ទីក្រុងកូឡុំបូៈ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ស្រីលង្កា​បាន​រារាំង​កប៉ាល់​របស់​ចិន​ដែល​ផ្ទុក​ជីសរីរាង្គ​ដែល​ត្រូវការ​យ៉ាងខ្លាំង ដែល​អ្នកជំនាញ​បាន​រកឃើញ​ថា​មាន​ស្នាម​ប្រឡាក់​ដោយ​បាក់តេរី​បង្ក​គ្រោះថ្នាក់​។

សកម្មភាព​រារាំង​កើតមាន​ពេល​ប្រទេស​ស្រីលង្កា ប្រយុទ្ធ​តទល់​ការខ្វះខាត​ស្បៀងអាហារ បណ្តាល​មកពី​វិបត្តិ​រូបិយបណ្ណ ខណៈ​កសិករ​បាន​និយាយថា ការហាមឃាត់​របស់​រដ្ឋាភិបាល​លើ​ជីគីមី​អាច​បំផ្លាញ​ផលដំណាំ​របស់​ពួកគេ​ក្នុងឆ្នាំនេះ​។

ការិយាល័យ​ប្រធានាធិបតី Gotabaya Rajapaksa បាន​និយាយថា ផ្នែក​សេវាកម្ម​ត្រួតពិនិត្យ ដំណាំ​ជាតិ (National Plant Quarantine) ​បានធ្វើ​តេស្ត​សំណាក​ពី​នាវា​ចិន និង «​បានបញ្ជាក់​ពី​វត្តមាន​របស់​សារពាង្គកាយ រួមទាំង​ប្រភេទ​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​មួយចំនួន​»​។

សេចក្តី​ថ្លែងការ​ផ្លូវការ​បាន​បន្ថែមថា តុលា​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​បាន​ហាមឃាត់ ការទូទាត់​ណាមួយ​ធ្វើឡើង​ទៅឱ្យ​ក្រុមហ៊ុន Qingdao Seawin Biotech Group Co., Ltd សម្រាប់​ផលិតផល​ជីគីមី​ចំនួន​ ៩៦ ០០០ ​តោន​។

អាជ្ញាធរ​បាន​ហាមឃាត់​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ​ ៤២ ​លាន​ដុល្លារ​កាលពី​ខែ​មុន ប៉ុន្តែ​បាន​រាយការណ៍​ថា ទំនិញ​នោះ​នៅ​ត្រូវបាន​នាំចេញ ហើយ​បាន​ទៅដល់​ទីក្រុង​កូឡុំបូ​។ ​ទីតាំង​នៃ​កប៉ាល់​មិនត្រូវ​បាន​គេ​ប្រាប់ឱ្យដឹង​នោះទេ​។

អាជ្ញាធរ​កំពង់ផែ​ស្រីលង្កា​បាន​និយាយថា ក្រសួង​កសិកម្ម​បាន​បញ្ជា​ពួកគេ​កាលពី​ថ្ងៃ​សៅរ៍​ឱ្យ​ទប់ស្កាត់ ការដាក់​ទំនិញ​ជីគីមី​នោះ​ចុះ​នៅតាម​កំពង់ផែ​ណាមួយ ហើយ​បញ្ជា​ឱ្យ​ដឹក​ទៅវិញ​។

ស្រីលង្កា បាន​បញ្ជា​ទិញ​ជីសរីរាង្គ​ពី​ចិន​ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​កសិកម្មសរីរាង្គ​ ១០០ ​ភាគរយ​ដំបូង​គេ​បំផុត​។

សារធាតុ​ចិញ្ចឹម​រុក្ខជាតិ​សរីរាង្គ​ពី​ប្រទេស​ចិន​មាន​គោលបំណង​ជំនួស​សារធាតុ​គីមី​ដែល​ឈប់​ឱ្យប្រើ​ក្នុង​រដូវ​ដាំដុះ​ស្រូវ​ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី ១៥ ខែតុលា​។

ក្រោយ​មាន​ការតវ៉ា​ពី​កសិករ​យ៉ាង​ទូលំទូលាយ ដែលថា​ការបោះបង់​កសិកម្ម​គីមី​នឹង​ប៉ះពាល់​ទិន្នផល​យ៉ាងច្រើន រដ្ឋាភិបាល​កាលពី​សប្តាហ៍​មុន បាន​លើក​បំរាម​លើ​ជីគីមី​ដែល​បានដាក់​កាលពី​ខែឧសភា​៕ RR