ភ្នំពេញៈ ការនាំចូល​សាច់គោ​ពី​ប្រទេស​ឥណ្ឌា​អាចមាន​ដំណើរការ​ជាធម្មតា​ឡើងវិញ បន្ទាប់ពី​គណៈកម្មការ​ចំពោះ​កិច្ចទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺឆ្លង​កូវីដ ​១៩ ពាក់ព័ន្ធ​នឹង​ការនាំចូល​ទំនិញ​មាន​ហានិភ័យ​ខ្ពស់​បាន​ពិនិត្យឃើញថា ក្នុងចំណោម​ទំនិញ​សាច់​បង្កក​នាំ​ចូលមក​កម្ពុជា​កន្លង​មក លទ្ធផល​នៃ​ការធ្វើ​តេស្ត​រក​វីរុស​កូវីដ​ ១៩ គឺមាន​កម្រិត​ “​វិជ្ជមាន​” ​តិចតួច​បំផុត ហើយ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​ប្រទេស​ទាំងអស់​នោះ​ក៏​កំពុង​ធ្លាក់ចុះ​ច្រើន​ផងដែរ​។

នៅក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មការ​ចំពោះ​កិច្ចទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺឆ្លង​កូវីដ​ ១៩ ពាក់ព័ន្ធ​នឹង​ការនាំចូល​ទំនិញ​មាន​ហានិភ័យ​ខ្ពស់ ដែលមាន​ប្រភពពី​ប្រទេស​មាន​ការរីករាលដាល​ខ្លាំង​នូវ​ជំងឺឆ្លង​កូវីដ​ ១៩ ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ (Zoom) កាលពី​ថ្ងៃទី​ ២០ ខែតុលា ឆ្នាំ​ ២០២១ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​បាន​លើកឡើងថា តាម​របាយការណ៍​របស់​ក្រុមការងារ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​បង្ហាញ​ថា ក្នុងចំណោម​ទំនិញ​សាច់​បង្កក​នាំចូល​ចំនួន ១៥០ កុងតឺន័រ ដែល​ជា​មុខសញ្ញា​ធ្វើតេស្ត​រក​វីរុស​កូវីដ​ ១៩ មានតែ ៣ កុងតឺន័រ​ប៉ុណ្ណោះ​ដែល​បាន​រកឃើញ​ “​វិជ្ជមាន​” និង​ត្រូវបាន​ដុតបំផ្លាញ​ចោល​កាលពី​ចុងខែ​កក្កដា ឆ្នាំ​ ២០២១​។

លោក​បន្តថា ទន្ទឹមនេះ​ក្រុមការងារ​តាមដាន​ និង​វាយតម្លៃ​ពី​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ នៅ​ប្រទេស​សំខាន់ៗ ដែល​នាំចេញ​មុខទំនិញ​សាច់​បង្កក​មក​កម្ពុជា​ក៏​បាន​ធ្វើ​របាយការណ៍​ដោយ​បញ្ជាក់ថា អត្រា​នៃ​ការឆ្លង​នៅ​ប្រទេស​ទាំងនោះ​មាន​ការធ្លាក់ចុះ​យ៉ាងច្រើន ដែលជា​កត្តា​កាត់បន្ថយ​ហានិភ័យ​នៃ​វត្តមាន​វីរុស​កូវីដ​ ១៩ លើ​សាច់​បង្កក​នាំ​ចូលមក​កម្ពុជា​។

ជា​លទ្ធផល​អង្គ​ប្រជុំបាន​ឯកភាព និង​សម្រេច​ធ្វើសំណើ​ស្នើសុំ​ការសម្រេច​ជាគោលការណ៍​ពី​ថ្នាក់ដឹកនាំ​លើ​ចំណុច​មួយចំនួន​ដូចជា ១. ដកចេញ​ការតម្រូវឱ្យ​យក​សំណាក​សាច់​បង្កក​នាំចូល​មកពី​ប្រទេស​ឥណ្ឌា ទៅធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩, ២. រក្សា​ការតម្រូវ​ឱ្យមាន​វិញ្ញាបនបត្រ​ ឬ​លិខិត​បញ្ជាក់ថា គ្មាន​វីរុស​កូវីដ​ ១៩ លើ​សាច់​បង្កក ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ឥណ្ឌា​, ៣. បន្ត​អនុវត្ត​ត្រឹម​វិធានការ​អនាម័យ និង​វិធានការ​សុខាភិបាល​លើ​ទំនិញ​ត្រជាក់ និង​ទំនិញ​បង្កក​នាំចូល​ពី​ប្រទេសជិតខាង ដោយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​សម្បក​វេចខ្ចប់ និង​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ និង​ទី​ ៤. វិធានការ​កែសម្រួល​នេះ​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ២៥ ខែតុលា ឆ្នាំ​ ២០២១ តទៅ ។

កិច្ចប្រជុំ​ក៏បាន​សម្រេច​ទៀតថា ក្នុងករណី​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​ប្រទេស​នាំចេញ​កាន់តែ​ធូរស្រាល វិធានការ​ខាងលើនេះ​នឹង​អាច​ដកចេញ​ទាំងស្រុង​ចាប់ពី​ថ្ងៃទី​ ០១ ខែមករា ឆ្នាំ ​២០២២ តទៅ​។

ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ១ ខែឧសភា ឆ្នាំ​ ២០២១ បានសម្រេច​ផ្អាក​ការនាំចូល​សាច់គោ និង​ទំនិញ​ដែល​បង្កក​ទុក​បានយូរ​មកពី​ប្រទេស​ឥណ្ឌា​។ បម្រាម​នេះ​ធ្វើឡើង​ បន្ទាប់ពី​មាន​ការសង្ស័យ​ថា​ប្រភេទ​សាច់​បង្កក និង​ទំនិញ​បង្កក​គឺមាន​ហានិភ័យ​ក្នុងការ​ចម្លង​កូវីដ​ ១៩ ​មក​កម្ពុជា នៅ​គ្រា​ដែល​ប្រទេស​ឥណ្ឌា​កំពុង​ផ្ទុះ​រាលដាល​កូវីដ​ ១៩ ​យ៉ាងធ្ងន់ធ្ងរ​។

ទោះយ៉ាងណា លិខិត​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៩ ខែមិថុនា បានឱ្យ​ដឹងថា យោងតាម​ស្ថានភាព​ធូរស្រាល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ប្រទេស​ឥណ្ឌា និង​លទ្ធផល​អវិជ្ជមាន​នៃ​ការធ្វើ​តេស្ត​លើ​សាច់​បង្កក​កន្លងមក រាជរដ្ឋាភិបាល​សម្រេច​លើកលែង​បម្រាម​លើ​ការ​នាំចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក ដែល​អាចមាន​ហានិភ័យ​ផ្សេងទៀត​មាន​ប្រភព​មកពី​ឥណ្ឌា ដោយ​ដាក់​មក​ជំនួស​វិញ​នូវ​វិធានការ​បណ្តោះអាសន្ន​មួយចំនួន​៕

វីដេអូ៖