​ភ្នំពេញៈ ការនាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន ក្នុង​រយៈពេល ៨ ​ខែ​ដើមឆ្នាំ ​២០២១ មាន​ទឹកប្រាក់​សរុប​ជាង ១,១ ​ពាន់​លាន​ដុល្លារ កើន​ជាង ៧ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ធៀប​នឹង​ឆ្នាំ ​២០២០ ដែល​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានទឹក​ប្រាក់​សរុប ១ ៥០៩,៣៧​ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន Jetro​។​

​ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែសីហា ផលិតផល​ដែល​កម្ពុជា​នៅ​ចេញទៅ​ជប៉ុន មានតម្លៃ​សរុប ១ ១២៤,២៣​ លាន​ដុល្លារ កើនឡើង ៧,៣​ ភាគរយ ពី​ចំនួន ១ ០៤៨,៩៨​ លាន​ដុល្លារ នា​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​។ ចំណែក​ការនាំ​ទំនិញ​ពី​ជប៉ុន​មក​កម្ពុជា​ក្នុងអំឡុងពេល​ខាងលើ​មាន​ទឹកប្រាក់ ៣៨៥,១៤​ លាន​ដុល្លារ កើន ២៨ ​ភាគរយ​ពី​ចំនួន ៣០០,៩ ​លាន​ដុល្លារ​។​

​ដោយឡែក​សម្រាប់​ខែសីហា ការនាំចេញ​របស់​កម្ពុ​ជា មាន​ទឹកប្រាក់ ១៨៨,៣២ ​លាន​ដុល្លារ កើនឡើង ៤២,១ ​ភាគរយ​ធៀប​ខែសីហា ឆ្នាំ​ ២០២០ និង​ការ​នាំចូលមាន​ទឹកប្រាក់ ៤៥ ​លាន​ដុល្លារ កើនឡើង ១២,១​ ភាគរយ​។

​ផលិតផល​ដែល​កម្ពុជា​នាំទៅ​ជប៉ុន​មានដូចជា សម្លៀកបំពាក់ គ្រឿង​ផ្គុំ​អគ្គិសនី និង​គ្រឿង​ផ្គុំ​អេឡិចត្រូនិក ខណៈ​ការនាំ​ចូល​ពី​ជប៉ុន​មានដូចជា គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​។ ចំណែក​ផលិតផល​ជប៉ុន​នាំមក​កម្ពុជា មាន​ភាគច្រើន​ជា គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ទំនើបៗ ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​ក្នុង​ឆ្នាំ ២០២០ មានតម្លៃ ២ ១០១,៧៨ លាន​ដុល្លារ ធ្លាក់ចុះ ៨,៣៥ ភាគរយ​ ធៀប​ឆ្នាំ ២០១៩ ក្នុងនោះ​ការនាំចេញ​មានតម្លៃ ១ ៦១៧,០៨ លាន​ដុល្លារ ធ្លាក់ចុះ ៦,៦ ភាគរយ និង​នាំចូល​មាន ៤៨៤,៧០ លាន​ដុល្លារ ធ្លាក់ចុះ ១៣,៨ ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន Jetro៕​