ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​អឺរ៉ុប​បាន​ពិភាក្សា​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម-សេដ្ឋកិច្ច កម្ពុជា-អឺរ៉ុប និង​ការ​ចូលរួម​របស់​វិស័យ​ឯកជន​ក្នុងការ​ស្តារ​ឡើងវិញ​នូវ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​ផលិតកម្ម​សកល នៅក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ១៩។

 

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម ក្នុង​អំឡុងពេល​ជួប​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ចអឺរ៉ុប-អាស៊ាន (EU ASEAN Business Council – EU-ABC) ដែល​ដឹកនាំ​ដោយ លោក Donald Kanak ជាប្រធាន និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច EU-ABC និង​មាន​ការ​ចូលរួម​ពី​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា (EuroCham Cambodia) និង​តំណាង​មកពី​ក្រុមហ៊ុន​មួយ​ចំនួន​ដែលជា​សមាជិក​របស់​ក្រុមប្រឹក្សា EU-ABC បាន​លើកឡើង​ថា បច្ចុប្បន្ន​ក្រសួង​ពាណិជ្ជកម្ម​កំពុង​ធ្វើ​កិច្ចការ​ជាច្រើន ពិសេស​ការ​ត្រៀមខ្លួន​សម្រាប់​ឆ្នាំ២០២២ ជាពេល​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន។ លោក​បន្តថា ជាមួយ​គ្នា​នេះ​កម្ពុជា​ក៏​កំពុង​ខិតខំ​កែសម្រួល និង​កសាង​ច្បាប់​ពាណិជ្ជកម្ម​របស់ខ្លួន ដើម្បី​ឈានឆ្ពោះ​ទៅ​ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​សហគមន៍​សេដ្ឋកិច្ច​ឌីជីថល​ផងដែរ។

 

នៅក្នុង​កិច្ចប្រជុំ​នេះ ភាគីទាំង ២ ក៏បាន​ពិភាក្សា​គ្នា​ដោយ​ផ្តោត​លើការ​ជំរុញ​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម-​សេដ្ឋកិច្ច​កម្ពុជា-អឺរ៉ុប និង​ការ​ចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការស្តារ​ទ្បើងវិញ​នូវ​ខ្សែច្រវាក់​ផ្គត់ផ្គង់ និង​ផលិតកម្ម​សកល តាមរយៈ​ការ​ពង្រឹង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) និង​កម្មសិទ្ធិ​បញ្ញា​ជាដើម។

 

ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្រ្ដី​ក៏បាន​ប្រាប់​ភាគី​អឺរ៉ុប ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​គ្រប់គ្រង និង​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ជាពិសេស​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា និង​ជន​បរទេស​គ្រប់រូប ដែល​ជា​កត្តា​សំខាន់​សម្រាប់​ការស្តារ​ទ្បើង​វិញ​នូវ​សេដ្ឋកិច្ច​សង្គម រួម​ជាមួយ​ការ​ខិតខំ​ធ្វើឱ្យ​ប្រសើរទ្បើង​នូវ​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា។

លោក Donald Kanak បាន​ថ្លែង​អំណរគុណ​ចំពោះ​ក្រសួង​ពាណិជ្ជកម្ម ដែល​តែង​យកចិត្ត​ទុក​ដាក់​គាំទ្រ និង​សម្របសម្រួល​ដល់​អ្នក​វិនិយោគ និង​សមាជិក​ក្រុមប្រឹក្សា EU-ABC នាពេល​កន្លងមក។

 

លោក​បាន​សន្យា​ថា សមាជិក​ក្រុមប្រឹក្សា EU-ABC ប្តេជ្ញា​នឹង​ជំរុញ​ការ​វិនិយោគ និង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​បន្ថែមទៀត​ជាមួយ​ប្រទេសកម្ពុជា៕