ភ្នំពេញៈ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (ស.ធ.ក.) [Credit Guarantee Corporation of Cambodia- CGCC] បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ចម្រើន(Chamroeun Microfinance Plc.) លើ​កិច្ច​ព្រមព្រៀង​ធានា​ឥណទាន​ជាមួយ​គ្នា ដើម្បី​ជាការ​បើក​ផ្លូវ​គាំទ្រ​ដល់​សហគ្រាស​ធុនតូច និង​មធ្យម ឱ្យ​មាន​លទ្ធភាពទ​ទួល​បាន​ហិរញ្ញប្បទាន​ច្រើន​ជាងមុន ពិសេស​ក្នុង​វិស័យ​កសិកម្ម។

ពិធីនេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​កណ្តាល​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ចម្រើន។

យោងតាម​កិច្ច​ព្រម​ព្រៀង ការ​ចុះ​ហត្ថលេខា​នេះ គឺជា​ការ​បើក​ផ្លូវ​មួយ​ក្នុង​ការ​គាំទ្រ​ដល់​សហគ្រាស​ធុនតូច និង​មធ្យម ជាពិសេស ក្នុង​វិស័យ​កសិកម្ម ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ ដើម្បី​អាច​ឱ្យ​ម្ចាស់​អាជីវកម្ម​មាន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ច្រើន​ជាង​មុន សម្រាប់​ការ​ទ្រទ្រង់អាជីវកម្ម និង​វិនិយោគ ឬ​ពង្រីក​អាជីវកម្ម។

លោក Wong Keet Loong នាយក​ប្រតិបត្តិ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បាន​និយាយ​ថា កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ចម្រើន​នឹង​អាច​ជួយ​ឱ្យ​ស្ថាប័ន​របស់​លោក​បង្កើន​ការ​គាំទ្រ​ដល់​សហគ្រាស​ធុនតូច និង​មធ្យម ក្នុង​វិស័យ​កសិកម្ម​នៅ​តំបន់​ជនបទ ដែល​ពិបាក​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ផ្លូវ​ការ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ។

យោង​តាម​លោក Wong Keet Loong គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ចម្រើន នឹង​អាច​ផ្តល់​ហិរញ្ញប្បទាន​ទៅ​កាន់​សហគ្រិន​នៃ​អាជីវកម្ម​ខ្នាត​មីក្រូ ខ្នាត​តូច និង​មធ្យម (MSMEs) ដែល​គ្មាន​ទ្រព្យ​បញ្ចាំ ឬ​មាន​ទ្រព្យ​បញ្ចាំ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ស្នើ​សុំ​កម្ចី។

លោកថ្លែងថា៖ «ជាមួយ​នឹង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​នេះ យើង​សង្ឃឹម​ថា MSMEs នឹង​អាច​បង្កើន​ចំណូល​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគេ ក៏​ដូចជា​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​ផង​ដែរ»។

ចំណែកលោក Yannick Nicolas MILEV នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ចម្រើន បាន​លើក​ឡើង​ថា ការ​ផ្តួច​ផ្តើម​របស់ CGCC ពិត​ជា​សំខាន់​សម្រាប់​ជួយ​ទៅ​ដល់​សេដ្ឋកិច្ច​នៅ​តំបន់​ជនបទ និង​ប្រព័ន្ធ​ទីផ្សារ។ សហគ្រាស​ខ្នាត​តូច និង​មធ្យម​ក្នុង​វិស័យ​កសិកម្ម​នៅ​តាមតំបន់​ជនបទ ច្រើន​តែ​ជួបការ​លំបាក​ក្នុង​ការ​ទទួល​បាន​កម្ចី​ផ្លូវ​ការ ដោយសារ​តែ​លទ្ធភាព​របស់ SMEs នៅ​ក្នុង​វិស័យក​សិកម្ម មិន​អាច​ឆ្លើយតប​នឹង​លក្ខខណ្ឌ​តម្រូវ​របស់​អ្នក​ផ្តល់​កម្ចី​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

លោកអះអាងថា៖«គម្រោង​ធានា​ឥណទាន នឹង​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ ដែល​ជា​លទ្ធផល​នឹង​ពង្រឹង​បរិយាបន្ន​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​អាជីវកម្ម»៕