ភ្នំពេញៈ គម្រោង​វិនិយោគ​ចំនួន ៧ ដែលមាន​ទុនវិនិយោគ សរុប​ជិត ៩៤,៥ ​លាន​ដុល្លារ និង​បង្កើត​ការងារ​ថ្មី​បាន ៥ ៣១១ ​កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​កាលពី​ចុង​សប្តាហ៍​កន្លងមក​។

យោងសេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC គម្រោង​ដែល​ត្រូវបាន​អនុម័ត​រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​របស់​ក្រុមហ៊ុន Trend Apparel Co., Ltd មាន ទីតាំង​វិនិយោគ​នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ក្រោម​ទុន​វិនិយោគ ២ ​លាន​ដុល្លារ​អាច​បង្កើត​ការងារ​បាន ៣៦៨ កន្លែង​, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន Blingtex (Cambodia) Co., Ltd នៅ​ស្រុក គងពិសី ខេត្តកំពង់ស្ពឺ មាន ទុនវិនិយោគ ២,៣ ​លាន​ដុល្លារ បង្កើត​ការងារ បាន ៣៥៩ ​កន្លែង​, គម្រោង​បង្កើត​រោងចក្រ​ផលិត ស្បែកជើង​របស់​ក្រុមហ៊ុន Epic International Co., Ltd​នៅ​សង្កាត់​ចោមចៅ​ទី​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ មាន​ទុនវិនិយោគ ៣,១ ​លាន​ដុល្លារ បង្កើត​ការងារ​បាន ៧៣៥ កន្លែង​, និង​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន Smart Shine Garment (Cambodia) Co., Ltd នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ ៣,២ ​លាន​ដុល្លារ​បង្កើត​ការងារ​បាន ២២១៩ ​កន្លែង​។

ចំណែក ៣ គម្រោង​ទៀត គឺ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត សាឡុង ស្បែក គ្រឿង​សាឡុងឈើ និង​កេះកាតុង​របស់​ក្រុមហ៊ុន Jayee Furniture (Cambodia) Co., Ltd.​ស្ថិតនៅ​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​មាន​ទុនវិនិយោគ ១,៨ ​លាន ដុល្លារ បង្កើត​ការងារ​បាន​ចំនួន ១៥០ កន្លែង​, គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លម្អ​របស់​ក្រុមហ៊ុន Starray Lighting (Cambodia) Enterprise Co., Ltd.​ស្ថិតនៅក្នុង​​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គីហ្គា រីសស៍​ខេត្ត​ស្វាយរៀង មាន​ទុន វិនិយោគ ២,៥ លាន​ដុល្លារ បង្កើត​ការងារ​បាន ៧០០ ​កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រោមដៃ​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន RMKH Glove (Cambodia) Co., Ltd.​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាត ធេន ស្វាយរៀង​ខេត្តស្វាយរៀង​មាន​ទុនវិនិយោគ ៨០ ​លានដុល្លារ និង​បង្កើត​ការងារ​បាន ៧៨០ ​កន្លែង​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៥ ខែតុលា​ថា ទោះបី​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ នៅលើ​ពិភពលោក​មិនទាន់​ធូរស្រាល​ក៏​ចំនួន​នៃ​ការដាក់ពាក្យ​ស្នើសុំ​វិនិយោគ​នៅ CDC ​មិនបាន​ធ្លាក់ចុះ​នោះទេ ហើយ​សំណើ​វិនិយោគ​ដែល​អនុម័ត​ថ្មីៗ​នេះ​ក៏មាន​ភាពចម្រុះ​លើ​គ្រប់​វិស័យ​ផងដែរ ដែល​នេះ​ជា​ការបញ្ជាក់​ពី​ការធ្វើ​ពិពិធកម្ម​ផលិតកម្ម​នៅ​កម្ពុជា​។ លោក​បន្តថា ជាមួយ​នឹង​ការសម្រេច​បាន​នូវ​សមិទ្ធផល​ជា​បន្តបន្ទាប់​ក្នុងពេល​ថ្មីៗ​នេះ ដូចជា​ច្បាប់​វិនិយោគ​ថ្មី និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន កំណើន​នៃ​ការ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​នឹង​មាន​កំណើន​ខ្ពស់​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​ការអនុម័ត ជា​បន្តបន្ទាប់​របស់​ក្រុមប្រឹក្សា​អភិវឌ្ឃន៍​កម្ពុជា គឺ​បញ្ជាក់​ពី​ទំនុកចិត្ត​របស់​ក្រុម​អ្នក​វិនិយោគ​ចំពោះ​ការបណ្តាក់ទុន​នៅ​ប្រទេស​កម្ពុជា​។ កំណើន​នៃ​ការដាក់​ពាក្យសុំ​វិនិយោគ ត្រូវ​រំពឹងថា​នឹងមាន​កំណើន​ជា​បន្តបន្ទាប់​ចាប់ពី​ពេលនេះ​ទៅ ខណៈពេល​ការសម្រេច​បើកផ្លូវ​ហោះហើរ និង​ការកាត់បន្ថយ​រយៈពេល​ធ្វើ​ចត្តាឡីស័ក​នឹង​ជួយ​ឱ្យ​អ្នកវិនិយោគ​បាន​ភាពងាយស្រួល​ក្នុង​ការចូល​មក​សិក្សា និង​ពិនិត្យ​ឱកាស​វិនិយោគ​នៅ​កម្ពុជា​»​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​ចំនួន ៧០ ក្រោម​ទុនវិនិយោគ​សរុប ២ ៤២៨ លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​ការគណនា​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចំពោះតែ​គម្រោង​ដែល​ត្រូវ​​បាន CDC បង្ហោះ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​ចាប់ពី​ខែ​មករា ដល់​ដំណាច់​ខែមិថុនា ឆ្នាំ​​ ២០២១៕