The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គណៈរដ្ឋមន្ត្រី​អនុម័ត​គម្រោង​ចំណាយ​ថ្នាក់ជាតិ​ឆ្នាំ​ ២០២២ ​ចំនួន​ជាង ៨,៧ ​ពាន់​លាន​ដុល្លារ កើនឡើង ៦,៨%

គណៈរដ្ឋមន្ត្រី​អនុម័ត​គម្រោង​ចំណាយ​ថ្នាក់ជាតិ​ឆ្នាំ​ ២០២២ ​ចំនួន​ជាង ៨,៧ ​ពាន់​លាន​ដុល្លារ កើនឡើង ៦,៨%

Content image - Phnom Penh Post
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​ ២២ ខែ តុលា។ រូបថត SPM

គណៈរដ្ឋមន្ត្រី​អនុម័ត​គម្រោង​ចំណាយ​ថ្នាក់ជាតិ​ឆ្នាំ​ ២០២២ ​ចំនួន​ជាង ៨,៧ ​ពាន់​លាន​ដុល្លារ កើនឡើង ៦,៨%

ភ្នំពេញៈ ស្របពេល​ប្រទេស​កម្ពុជា ​កំពុង​ស្ថិតនៅ​កណ្តាល​នៃ​វិបត្តិ​កូវីដ​ ១៩ បន្ទាប់ពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ឆ្នាំ​ ២០២១ និង​ការបន្ត​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា​បំប្លែង​ថ្មី​ជា​បន្តបន្ទាប់​ ដែល​បណ្តាលឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សង្គម សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​កញ្ចប់​ថវិកា​ថ្នាក់ជាតិ​ឆ្នាំ​ ២០២២ ចំនួន​ជាង ៨,៧ ​ពាន់​លាន​ដុល្លារ​កើនឡើង ៦,៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ខណៈ​ការប្រមូល​ចំណូល​គ្រោង​នឹង​ឱ្យបាន​ចំនួន ៥ ៧៧១ ​លាន​ដុល្លារ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​ ២២ ខែ តុលា ឆ្នាំ​ ២០២១ តាម​ការវាយតម្លៃ​ពាក់កណ្តាល​ឆ្នាំកន្លងមក សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​ ២០២១ ​ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​កំណើន​ក្នុង​អត្រា ២,៤ ​ភាគរយ ហើយ​ត្រូវបាន​ព្យាករ​ថា​ នឹង​ងើប​ឡើងវិញ​នៅ​ឆ្នាំ​ ២០២២ ដោយ​អាច​នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់ ៤,៨ ​ភាគរយ ដែល​ធ្វើឱ្យ​ ផ.ស.ស.ថ្លៃ​បច្ចុប្បន្ន​ស្ថិតនៅក្នុង​រង្វង់ ៣០ ៥៤៤ លាន​ដុល្លារ ស្របពេល​ ផ.ស.ស. សម្រាប់​មនុស្ស​ម្នាក់​ត្រូវ​រំពឹង​នឹង​កើនឡើង​ដល់ ១ ៨៤១ ​ដុល្លារ បើ​ធៀប​នឹង ១ ៧៣០ ​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន តាម​ផែនការ​គម្រោង​ចំណាយ​ថវិកា​ថ្នាក់ជាតិ ឆ្នាំ​ ២០២២ ត្រូវបាន​គ្រោង ៨ ០១៣ ​លាន​ដុល្លារ ត្រូវជា ២៦,២៤ ​ភាគរយ​នៃ​ ផ.ស.ស. កើន​ ៦,៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ ចំណែក​ចំណូល​ថវិកា​ថ្នាក់ជាតិ គ្រោង​នឹង​រក​ឱ្យបាន ៥ ៧៧១ ​លាន​ដុល្លារ ត្រូវជា ១៨,៩ ​ភាគរយ​នៃ​ ផ.ស.ស កើន ១៧,៧ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២១​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​បណ្ឌិត្យសភា​កម្ពុជា​) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២៤ ខែតុលា​ថា នៅ​ឆ្នាំ​ ២០២២ ចំណូល​ចំណាយ​ថវិកា​ថ្នាក់ជាតិ​នឹងមាន​កំណើន ព្រោះ​ការនាំចេញ-នាំចូល​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​កំពុង​បង្ហាញ​សញ្ញា​ល្អប្រសើរ​ជា​បន្តបន្ទាប់​។

លោក​អះអាង​ថា​៖ «​ខ្ញុំ​ជឿថា ការប្រមូល​ចំណូល​ពន្ធគយ និង​អាករ និង​ពន្ធដា ឆ្នាំ​ ២០២២ នឹងមាន​កំណើន​ជាង​មុន ដើម្បី​ទ្រទ្រង់​ចំណាយ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លើកឡើង​ទៀតថា ដើម្បី​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​ ៤,៨ ​ភាគរយ ក្នុង​បរិបទ​នៃ​ការកើនឡើង​នូវ​ភាពមិនប្រាកដប្រជា​ទាំង​ក្នុង​ និង​ក្រៅប្រទេស​រដ្ឋាភិបាល​កម្ពុជា​នឹង​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​ស្តារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច ក្នុង​ការរស់នៅ​ជាមួយ​កូវីដ ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ដោយ​មិន​ផ្តោត​តែ​ទៅលើ​ការស្តារ​សេដ្ឋកិច្ច​ និង​ជីវភាព​ប្រជាជន​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ដោយ​ឈរលើ​សសរស្តម្ភ ៣ គឺ​ការស្តារ ការកែទម្រង់ និង​ការកសាង​ភាពធន់​៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍