ភ្នំពេញៈ វិស័យ​ឯកជន​លើកឡើងថា ការសម្រេច​បើក​ប្រទេស​ឡើងវិញ​ជា​បណ្តើរៗ និង​តាម​ដំណាក់កាល​ប្រកប​ដោយ​ភាពប្រយ័ត្នប្រយែង តាមរយៈ​ការសម្រួល​លក្ខខណ្ឌ​នៃ​ការផ្តល់​ទិដ្ឋាការ និង​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នកដំណើរ​មក​កម្ពុជា​នឹង​ជួយ​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​រស់​ឡើងវិញ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៤ ខែតុលាថា ពាក់ព័ន្ធ​នឹង​ការឱ្យ​មាន​ការផ្តល់​ទិដ្ឋាការ​ឡើងវិញ​ជូន​ភ្ញៀវ​ទេសចរ និង​អ្នកវិនិយោគ​នាពេលនេះ​នឹង​អាច​ទាក់ទាញ​ពួកគេ​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា​វិញ ជាពិសេស​នឹង​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​កម្រើក​ឡើងវិញ​ បន្ទាប់ពី​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ជិត ២ ​ឆ្នាំ​។

លោកស្រី​បន្តថា ការអនុញ្ញាត​ឱ្យ​ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា​ទាំង​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​នៅពេលនេះ គឺ​តម្រូវ​ឱ្យ​ធ្វើការ​ស្នើសុំ​ទិដ្ឋាការ​នៅតាម​ស្ថានទូត​តំណាង​កម្ពុជា និង​តាម​អនឡាញ (e-visa) ​តែប៉ុណ្ណោះ​។ លោកស្រី​ថ្លែងថា​៖ «​ជា​ការល្អ ដែល​តម្រូវឱ្យ​ភ្ញៀវ​សុំ​វីសា​ជាមុន ទើប​ធ្វើដំណើរ​។ នេះ​គឺជា​សញ្ញា​ល្អ​នៃ​ការរស់​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​ បន្ទាប់ពី​រងគ្រោះ​ជិត ២ ឆ្នាំ​»​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បានឱ្យដឹង​ដែរ​ថា នេះ​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ បន្ទាប់ពី​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ជំងឺ​កូវីដ​ ១៩​។ លោក​បន្តថា ចំពោះ​ការសម្រួល​លក្ខខណ្ឌ​នៃ​ការផ្តល់​ទិដ្ឋាការ​ឱ្យ​ភ្ញៀវទេសចរ វិស័យ​ឯកជន​ធ្លាប់​បានស្នើ​រដ្ឋាភិបាល​យូរ​មកហើយ​។

ទោះយ៉ាងណា​លោក​និយាយថា ចំពោះ​ការសម្រួល​លក្ខខណ្ឌ​ធ្វើដំណើរ ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ចត្តាឡីស័ក​នៅ​កម្ពុជា​សម្រាប់​អ្នក​ដំណើរ​ចូលមក​កម្ពុជា​ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្រោមរូបភាព​ធ្វើ​ចត្តាឡីស័ក ៣ ​ថ្ងៃ ឬ ៧ ​ថ្ងៃ នៅ​មួយកន្លែង​បែបនេះ​នឹង​មិន​មាន​ភាពទាក់ទាញ​ដល់​វិស័យ​ទេសចរណ៍​ទេ​។

លោក តាំង សុចិត្រគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ​បាន​ស្វាគមន៍​ដែល​រដ្ឋាភិបាល​កែសម្រួល​គោលការណ៍​នៃ​ការផ្ដល់​ទិដ្ឋាការ និង​លក្ខខណ្ឌ​ធ្វើដំណើរ និង​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នកដំណើរ​ចូលមក​កម្ពុជា ជាពិសេស​មក​ខេត្ត​ព្រះសីហនុ​។

លោក​ថ្លែងថា​៖ «​ធម្មតា​ពេល​រដ្ឋាភិបាល​បើក​ឱ្យមាន​អ្នក​ធ្វើដំណើរ​ចូល​មក​ក្នុង​ប្រទេស​វា​ពាក់ព័ន្ធ​នឹង​លិខិតបទដ្ឋាន និង​សេវាកម្ម​គាំទ្រ​មួយចំនួន​ដែល​នេះ​វា​មិនមាន​អ្វី​ប៉ះពាល់​ទេ ប៉ុន្តែ​វា​ផ្តល់​ភាពងាយស្រួល​ដល់​ទេសចរ និង​អ្នកវិនិយោគ​ដូចជា​ការកាត់បន្ថយ​ចត្តាឡីស័ក​ជាដើម​»​។

យោងតាម​លិខិត​របស់​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្ញើជូន​ឯកអគ្គ​រាជទូត អគ្គកុងស៊ុល និង​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​បរទេស​កាលពី​ថ្ងៃទី​ ២០ ខែ តុលា ឆ្នាំ​ ២០២១ គឺ​បើក​ឱ្យមាន​ការផ្ដល់​ឡើងវិញ​នូវ​ទិដ្ឋាការ​ទេសចរណ៍ ដែល​ត្រូវបាន​ផ្អាក​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ដើម្បី​អាច​ទទួលភ្ញៀវ​បរទេស និង​ភ្ញៀវទេសចរ​ទូទៅ និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គោលការណ៍​លើកលែង​ទិដ្ឋាការ​ (Visa Exemption) ​និង​ដាក់​ដំណើរការ​ឡើងវិញ​នូវ​ការស្នើសុំ​ទិដ្ឋាការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (e-Visa) ដើម្បី​សម្រួល​ដល់​អ្នកដំណើរ​ក្នុង​ការស្នើសុំ​ទិដ្ឋាការ​ចូលមក​កម្ពុជា ប៉ុន្តែ​នៅ​បន្ត​ផ្អាក​ការផ្តល់​ទិដ្ឋាការ​នៅពេល​មកដល់​៕ LA

វីដេអូ៖