​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែងថា វិស័យ​ឯកជន​ត្រូវមាន​តួនាទី​សំខាន់ៗ​មួយចំនួន ៣ ក្នុងការ​រួមចំណែក​ស​ម្រេច​ឱ្យបាន​នូវ​ការងារ​អាទិភាព និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ ២០២២ ដើម្បី​ជំរុញ​ការស្តារ និង​ជំរុញ​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​អំពី​តួនាទី​របស់​វិស័យ​ឯក​បែបនេះ នៅក្នុង​ពិធី​ថ្លែង​សុន្ទរកថា​គន្លឹះ​តាម​ប្រព័ន្ធ​វីដេអូ នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន​ក្រោម​ប្រធានបទ​៖ «​កសាង​អនាគត​ឌីជីថល​ប្រកបដោយ​ចីរភាព​របស់​យើង​»​ នៅ​ថ្ងៃទី​ ២៥ ខែ តុលា ឆ្នាំ​ ២០២១​ នេះ​។​

​បើ​តា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិស័យ​ឯកជន ទី​១. ត្រូវ​ទាញ​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាស៊ានដែលមាន​ស្រាប់ ជាពិសេស​កិច្ចព្រមព្រៀង អា​សិប (RCEP) ដែល​គ្រោង​នឹង​ចូល​ជាធរ​មាននៅ​ដើមឆ្នាំ ២០២២ ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ ជាពិសេស​ការជំរុញ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដើម្បី​បង្កើត​ការងារ​, បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។​

​ទី​២. ចូលរួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ជាពិសេស​ការអភិវឌ្ឍ​ជំនាញ​ឌីជីថល​, ព្រមទាំង​ការលើកកម្ពស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ តាមរយៈ​ការចូល​រួមសហការ​ជាមួយ​ធុរកិច្ច និង​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​ជួយ​ការកាត់បន្ថយ​គម្លាត​ឌីជីថល និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​។​

​ទី​៣. លើកកម្ពស់​កិច្ចសហការ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ជាពិសេស​តាមរយៈ យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ក្នុង​គោលបំណង​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​មកប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ និង​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​ជួយ​បំពេញតម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការស្ដារ ឡើងវិញ​នូវ​កិច្ចអភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា សម្រាប់​កម្ពុជាក្នុង​ស្មារតី​បុ​រេ​សកម្ម សំដៅ​លើកកម្ពស់ ការចូលរួម​របស់​វិស័យ​ឯកជន ក្នុងការ​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​នៃ​ការ​ប្រែក្លាយ​វិបត្តិ​ទៅជា​កាលានុវត្តភាព តាមរយៈ​ការដាក់ចេញ​និង​ជំរុញ​ការអនុវត្ត​នូវ​គោលនយោបាយ និង​វិធាន​ការសំខាន់ៗ រួមមាន “​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម ឌីជីថល​កម្ពុជា ២០២១-២០៣៥” និង “​ច្បាប់​ស្តីពី​វិនិយោគ​ថ្មីៗ ព្រម​ជាមួយនឹង​ការបញ្ចប់​នូវ “​ច្បាប់​ស្តីពី ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​”, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​” និង “​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​” ដែល​នឹង​ចូល​ជា​ធរមាន ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕​