ភ្នំពេញៈ ការនាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន ក្នុង​រយៈពេល​ ៨ ​ខែ​ដើមឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​សរុប​ជាង ១,១ ​ពាន់​លាន​ដុល្លារ កើន​ជាង ៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ធៀប​នឹង​ឆ្នាំ​ ២០២០ ទោះបី​ជា​ប្រទេស​ទាំង​ ២ ​បាននិងកំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្តី​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន Jetro​។

ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែសីហា ផលិតផល​ដែល​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន មានតម្លៃ​សរុប ១ ១២៤,២៣ ​លាន​ដុល្លារ កើនឡើង ៧,៣ ​ភាគរយ ពី​ចំនួន ​១ ០៤៨,៩៨ ​លាន​ដុល្លារ នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ​ចំណែក​ការនាំ​ទំនិញ​ពី​ជប៉ុន​មក​កម្ពុជា​ក្នុងអំឡុងពេល​ខាងលើ​មាន​ទឹកប្រាក់ ៣៨៥,១៤ ​លាន​ដុល្លារ កើន ២៨ ​ភាគរយ​ពី​ចំនួន ៣០០,៩ ​លាន​ដុល្លារ​។

ផលិតផល​ដែល​កម្ពុជា​នាំទៅ​ជប៉ុន​មាន​ដូចជា សម្លៀកបំពាក់ គ្រឿង​ផ្គុំ​អគ្គិសនី និង​គ្រឿង​ផ្គុំ​អេឡិចត្រូនិក ខណៈ​ការនាំ​ចូល​ពី​ជប៉ុន​មានដូចជា គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​។ ចំណែក​ផលិតផល​ជប៉ុន​នាំមក​កម្ពុជា មាន​ភាគច្រើន​ជា​គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ទំនើបៗ​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបី​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅលើ​ពិភពលោក​នៅ​មិនទាន់មាន​ភាព​ធូរស្រាល ប៉ុន្តែ​គេ​សង្កេតឃើញ​ការនាំចេញ-នាំចូល​ទំនិញ​រវាង​កម្ពុជា ជប៉ុន​បានចាប់ផ្តើម​កើនឡើង​វិញ​ជា​បណ្តើរៗ​ហើយ ខុសពី​ឆ្នាំមុន​ដែល​ការនាំចេញ និង នាំចូល​ធ្លាក់ចុះ​ព្រមៗ​គ្នា​។

លោក​បន្តថា នេះ​ជា​សញ្ញាល្អ​សម្រាប់​ទិដ្ឋភាព​ជារួម​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន ចាប់ពី​ដើមឆ្នាំ​ ២០២១ មក ខណៈ​សញ្ញា​វិជ្ជមាន​បន្ថែមទៀត​ត្រូវ​រំពឹងថា នឹងមាន​សម្ទុះ​ខ្លាំង​នៅពេល​​ការបើកផ្លូវ​ហោះហើរ​ផ្ទាល់​​រវាង​ប្រទេស​ទាំង​ ២ ចាប់ផ្តើម​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​បង្កើតបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន និង​កូរ៉េ ខ្ញុំ​រំពឹងថា កម្ពុជា​ក៏​អាច​នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ជប៉ុន​ផងដែរ​។ នៅពេល​មាន​កិច្ចព្រមព្រៀង​នេះ ការនាំចេញ និង​នាំចូល​រវាង​ប្រទេស​ទាំង ២ ប្រាកដ​នឹងមាន​កំណើន​ខ្ពស់​បន្ថែមទៀត បើ​ធៀប​នឹង​ពេលបច្ចុប្បន្ន​»​។

លោក​ប្រាប់ទៀតថា ទាក់ទង​នឹង​កំណើន​ខ្ពស់​ (​គិត​ជា​ភាគរយ​) ​នៃ​ការនាំ​ចូល​របស់​ជប៉ុន​នាពេលនេះ គឺ​មិនមែនជា​ចំណុច​អវិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ទេ ព្រោះ​ផលិតផល​ដែល​នាំចូល​ពី​ជប៉ុន គឺ​ភាគច្រើន​លើសលប់​ជា​គ្រឿងចក្រ និង​គ្រឿង​អេឡិចត្រូនិក ដែលជា​ឧបករណ៍​សំខាន់​សម្រាប់​ប្រើប្រាស់​ក្នុង​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​។ លោក​អះអាងថា​៖ «​ផលិតផល​ទាំងអស់​នោះ អាចជា​គ្រឿង​ម៉ាស៊ីន​សម្រាប់​ផលិត ផលិតផល​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​»​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា ជប៉ុន ក្នុង​ឆ្នាំ​ ២០២០ មាន​ទឹកប្រាក់​សរុប ២ ១០១,៧៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៨,៣៥ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩ ក្នុងនោះ​ការនាំចេញ​មាន​ទឹកប្រាក់ ១៦១៧,០៨ ​លានដុល្លារ ធ្លាក់ចុះ ៦,៦ ​ភាគរយ និង​នាំចូល​មាន​ទឹកប្រាក់ ៤៨៤,៧០ ​លាន​ដុល្លារ ​ធ្លាក់ ១៣,៨ ​ភាគរយ​។ នេះ​​បើតាម​ទិន្នន័យ​ពី អង្គការ​​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន Jetro៕ LA