ធនាគារ​អេស៊ីលីដា​ដែល​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​​បានដាក់​ឱ្យប្រើប្រាស់​កម្មវិធី​​ទូរស័ព្ទ​ថ្មី​ជា​ផ្លូវការ​ដែលមាន ឈ្មោះ ថា KHQR Payment Service ដែល​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​អាច​បម្រើ​​សេវា​ទូទាត់​ KHQR Payment Service រួមគ្នា​សម្រាប់​ការទូទាត់​ទំនិញ​ និង​សេវាកម្ម​ផ្សេងៗ​។

យោងតាម​ធនាគារ​មួយ​នេះ​កាលពី​ថ្ងៃទី​ ២៥ ខែតុលា​បាន​ដាក់ឱ្យ​ដំណើរ​ជា​ផ្លូវការ​នូវ អេស៊ីលីដា​ ម៉ូបាល (ACLEDA Mobile) អាច​ស្កេន KHQRCode ទាំង​ប្រាក់រៀល និង ប្រាក់​ដុល្លារ និង​កម្មវិធី​ផ្សេងៗ​ទៀត ដែល​រួមទាំង​កម្មវិធី បាគង (Bakong App) អាច​ស្កេន KHQR របស់​ធនាគារ អេស៊ីលីដា ទាំង​ប្រាក់រៀល និង​ប្រាក់​ដុល្លារ​។

សេវា​ទូទាត់ KHQR Payment Service ផ្តល់​សេវាកម្ម កាន់តែ​ប្រសើរ​ដល់​អ្នកប្រើប្រាស់​ជាមួយ​នឹង​ប្រសិទ្ធភាព​សុវត្ថិភាព និង​ទំនុកចិត្ត​ខ្ពស់​សម្រាប់​ប្រតិបត្តិការ​ទូទាត់​ទំនិញ និង សេវាកម្ម ក្នុងចំណោម​ធនាគារ និង​គ្រឹះស្ថាន​ធនាគារ​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់ ដែលជា​សមាជិក​នៃ​កម្មវិធី បាគង​ (Bakong App)​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២៥ ខែតុលា​ថា KHQR មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​អ្នកប្រើប្រាស់​អតិថិជន​ទាំងអស់​ទាំង​ពាណិជ្ជករ អតិថិជន​របស់​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​។ ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​គឺ​ពួកគេ​អាច​ជ្រើសរើស ការទូទាត់​តាមរយៈ KHQR តែមួយ​ប៉ុណ្ណោះ​គឺ​វា​ងាយស្រួល​ និង​មាន​សុវត្ថិភាព​ដោយ​គ្មាន​ភាពស្មុគស្មាញ​។

លោក​ថ្លែងថា​៖ «​ដំណោះស្រាយ​នេះ​គឺជា​ផលិតផល​​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ (FinTech) ​ដ៏សំខាន់​ដែល​ត្រូវបាន​ផ្តួចផ្តើម ដោយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ហើយ​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​បានធ្វើការ​រួមគ្នា​ជាមួយ​ធនាគារ​អេស៊ីលីដា​ ដើម្បី​អភិវឌ្ឍ​ដំណោះស្រាយ ប្រកបដោយ​សុវត្ថិភាព និង​ងាយស្រួល​បំផុត​សម្រាប់​ការគ្រប់គ្រង​ធនាគារ និង​អតិថិជន​របស់​គ្រឹះស្ថាន ហិរញ្ញវត្ថុ​ទាំងអស់​ដូច្នេះ​ពួកគេ​អាច​ធ្វើការ​ទូទាត់​តាមរយៈ​ KHQR របស់​ធនាគារ​អេស៊ីលីដា ភី អិលស៊ី ហើយ​យើង​កំពុង​ទន្ទឹងរង់ចាំ ដំណោះស្រាយ​ដ៏សំខាន់​បែបនេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​»​។

លោកស្រី ជា សេរី ឧបការី ទេសាភិបាល និង​ជា​អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា បច្ចុប្បន្ន​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា ​និង​ការប្រកួតប្រជែង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​ផ្តល់​ឱកាស​ និង​ជំរុញ​ឱ្យ​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដាក់ចេញ​នូវ​ឧបករណ៍​ និង​សេវា​ទូទាត់​ប្រកប​ដោយ​នវានុវត្តន៍​ដល់​សាធារណជន ដូចជា​ការទូទាត់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​តាម​ទូរស័ព្ទ ចល័ត និង​តាម​ឃ្យូអកូដ ជាដើម​។

លោកស្រី​បន្តថា ទោះជា​យ៉ាងនេះ​ក៏ដោយ ការទូទាត់​តាម​ឃ្យូអកូដ​កន្លងមក​នៅ​ពុំទាន់​មាន​ប្រសិទ្ធភាព និង​ផ្តល់​ភាពងាយស្រួល​សម្រាប់​អតិថិជន​នៅឡើយ ព្រោះ​អតិថិជន​មិនអាច​ធ្វើការ​ទូទាត់​សង​ប្រាក់ ឆ្លង​គ្រឹះស្ថាន​ទៅវិញទៅមក​បាន​។ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ និង​ដើម្បី​អនុវត្ត​ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ចេញ​នូវ​ប្រកាស​ស្តីពី​គំរូ​បរិច្ឆិនភាព​បច្ចេកទេស​ខេអេចឃ្យូអកូដ (KHQR Code) សម្រាប់​ទូទាត់​សង​ប្រាក់​កាលពី​ថ្ងៃ​ទី​ ២៦ ខែ មិថុនា ឆ្នាំ​ ២០២០ កន្លងមក​។

លោកស្រី​លើកឡើងថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា​សូម​អបអរសាទរ​ចំពោះ​ធនាគារ អេស៊ីលីដា​ភីអិលស៊ី​ក្នុង​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ និង ដាក់ឱ្យ​ដំណើរការ​សេវា​ទូទាត់ តាម​ខេអេច ឃ្យូអកូដ ដែល​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិជន​អាច​ធ្វើការ​ទូទាត់​ថ្លៃទំនិញ និង​សេវាកម្ម​បាន​យ៉ាង​ឆាប់រហ័ស​តាម​កម្មវិធី បាគង (Bakong App) ​កម្មវិធី អេស៊ីលីដា ម៉ូបាល (ACLEDA Mobile) និង​កម្មវិធី​ម៉ូបាល​របស់​ធនាគារ និង​គ្រឹះស្ថាន ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ផ្សេងៗ​ទៅវិញទៅមក​បាន​»​។

លោក អ៊ិន ចាន់នី បានឱ្យ​ដឹងថា រហូត​មក​ដល់​ពេលនេះ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​មាន​អតិថិជន​ជាង​ ២ ​លាន​នាក់​បាន​ប្រើ​ KHQR​។ ការអភិវឌ្ឍ​ដ៏សំខាន់​នេះ​នៃ​ KHQR អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ធនាគារ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងទៀត​ទាំងអស់​អាច​ធ្វើការ​ទូទាត់​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​នៅពេលនេះ​យើង​បាន​ធ្វើឱ្យ​វា​អាចធ្វើ​ទៅបាន​សម្រាប់​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ អតិថិជន​របស់​ពួកគេ ពាណិជ្ជករ និង​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​»​។ ការអភិវឌ្ឍ​នេះ​ស្របតាម​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ KHQR មាន​សារៈសំខាន់​ណាស់​ក្នុង​ការបង្រួបបង្រួម ការទូទាត់ ដែល​អតិថិជន អាច​ជ្រើសរើស​បានដែ​លវា​គឺជា​ជម្រើស​ថ្មី​មួយ​សម្រាប់​អតិថិជន​»៕