The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការនាំ​ចេក​ស្រស់​របស់​កម្ពុជា​ទៅ​ទីផ្សារ​ចិន​នៅតែ​មាន​កំណើន​ខ្ពស់




ការនាំ​ចេក​ស្រស់​របស់​កម្ពុជា​ទៅ​ទីផ្សារ​ចិន​នៅតែ​មាន​កំណើន​ខ្ពស់

Content image - Phnom Penh Post
ការនាំ​ចេក​ស្រស់​របស់​កម្ពុជា​ទៅ​ទីផ្សារ​ចិន​នៅតែ​មាន​កំណើន​ខ្ពស់ ស្របពេល​​ដែល​កម្ពុជា​ជួប​បញ្ហា​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។ ហេង ជីវ័ន

ការនាំ​ចេក​ស្រស់​របស់​កម្ពុជា​ទៅ​ទីផ្សារ​ចិន​នៅតែ​មាន​កំណើន​ខ្ពស់

ភ្នំពេញៈ វិស័យ​ឯកជន​បាន​អះអាងថា ការនាំចេញ​ផ្លែ​ចេក​ស្រស់​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​ចិន​ នៅតែ​មាន​កំណើន​ខ្ពស់ នៅក្នុង​ឆ្នាំនេះ ស្របពេល​​ដែល​កម្ពុជា​ជួប​បញ្ហា​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ ខែ តុលា ឆ្នាំ​ ២០២១ ឱ្យដឹងថា មូលហេតុ​ដែល​នាំចេញ​ចេក​ស្រស់​កម្ពុជា​នៅតែ​មាន​កំណើន​នេះ​គឺ​ដោយសារ​ប្រទេស​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពិធីសារ​បើកផ្លូវ​ឱ្យមាន​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​កាលពី​ឆ្នាំ​ ២០១៨ កន្លងមក​នេះ​។

លោក​ពន្យល់ថា កិច្ចព្រមព្រៀង​នេះ​បាន​បើកចំហ​ដោយ​មិន​បានដាក់​កម្រិត​នៃ​ការនាំចេញ​ប្រភេទ​ចេក​ស្រស់​នោះទេ​។ ទោះជា​យ៉ាងណា ការបើកចំហ​នេះ លុះត្រាតែ​រក្សាបាន​នូវ​គុណភាព និង​អនុវត្ត​ទៅ​តាម​គោលការណ៍ វិធាន​អនាម័យ និង​ភូតគាម​អនាម័យ ដែលមាន​នៅក្នុង​ខ្លឹមសារ​កិច្ចព្រមព្រៀង​រវាង​ក្រសួងកសិកម្ម​កម្ពុជា​ជាមួយនឹង​ភាគី​ចិន​។

លោក​ថ្លែងថា​៖ «​នៅពេលដែល យើង​វិនិយោគ​ជា​កញ្ចប់​បាន​គឺ​វា​អាច​សមស្រប​ជាមួយ​នឹង​គោលការណ៍​ស្តង់ដា​របស់​ប្រទេស​នាំចូល ដូចជា ប្រទេស​ចិន​ជាដើម ដែល​បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​គឺជា​កត្តាសំខាន់​ជាងគេ​។ វា​មិនមែន​បើកចំហ​ឱ្យមាន​ការនាំចេញ​ដោយ​សេរី​ទេវា​ត្រូវតែ​គោរព​ឱ្យបាន​ត្រឹមត្រូវ​នូវ​ពិធីសារ​នៃ​កិច្ចព្រមព្រៀង​»​។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញ​​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ទទួលស្គាល់ថា ការនាំចេញ​ចេកស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​នេះ​ពិតជា​មាន​កំណើន​ខ្ពស់​ក្នុង​ឆ្នាំ​ ២០២១ នេះ​បើ​ធៀប​ទៅនឹង​ការនាំចេញ​នៅក្នុង​ឆ្នាំ​ ២០២០ មាន​ចំនួន​តិច ព្រោះ​កម្ពុជា​ទើបតែ​ចាប់ផ្តើម​ដាំដុះ​។

លោក បន្តថា​មួយ​ទៀត​កម្ពុជា​មាន​តែ​ចម្ការ​ចំនួន​ ៦ ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យមាន​ការនាំចេញ ព្រោះ​បាន​អនុវត្ត​ត្រឹមត្រូវ​ស្រប​តាម​ស្តង់ដា​ភូតគាម​អាម័យ និង​ការប្រើប្រាស់​ថ្នាំ​គីមី​របស់​ប្រទេស​ចិន​។ ដូច្នេះ​ក្រុមហ៊ុន​ដែល​អាច​នាំចេញ​ចេក​ស្រស់​ទៅកាន់​ប្រទេស​ចិន​បាន​សុទ្ធតែ​ជា​ក្រុមហ៊ុន​ដែលមាន​កិច្ចសហប្រតិបត្តិការ ឬ​ជា​ក្រុមហ៊ុន​របស់​ចិន​។

លោក​ថ្លែងថា​៖ «​ធម្មតា ថ្លៃដើម​នៅ​កម្ពុជា​មាន​តម្លៃ​ទាប​ជាង​ថ្លៃ​ដើម​ពី​ប្រទេស​ផ្សេង ទើប​គេ​នាំចូល​ពី​ប្រទេស​យើង បើសិន​ជា​ថ្លៃដើម​យើង​ខ្ពស់​ដូច​ផ្លែ​មៀន និង​ផ្លែ​តាង៉ែន​មិនអាច​នាំ​ទៅ​បាន​ទេ​។ ក្នុងន័យនេះ ខ្ញុំ​ស្នើថា​វា​ជា​ឱកាស​កម្ពុជា ហើយ​យើង​មើល​អំពី​តម្រូវការ និង​ការផ្គត់ផ្គង់​រដ្ឋាភិបាល​ក៏ដូចជា​ក្រសួងកសិកម្ម គួរតែ​ពង្រីក​វិសាលភាព ផលិតកម្ម កសិកម្ម ឱ្យបាន​ទៅដល់​ប្រជាពលរដ្ឋ និង​កសិករ​ឱ្យ​ទទួល​បាន​ចំណូល ដើម្បី​ឈានទៅរក​កំណើន​ស្មើភាព​គ្នា​​ក្នុង​ឆ្នាំ​ ២០៥០»​។

លោក ហ៊ុន ឡាក់ បានស្នើ​ដល់​វិស័យ​ឯកជន និង​សាធារណៈ ត្រូវតែ​ពង្រឹង​រក្សា​ឱ្យបាន​នូវ​វិធាន​នានា ដែល​ពាក់ព័ន្ធ​នឹង​ស្តង់ដា និង​ខ្លឹមសារ​សំខាន់ៗ​ដែលមាន​នៅក្នុង​ពិធិសារ ជាពិសេស​វិធាន​អនាម័យ និង​ភូតគាម អនាម័យ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​និរន្តរភាព​នៃ​ការនាំចេញ​សម្រាប់​រយៈពេល​វែង ជាពិសេស​ត្រូវ​ពង្រឹង​គុណភាព​ដើម្បី​ធ្វើការ​ប្រកួតប្រជែង ពីព្រោះ​ផ្លែ​ចេក​ស្រស់​មិនមែន​តែ​ប្រទេស​​កម្ពុជា​នាំចូល​ទៅកាន់​ប្រទេស​ចិន​ទេ គឺមាន​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត នៅលើ​ពិភពលោក​ក៏​គេ​ធ្វើការ​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ដែរ ។

លោក​បាន​ថ្លែងថា​៖ «​អ៊ីចឹង ទាមទារ​ឱ្យ​យើង​ផលិត​ចេក​ស្រស់​របស់​យើង​ដែល​ទើបតែ​អភិវឌ្ឍ​ក្រោយ​គេ​នេះ ដែល​ទើបតែ​បាន ៤ ឆ្នាំនេះ​យើង​ត្រូវតែ​ប្រឹង រក្សា​គុណភាព​ឱ្យ​បាន​លើ​តម្លៃ​ប្រកួតប្រជែង​។ អ៊ីចឹង ខ្ញុំ​រំពឹងថា ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​នឹង​នៅតែ​មាន​កំណើន​ជា​បន្តបន្ទាប់​ទៀត​»​។

យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពី​ថ្ងៃទី​ ១ ខែតុលា ឆ្នាំ ២០២១ បាន​បង្ហាញថា ក្នុង​រយៈពេល ៩ ខែ ឆ្នាំ​ ២០២១ នេះ កម្ពុជា​នាំចេញ​ផ្លែ​ចេក​ស្រស់​មាន​ចំនួន ៣៤៣ ៨១២,៣៤ តោន​កើនឡើង​ចំនួន ៤៦,២០% បើ​ធៀប​ជាមួយនឹង​ឆ្នាំ ២០២០ ដោយ​ក្នុង​ការនាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ៣០១៦២៨,៩៩ តោន ប្រទេស​វៀតណាម​ចំនួន ៤១ ១៦៩,៣៥ តោន ប្រទេស​ជប៉ុន​​មាន​ចំនួន ៥៣៣,៥២ តោន និង ប្រទេស​សិង្ហបុរី​មាន​ចំនួន ៤៨០,៤៨ តោន​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍