ភ្នំពេញៈ ការយក​សំណាក​សាច់គោ​នាំ​មកពី​ប្រទេស​ឥណ្ឌា​ទៅធ្វើ​តេស្ត​រក​វីរុស​កូវីដ​ ១៩ មុននឹង​អនុញ្ញាត​ឱ្យ​ដាក់លក់​នៅលើ​ទីផ្សារ​កម្ពុជា អាច​នឹងត្រូវ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មការ​ចំពោះ​កិច្ចទប់ស្កាត់​ការរីករាលដាល​ជំងឺឆ្លង​កូវីដ​ ១៩ ពាក់ព័ន្ធ​នឹង​ការនាំចូល​ទំនិញ​មាន​ហានិភ័យ​ខ្ពស់ មាន​ប្រភព​ពី​ប្រទេស​មាន​ការរីករាលដាល​ខ្លាំង​នូវ​ជំងឺឆ្លង​កូវីដ​ ១៩ ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​ ២០ ខែតុលា លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​បាន​លើកឡើងថា ក្នុង​ចំណោម​ទំនិញ​សាច់​បង្កក​នាំចូល ១៥០ ​កុងតឺន័រ ដែលជា​មុខសញ្ញា​ធ្វើតេស្ត​រក​វីរុស​កូវីដ​ ១៩ កន្លងមក​គឺមាន​តែ ៣ ​កុងតឺន័រ​ប៉ុណ្ណោះ​ដែល​បាន​រកឃើញ​ «​វិជ្ជមាន​» និង​ត្រូវបាន​ដុតបំផ្លាញ​ចោល​កាលពី​ចុងខែ​កក្កដា ឆ្នាំ​ ២០២១​។

លោក​បន្តថា ទន្ទឹមនឹងនេះ​ក្រុម​ការងារ​តាមដាន និង​វាយតម្លៃ​ពី​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​ប្រទេស​សំខាន់ៗ ដែល​នាំ​ចេញមុខ​ទំនិញ​សាច់​បង្កក​មក​កម្ពុជា ក៏បាន​ធ្វើ​របាយការណ៍​ដោយ​បញ្ជាក់ថា អត្រា​នៃ​ការឆ្លង​នៅ​ប្រទេស​ទាំងនោះ​បាន​ធ្លាក់ចុះ​យ៉ាងច្រើន ដែលជា​កត្តា​កាត់បន្ថយ​ហានិភ័យ​នៃ​វត្តមាន​វីរុស​កូវីដ-១៩ លើ​សាច់​បង្កក​នាំ​ចូលមក​។

កម្ពុជា​កាលពី​ថ្ងៃទី​ ១ ខែឧសភា ឆ្នាំ​ ២០២១ បានសម្រេច​ផ្អាក​ការនាំចូល​សាច់គោ និង​ទំនិញ​ដែល​បង្កក​ទុក​បានយូរ​ពី​ប្រទេស​ឥណ្ឌា​។ បម្រាម​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ការរកឃើញ​ប្រភេទ​សាច់​បង្កក និង​ទំនិញ​បង្កក​មួយចំនួន​តូច​មាន​វត្តមាន​វីរុស​កូវីដ​ ១៩ ពេល​ដឹក​មកដល់​ប្រទេស​កម្ពុជា​។

ទោះជា​យ៉ាងណា លិខិត​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃទី ១៩ ខែមិថុនា សរសេរ​ថា យោងតាម​ភាព​ធូរស្រាល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​ប្រទេស​ឥណ្ឌា និង​លទ្ធផល​អវិជ្ជមាន​នៃ​ការធ្វើ​តេស្ត​លើ​សាច់​បង្កក រដ្ឋាភិបាល​សម្រេច​លើកលែង​បម្រាម​ការនាំ​ចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក ដែល​អាចមាន​ហានិភ័យ​ផ្សេងទៀត​មាន​ប្រភព​មកពី​ឥណ្ឌា ដោយ​ដាក់​មក​ជំនួស​វិញ​នូវ​វិធានការ​បណ្តោះអាសន្ន​មួយចំនួន​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២៤ ខែតុលា​ថា ការអនុញ្ញាត​ឱ្យ​នាំចូល​សាច់សត្វ​ស្រស់ ឬ​បង្កក​ចូល​ទីផ្សារ គឺ​ប្រាកដ​ជា​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​។ ទោះ​យ៉ាងណា ដើម្បី​រក្សា​និរន្តរភាព​នៃ​ការចិញ្ចឹម​ក្នុងស្រុក អាជ្ញាធរ​ត្រូវតែកំណត់​បរិមាណ និង​ធ្វើការ​ត្រួតពិនិត្យ​គុណភាព​ឱ្យបាន​ច្បាស់​មុន​បើក​ឱ្យ​នាំចូល​។ លោក​បន្តថា ធម្មតា​ការនាំ​ចូល​សត្វ​រស់ ឬ​សាច់សត្វ​ពី​ក្រៅប្រទេស​មក​កម្ពុជា គឺ​ងាយស្រួល ប៉ុន្តែ​បើ​កម្ពុជា​ចង់​នាំចេញ​ទៅ​វិញ គឺមាន​ឧបសគ្គ​ច្រើន​។

លោក​ថ្លែងថា​៖ «​ទីផ្សារសេរី​យើង​មិនអាច​បិទ​គេ​បានទេ ប៉ុន្តែ​ក្នុង​នាម​សមាគម ខ្ញុំ​ស្នើឱ្យ​អាជ្ញាធរ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ទាំង​បរិមាណ និង​គុណភាព​ចំពោះ​សាច់សត្វ​ដែល​ត្រូវ​អនុញ្ញាត​ឱ្យ​នាំចូល​»៕ LA