស់​សម្រាប់​ការស្ទុះ​ងើបឡើង​វិញ​នៃ​ការវិនិយោគ​ផ្ទាល់​បរទេស​ថ្មី ប្រសិនបើ​គោលនយោបាយ និង​វិធានការ​នានា​ត្រូវបាន​អនុវត្ត​។ យើង​មើលឃើញ​សក្ដានុពល​នេះ​ជាមួយ​នឹង​ការស្ទុះ​ងើបឡើង​វិញ​នៃ​ការបញ្ជាទិញ និង​ការច្របាច់​បញ្ចូល​គ្នា​នៅ​ទូទាំង​ពិភពលោក ដែល​គ្រាន់តែ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ មាន​ចំនួន​លើសពី​ឆ្នាំ​ ២០២០ រួចទៅហើយ​»​។

គម្រោង​វិនិយោគឯកជន​ប្រហែល ៧៥ ​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ក្នុង​រយៈពេល​ ៨ ​ខែ​ដំបូង​ឆ្នាំ​ ២០២១ ធ្លាក់ចុះ​ជិត​ ៣០​ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

របាយការណ៍​នេះ​បង្ហាញថា ស្ថានការណ៍​នៃ​ការវិនិយោគ​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា មិនមាន​ភាពល្អប្រសើរ​ទេ ដោយ​ចាប់ពី​ខែមករា​ដល់​សីហា​ឆ្នាំ​ ២០២១ មាន​គម្រោង​វិនិយោគ​ ៧៥ ​ប៉ុណ្ណោះ​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវបាន​អនុម័ត​ដោយ​ CDC ធ្លាក់ចុះ​ ៣០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ គម្រោង​ថ្មី​ទាំងនេះ បាន​បង្កើត​ការងារ ៥៧ ០០០ ​កន្លែង​ធ្លាក់ចុះ​ ៣២,៣ ​ភាគរយ និង​មាន​ទុនវិនិយោគ​សរុប​ ១,១០៦ ​ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ ៥២,៥ ​ភាគរយ​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ ក្នុងពេល​ថ្មីៗ​នេះ​ថា ការធ្លាក់ចុះ​ចំនួន​គម្រោង​វិនិយោគឯកជន​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ជាប់ទាក់ទង​នឹង​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​បាន​បង្ខំ​ឱ្យ​ប្រទេស​នីមួយៗ​រឹតបន្តឹង ឬ​បិទ​ព្រំដែន​មិនឱ្យ​មានការ​ធ្វើចរាចរណ៍​មនុស្ស​។ ក្រៅពីនេះ ប្រទេស​នីមួយៗ​ក៏បាន​កំណត់​រយៈពេល​ការធ្វើ​ចត្តាឡីស័ក​រយៈពេល​វែង ដែល​ធ្វើឱ្យ​ឱកាស​សិក្សា​ទីផ្សារ ទីតាំង​វិនិយោគ និង​នីតិវិធី​វិនិយោគ​ជាប់គាំង​។

លោក​បន្ថែមថា ទោះយ៉ាងណា​ក៏ដោយ​សម្រាប់​កម្ពុជា ដែល​ជា​ប្រទេស​មាន​អត្រា​ការចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ខ្ពស់បំផុត​នៅក្នុង​តំបន់​ត្រូវ​បាន​រំពឹងថា នឹង​អាច​បើក​សេដ្ឋកិច្ច​របស់ខ្លួន​ក្នុងពេល​ឆាប់​។ ជាមួយ​គ្នា​នេះដែរ វិនិយោគិន ឬ​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​មក​កម្ពុជា​នឹង​អាច​កាត់បន្ថយ​រយៈពេល​នៃ​ការធ្វើ​ចត្តាឡីស័ក​។

លោក​ថ្លែង​៖ «​ខ្ញុំ​ជឿជាក់ថា ផែនការ​កាត់បន្ថយ​រយៈពេល​ការធ្វើ​ចត្តាឡីស័ក និង​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​នឹង​បើកចំហ​ឱកាស​កាន់តែច្រើន​សម្រាប់​ក្រុម​វិនិយោគិន​មក​កម្ពុជា​»​។

ទោះយ៉ាងណា លោក លឹម ហេង បានឱ្យ​ដឹងថា ប្រសិនបើ​ផែនការ​បើក​សេដ្ឋកិច្ច​ក្នុង​ពេល​ឆាប់ៗ មិន​ទទួល​បាន​ជោគជ័យ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​មាន​បញ្ហា​ប្រឈម​កាន់តែខ្លាំង​។

លោក សុក ចិន្តាសោភា ថា កម្ពុជា​នឹង​ជំរុញ​វិសាលភាព​ប្រកប​ដោយ​ចីរភាព​នៅក្នុង​ច្បាប់​វិនិយោគិន​ ដើម្បី​ទាក់ទាញ​ការវិនិយោគ​កាន់តែខ្លាំង​មក​កម្ពុជា​៕ LA