ក្រុមហ៊ុន មិត្តហ្វូន ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថល នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ ២០២១ ត្រូវ​បាន​ផ្ដល់​ជយ​លាភីជា Grand Globee Winner ដោយ​ស្ថាប័ន​អន្តរជាតិ Globee® Awards ដែល​ជា​ស្ថាប័ន​អន្តរជាតិ​ដ៏​ល្បី​ឈ្មោះ​មួយ​ក្នុង​ការ​ផ្ដល់​រង្វាន់​និង​ចំណាត់​ថ្នាក់​ធុរកិច្ច​ដល់​ក្រុមហ៊ុន​អាជីវកម្ម​នៅ​ទូទាំង​ពិភព​លោក។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន មិត្តហ្វូន។

លោក ហ្វុង វ៉ាន់ គឿង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ មិត្តហ្វូន បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ត្រូវ​បាន​ទទួល​ស្គាល់​ និង​ផ្ដល់​ពាន​រង្វាន់​ជយលាភី Grand Globee Winners នៅ​ក្នុង​កម្មវិធី​ប្រចាំ​ឆ្នាំ​លើក​ទី ៨ នៃ​ការ​ផ្ដល់​ពាន​រង្វាន់​ធុរកិច្ច​ឆ្នើម​អន្តរជាតិ ឆ្នាំ ២០២១។

មិត្តហ្វូន ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន ៥ ដែល​មាន​ឈ្មោះ​ជាប់​ជា​ជយលាភី Grand Globee Winners រួម​មាន ក្រុមហ៊ុន Viettel Cambodia Pte. Ltd., HALKBANK, IBM, Makers Nutrition និង Pan American Energy ។

ពាន​រង្វាន់​ទាំង​នេះ​ផ្ដោត​ទៅ​លើ​វិស័យ​បច្ចេក​វិទ្យា​ ឌីជីថល ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​សេវាកម្ម​និង​មាតិកា​ឌីជីថល​ផងដែរ។ ហើយ​ក្រុមហ៊ុន មិត្តហ្វូន ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ផ្ដល់​ជា​​ពាន​រង្វាន់​មាស​ចំនួន ៣ សម្រាប់​សេវា​និង​មាតិកា​ឌីជីថល​ ដូចជា ៖

1. CamID ៖ ឈ្នះ​ពាន​រង្វាន់​កម្មវិធី​កម្សាន្ត​នៅ​លើ​ទូរសព្ទ​ដៃ​ដែល​ល្អ​បំផុត​ប្រចាំឆ្នាំ។

2. ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ៖ ឈ្នះ​ពាន​រង្វាន់​ដំណោះ​ស្រាយ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ធុរកិច្ច​ដែល​ល្អ​បំផុត​ប្រចាំ​ឆ្នាំ។

3. វីដេអូភាគ«មាគ៌ាព្រះធម៌» ៖ ឈ្នះ​ពាន​រង្វាន់​មាតិកា​អប់រំ​និង​បណ្ដុះ​បណ្ដាល​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​។

លោក ហ្វុង វ៉ាន់ គឿង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មិត្តហ្វូន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «ពាន​រង្វាន់​ដ៏​ថ្លៃថ្លា​នេះ​បញ្ជាក់​អំពី​ភាព​ឈាន​មុខ​គេ​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន មិត្តហ្វូន នៅ​ក្នុង​បេសកកម្ម​បង្កើត​សង្គម​ឌីជីថល​មួយ​នៅ​កម្ពុជា»។

លោក​ ហ្វុង វ៉ាន់ គឿង បន្ថែម​ទៀត​ថា៖«យើង​ពិត​ជា​ដឹងគុណ​យ៉ាង​ខ្លាំង​ក្រៃលែង​ចំពោះ​អតិថិជន​ដ៏​មាន​តម្លៃ​របស់​យើង ក៏ដូចជា​និយោជិត និងដៃគូ​អាជីវកម្ម​របស់​យើង ដែលបាន​ជួយ​ឱ្យ​យើង​ទទួល​បាន​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ»។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មិត្តហ្វូន​ បាន​ឱ្យ​ដឹង​ថា សេវាកម្ម​និង​ផលិតផល​ឌីជីថល​ដែល​បាន​ទទួល​ពាន​រង្វាន់​មាស​ពីស្ថាប័ន Globee Awards រួមមាន CamID, ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) និង​វីដេអូភាគ«មាគ៌ាព្រះធម៌» ។

CamID គឺជា​ App ដែល​មាន​មុខងារ​ពិសេសៗ​ដ៏ពេញ​និយម​បំផុត​ ដែល​អភិវឌ្ឍន៍​ដោយ​ មិត្តហ្វូន និង​ជា​វេទិកា​ឌីជីថល​ដែល​ផ្ដល់​ការ​កម្សាន្ត​ដ៏​សម្បូរ​បែប និង​សេវាកម្ម​អនឡាញ​សំខាន់ៗ ដល់​អ្នក​ប្រើប្រាស់​ទូរសព្ទ​ដៃ​គ្រប់​រូប។ CamID App ជា​មជ្ឈមណ្ឌល​ឌីជីថល​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់រូប ក្នុង​នោះ​រាប់​ទាំង​អ្នក​ប្រើប្រាស់​ក្រៅ​ប្រព័ន្ធដែល​ដាក់​បញ្ចូល​គ្នា​នូវ​គ្រប់​មុខងារ​ពិសេសៗ​ពី​កម្មវិធី MyMetfone, Mocha App និង​Cinema Service នៅក្នុង App នេះ​តែ​មួយ ។

ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) គឺជា​ឧបករណ៍​បច្ចេកវិទ្យា​មួយ ដែល​ក្រុមហ៊ុន​មិត្តហ្វូន​បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​អប់រំ ផងដែរ ដែល​នឹង​ដាក់​ពង្រាយ​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​សាលារៀន (SIS) ទៅ​កាន់​សាលារៀន​ចំនួន ៣០០០កន្លែង នៅ​ទូទាំងប្រទេស ។

«មាគ៌ាព្រះធម៌» គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ទំនួល​ខុស​ត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន មិត្តហ្វូន ក្នុង​គោល​បំណង​ផ្ដល់​ការ​កម្សាន្ត​ដល់​ប្រជាជន​កម្ពុជា ក៏​ដូចជា​បំផុស​ទឹក​ចិត្ត​ពួកគេ​ឱ្យ​យល់​អំពី​អំពើ​ល្អ គុណ​តម្លៃ និង​វិធី​ដែល​ព្រះ​ពុទ្ធ​បាន​បង្រៀន។ រឿង​និទាន​ទាំង​ឡាយ​នៅ​ក្នុង​វីដេអូ​ភាគ «មាគ៌ា​ព្រះធម៌» ផ្អែក​តាម​ប្រវត្តិ​រឿងរ៉ាវ​នានា​របស់​ព្រះពុទ្ធ ដែល​តំណាង​ឱ្យ​សាសនា​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា»។

លោក​បាន​បន្ត​ថា​ «មាតិកា​វីដេអូ​នេះ​ធ្វើ​ឲ្យ​ដំណើរ​រឿង​របស់​ព្រះពុទ្ធ​មាន​ជីវិត​រស់រវើក​ឡើង​វិញ និង​បំផុស​គោល​គំនិត​នៃ​ការ​សាង​អំពើ​ល្អ​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​គ្រប់​រូប ។

គួរបញ្ជាក់ថា ពាន​រង្វាន់ Globee Awards ត្រូវបាន​ផ្ដល់​ជូន​នៅក្នុង​កម្មវិធី​និង​ការ​ប្រកួត​ប្រជែង​ចំនួន ១១ ប្រភេទ រួមមានដូចជា the CEO World Awards®; the Consumer World Awards®; the Customer Sales & Service World Awards®; the Globee® International Best in Business Awards; the Golden Bridge Awards®; the Cyber Security Global Excellence Awards® and Security World Awards; the IT World Awards®; One Planet® American Best in Business Awards; the Globee® Employer Excellence Awards®; the Globee® Corporate Communications & Marketing World Awards;និង the Women World Awards®.

ជាការផ្ដល់​កិត្តិយស​ដល់​ស្ថាប័ន​ក្រុមហ៊ុន​គ្រប់​ប្រភេទ​និង​ទំហំ​ ព្រមទាំង​បុគ្គល​ដែល​នៅពីក្រោយ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ទាំងនោះ កម្មវិធី​ពានរង្វាន់ Globee Awards ទទួល​ស្គាល់​ចំពោះ​សមិទ្ធផល​និង​ស្នាដៃ​លេចធ្លោ​របស់​ក្រុមហ៊ុន​អាជីវកម្ម​នានា​មក​ពី​ជុំវិញ​ពិភព​លោក៕