ភ្នំពេញៈ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​លោក សុខ ចិន្តាសោភា បាន​ថ្លែងថា ការបង្កើត​បរិស្ថាន​វិនិយោគ​មាន​លក្ខណៈ​អំណោយផល និង​ការសម្រួល​ដល់​រំហូរ​វិនិយោគ​ទៅ​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ គឺជា​ការចាំបាច់​ដើម្បី​ទ្រទ្រង់ និង​ពន្លឿន​ការស្តារ​សេដ្ឋកិច្ច​ក្រោយ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

ការថ្លែង​បែបនេះ​របស់លោក សុខ ចិន្តាសោភា បានធ្វើ​ឡើង​ក្នុង​កិច្ចពិភាក្សា​តាម​ប្រព័ន្ធ​អនឡាញ​អំពី​វិធី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​របស់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ (LDCs) ដើម្បី​ជំរុញ និង សម្រួល​វិនិយោគ ដែល​រៀបចំ​ដោយ​វេទិកា​វិនិយោគ​ពិភពលោក កាលពី​ថ្ងៃទី​ ២២ ខែតុលា ឆ្នាំ​ ២០២១​។

លោក​បានលើកឡើង​ពី​ភាពចាំបាច់​ក្នុង​ការបង្កើត​បរិស្ថាន​វិនិយោគ​មួយ​ដែលមាន​លក្ខណៈ​អំណោយផល និង​សម្រួល​ដល់​រំហូរ​វិនិយោគ​ទៅកាន់​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ប្រទេស​កំពុងអភិវឌ្ឍន៍​។ លោក​បន្តថា ការបង្កើត​បរិយាកាស​វិនិយោគ និង​រំហូរ​វិនិយោគ គឺជា​ធាតុ​ផ្សំ​ដ៏សំខាន់​ដើម្បី​ទ្រទ្រង់ និង​ពន្លឿន​ការស្តារ​សេដ្ឋកិច្ច​ក្រោយ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​អះអាងថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​នៃ​បណ្តា​ប្រទេស LDCs និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នឹង​ក្លាយជា​គន្លឹះ​ ដើម្បី​បង្កើត​បរិស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព​ថែមទៀត​សម្រាប់​ការធ្វើ​ធុរកិច្ច វិនិយោគ និង​បង្កើត​លក្ខខណ្ឌ​អាច​ប៉ាន់ប្រមាណ​បាន​ ដើម្បី​ទាក់ទាញ​លំហូរ​វិនិយោគ​ប្រកបដោយ​ចីរភាព​»​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​ ១៥ នៃ​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ (UNCTAD 15) ​កាល​ថ្ងៃទី​ ៤ ខែតុលា តាម​ប្រព័ន្ធ​វីដេអូ​ថា ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ឌីជីថល​ក៏​បាន​ពង្រីក​គម្លាត​ឌីជីថល​រវាង​ប្រទេស​អភិឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជាពិសេស​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។

លោក​និយាយថា​៖ «​ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ជាមួយ​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នានា​គឺមាន​តួនាទី​សំខាន់​ក្នុង​ការជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ការទទួលបាន​ផលប្រយោជន៍​ពី​ពាណិជ្ជកម្ម​ឌីជីថល តាមរយៈ​ការជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរ​បច្ចេកវិទ្យា ការពង្រឹង​ប្រព័ន្ធ​ច្បាប់ និង​គោលនយោបាយ និង​ការអភិវឌ្ឍ​សមត្ថភាព ដើម្បី​លើកកម្ពស់​ភាពច្នៃប្រឌិត និង​នវានុវត្តន៍​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​»​។

ជាមួយ​គ្នា​នេះ​លោក សូរស័ក្តិ ក៏បាន​អំពាវនាវ​ឱ្យ UNCTAD បន្ត​ជួយ​គាំទ្រ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​រួមទាំង​កម្ពុជា លើ​ការពង្រឹង​សមត្ថភាព​ផលិត ការអភិឌ្ឍ​សមត្ថភាព​ស្ថាប័ន​ និង​ធនធានមនុស្ស និង​ជំនាញ​បច្ចេកទេស​ផងដែរ​។

បើតាម​លោក ចិន្តាសោភា មាគ៌ា​សម្រាប់​កិច្ច​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព រួមមាន ការទាក់ទាញ​វិនិយោគឯកជន និង​ការសម្រេច​បាន​នូវ​ការធ្វើ​ពិពិធកម្ម​នាំចេញ​តាមរយៈ​ការលើក​កម្ពស់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន និង​កិច្ចសម្រួល​វិនិយោគ​។ បន្ថែម​ពីលើ​នេះ បណ្តា​ប្រទេស LDC ក៏ត្រូវ​ចាំបាច់​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​តាមរយៈ​ការទាញយក​នូវ​សក្តានុពល​ពេញលេញ​នៃ​សមាហរណកម្ម​តំបន់ ដែលមាន​លក្ខណៈ​ស៊ីជម្រៅ ដើម្បី​រួមចំណែក​ដល់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កំណើនសេដ្ឋកិច្ច និង​ភាពធន់ ព្រមទាំង​បង្កើត​របប​គតិយុត្ត និង​បទប្បញ្ញត្តិ​ដែល​ជំរុញ​ការវិនិយោគ​ក្នុងស្រុក និង​បរទេស​។

បន្ថែម​ពីលើ​នេះ លោក​ក៏បាន​ចែករំលែក​នូវ​ធាតុ​ស្នូល​នៃ​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា ដែល​ទើប​ប្រកាស​ឱ្យ​ប្រើប្រាស់ ដើម្បី​បង្កើត​នូវ​ក្របខ័ណ្ឌ​គតិយុត្ត​បើកចំហ មាន​តម្លាភាព និង​អាច​ប៉ាន់ប្រមាណ​ទុកជាមុន​បាន ព្រមទាំង​ពង្រឹង​ភាពទាក់ទាញ និង​សមត្ថភាព​បំពេញបន្ថែម ជាពិសេស​ផ្តល់​ការលើក​ទឹកចិត្ត​ដ៏ឆ្លាតវៃ​ដល់​គម្រោង​វិនិយោគ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​, បង្កើត​ការងារ​, បណ្តុះបណ្តាល​ជំនាញ​, បណ្តុះ​ការស្រាវជ្រាវ អភិវឌ្ឍន៍​, និង​នវានុវត្តន៍ ផងដែរ​។

ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ​គឺជា​ប្រភព​ដ៏មាន​សក្តានុពល និង​សំខាន់​នៃ​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​សម្រាប់​ប្រទេស LDCs និង​អាចបំពេញ​បន្ថែម​ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA)​។

យោងតាម UNCTAD រំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទូទាំង​សកលលោក​បាន​ឈានដល់​ប្រមាណ ៨៥២ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ដែល​បង្ហាញ​ពី​សម្ទុះ​ងើប​ឡើងវិញ​ខ្លាំង​ជាង​ការរំពឹងទុក​។ ការកើនឡើង​ក្នុង​រយៈពេល ២ ត្រីមាស​នេះ​បាន​ស្តារ​ជាង​ ៧០% ​នៃ​ការថយចុះ​ដែល​បណ្តាល​មកពី​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ក្នុង​ឆ្នាំ​ ២០២០៕ LA