ទីក្រុងហុងកុងៈ ធនាគារ HSBC កំពុង​ងើប​ពី​បញ្ហា​វីរុស​កូរ៉ូណា និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ ក្លាយជា​ស្ថាប័ន​មាន​ប្រាក់ចំណេញ​ដែល​គួរ​ទុកចិត្ត​កាន់តែខ្លាំង​។ យោងតាម លោក Noel Quinn ប្រធាន​ធនាគារ HSBC ពេលដែល​គាត់​ប្រកាស​ចាប់ផ្តើម​ទិញ​ត្រឡប់​ភាគហ៊ុន​តម្លៃ​ ២ ​ពាន់​លាន​ដុល្លារ​។

ស្ថាប័ន​ផ្តល់​កម្ចី​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​តំបន់​អាស៊ី​មួយ​នេះ​មាន​ភាពច្របូកច្របល់​នៅ​ឆ្នាំ ២០២០ នៅពេល​ដែល​ជោគវាសនា​របស់ខ្លួន​បាន​ប៉ះទង្គិច​ជាមួយ​ស្ថានភាព​មេរោគ​ឆ្លង និង​ភាពតានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​។

ចាប់តាំងពី​លោក Quinn បាន​ត្រួតពិនិត្យ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គួរឱ្យ​កត់សម្គាល់​បាន​កាត់បន្ថយ​កម្លាំង​ពលកម្ម​របស់​ធនាគារ​ប្រហែល​ ៣៥ ០០០ ​នាក់ និង ការផ្តោត​ជាថ្មី​លើ​វិស័យ​ដែល​អាច​រកប្រាក់​ចំណេញ​ច្រើន​របស់ខ្លួន​ក្នុង​តំបន់​អាស៊ី​ និង​មជ្ឈឹម​បូព៌ា ដែល​ជា​ល្បិច​ដែល​គាត់​និយាយថា ឥឡូវនេះ​កំពុងតែ​ចែក​ភាគលាភ​។

លោក Quinn បាន​សរសេរ​ភ្ជាប់​ទៅនឹង​របាយការណ៍​ត្រីមាស​ទី​ ៣ ​របស់​ធនាគារ​ថា​៖ «​ខណៈពេល​យើង​រក្សា​ការព្យាករ​ដោយ​ប្រុងប្រយ័ត្ន​លើ​បរិយាកាស​ហានិភ័យ​ពី​ខាងក្រៅ យើង​ជឿថា មាន​ហានិភ័យ​ទាប​ក្នុង​ត្រីមាស​ថ្មីៗ​នេះ​នៅ​ពីក្រោយ​យើង​»​។

លោក​បាន​បន្ថែមថា​៖ «​ទំនុកចិត្ត​នេះ​រួមជាមួយ​ជំហរ​ហិរញ្ញវត្ថុ​រឹងមាំ​របស់​យើង ធ្វើឱ្យ​យើង​អាច​ប្រកាស​ទិញ​ត្រឡប់មកវិញ​នូវ​ភាគហ៊ុន​តម្លៃ​រហូតដល់​ទៅ​ ២ ​ពាន់​លាន​ដុល្លារ ដែល​យើង​យើង​រំពឹង​ចាប់ផ្តើម​ក្នុង​ពេល​ដ៏ខ្លី​ខាងមុខ​»​។

សេចក្តី​ប្រកាស​ពី​លទ្ធផល​បាន​បង្ហាញថា ប្រាក់ចំណេញ​មុន​បង់ពន្ធ​របស់​ HSBC ​កើនឡើង​ច្រើនជាង​ទ្វេដង​ក្នុង​ត្រីមាស​ទី​ ៣ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​ដល់​ចំនួន​ ៥,៤ ​ពាន់​លាន​ដុល្លារ​។ ប្រាក់ចំណេញ​បន្ទាប់ពី​បង់ពន្ធ​រួច​មាន​ ៤,២ ​ពាន់​លាន​ដុល្លារ កើនឡើង​ពី​ ២,២ ​ពាន់​លាន​ដុល្លារ​កាលពី​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំមុន​។

ធនាគារ HSBC បានទទួល​ប្រាក់ចំណេញ​ ៩០ ​ភាគរយ​ពី​ទីផ្សារ​អាស៊ី ដោយ​ចិន​ និង​ហុងកុង​ជាទី​តាំង​ជំរុញ​កំណើន​។

កាលពី​ខែកុម្ភៈ ធនាគារ​នេះ​បាន​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ថ្មី​ដែល​បង្ហាញ​ផែនការ​ ដើម្បី​បង្កើន​ការប៉ុនប៉ង​របស់​ខ្លួន​ចាប់យក​ទីផ្សារ​អាស៊ី​កាន់តែ​ច្រើន​ថែមទៀត​៕ RR