ទីក្រុងស្តុកខុមៈ Volvo ដែលជា​យីហោ​រថយន្ត​របស់​ប្រទេស​ស៊ុយអែត បានឱ្យដឹង​នៅ​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​កំណត់​តម្លៃ​ភាគហ៊ុន​ថេរ​ក្នុង​តម្លៃ​ ៥៣ ​ក្រូន័រ (៦,២០ ​ដុល្លារ​) សម្រាប់​ការបោះ​ផ្សាយ​មូលបត្រ​នៅ​ផ្សារភាគហ៊ុន Stockholm នៅ​ចុង​សប្តាហ៍​នេះ​។

តម្លៃ​ដែល​ស្ថិត​នៅ​ចុងក្រោយបង្អស់​នៃ​តារាង​ដែល​ក្រុមហ៊ុន Volvo បានប្រកាស​កាលពី​សប្តាហ៍​មុន ដែល​មាន​ចន្លោះ​ពី​ ៥៣ ​និង​ ៦៣ ​ក្រូន័រ​ក្នុង​មួយ​ភាគហ៊ុន នៅមុន​ការបោះ​ផ្សាយ​ជា​សាធារណៈ​លើកដំបូង (IPO)​។

នៅក្នុង​សេចក្តី​ថ្លៃងការណ៍​នៅ​ថ្ងៃ​ចន្ទ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​ស៊ុយអែត​នេះ​ក៏បាន​ទម្លាក់​ចំនួន​ដែល​ខ្លួន​មាន​ផែនការ​កៀរគ​ប្រាក់​ពី​ការបោះ​ផ្សាយ​ជា​សាធារណៈ​ពី​ ២៥ ​ពាន់​លានក្រូន័រ (២,៩ ​ពាន់​លាន​ដុល្លារ​) មក​នៅ​ ២០ ​ពាន់​លានក្រូន័រ​ (២,៣ ​ពាន់​លាន​ដុល្លារ​)​។

ក្រុមហ៊ុន​នេះ​បាន​និយាយថា​ថ្ងៃ​ជួញដូរ​ដំបូង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៩ ​ខែតុលា យឺត​ជាង​មួយថ្ងៃ​ដែល​បានប្រកាស​កាលពី​លើក​មុន​។

ក្រុមហ៊ុន Volvo កាល​ដំបូង​និយាយថា ផែនការ​របស់ខ្លួន​បោះផ្សាយ​មូលបត្រ​ជា​សាធារណៈ​នៅ​ដើមខែ​តុលា ខណៈ​ដែល​មានការ​កត់សម្គាល់​ថា ក្រុមហ៊ុន Geely របស់​ចិន​នឹង​នៅតែ​ជា​ភាគហ៊ុនិក​ធំ​បំផុត​។

ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​បាននិង​កំពុង​ក្រាញននៀល​រហូតដល់​ក្រុមហ៊ុន Geely ទិញ​ផ្តាច់ខ្លួន​ពី Ford ដែលជា​ក្រុមហ៊ុន​រថយន្ត​យក្ស​របស់​អាមេរិក​ក្នុងតម្លៃ​ ១,៨ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១០​។

កិត្តិស័ព្ទ​របស់ Volvo និង ការលក់​បាន​ប្រសើរឡើង​យ៉ាងខ្លាំង​ចាប់តាំងពី​ពេល​នោះមក ដោយ​ឈរលើ​ប្រជាប្រិយភាព​នៃ​បច្ចេកវិទ្យា SUVs ។ ក្រុមហ៊ុន​មាន​ផែនការ​ផលិត​រថយន្ត​អគ្គិសនី​ទាំងអស់​នៅ​ឆ្នាំ​ ២០៣០​។

លោក Hakan Samuelsson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Volvo បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាសថា​៖ «​ដំណើរការ​បង្កើន​ប្រាក់​ពី​ការបោះ​ផ្សាយ​មូលបត្រ​រួមជាមួយ​តារាង​តុល្យភាព​រឹងមាំ​របស់​យើង នឹង​ធានា​មូលនិធិ​នៃ​យុទ្ធសាស្ត្រ​កែប្រែ​កាន់តែ​ឆាប់រហ័ស និង​ការផ្តល់ជូន​នៃ​មហិច្ឆតា​កណ្តាល​ទសវត្សរ៍​របស់​»៕ RR