The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​នឹង​អាច​នាំចេញ​ទំនិញ​ប្រមាណ ១ ​ម៉ឺន​មុខ​ទៅ​ទីផ្សារ​កូរ៉េខាងត្បូង




កម្ពុជា​នឹង​អាច​នាំចេញ​ទំនិញ​ប្រមាណ ១ ​ម៉ឺន​មុខ​ទៅ​ទីផ្សារ​កូរ៉េខាងត្បូង

Content image - Phnom Penh Post
​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក YEO Han-Koo រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ ចុះកិច្ចព្រមព្រៀង CKFTA កាលពី​ថ្ងៃទី​ ២៦ ខែ តុលា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​អនឡាញ​។ រូបថត ក្រសួងពាណិជ្ជកម្ម

កម្ពុជា​នឹង​អាច​នាំចេញ​ទំនិញ​ប្រមាណ ១ ​ម៉ឺន​មុខ​ទៅ​ទីផ្សារ​កូរ៉េខាងត្បូង

ភ្នំពេញៈ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ​ (CKFTA) ​ត្រូវបាន ចុះហត្ថលេខា​ជា​ផ្លូវការ​តាម​ការគ្រោងទុក​ដែលជា​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រទេស​ទាំង​ ២ ​បង្កើន​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​។

កិច្ចព្រមព្រៀង CKFTA ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក YEO Han-Koo រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ កាលពី​ថ្ងៃទី​ ២៦ ខែ តុលា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​អនឡាញ​។

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ជួបនឹង​លោក MOON Jae-In ប្រធានាធិបតី​កូរ៉េខាងត្បូង កាលពី​ខែមីនា ឆ្នាំ​ ២០១៩​។ នៅ​ថ្ងៃទី​ ២៥ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២ ​បាន​ជួបគ្នា​នៅ​ទីក្រុង​ប៊ូសាន និង​បានប្រកាស​ដំណើរការ​សិក្សា​។

លោក YEO Han-Koo បានឱ្យដឹង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា ស្រប​ពេលដែល​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ កំពុងមាន​ការកើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កិច្ចព្រមព្រៀង FTA នឹង​ក្លាយជា​កម្លាំងចលករ​មួយ​ផ្សេងទៀត​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​កាន់តែ​ច្រើន​រវាង​ប្រជាជាតិ​អាស៊ី​ទាំង​ ២ ​បន្ថែម​ពីលើ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​បន្ត​គាំទ្រ​ការចរចា​ក្នុង​អំឡុងពេល​ការកាន់​តំណែង​របស់ខ្ញុំ​។ ព្រឹក​នេះ​ខ្ញុំ​រីករាយ​ណាស់​ចំពោះ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ​។ សព្វថ្ងៃ​មាន​ក្រុមហ៊ុន​កូរ៉េ​ជាង ៣៤០ មាន​វត្តមាន​នៅ​កម្ពុជា​។ ជាមួយ​នឹង​ការសម្រេចបាន​កិច្ចព្រមព្រៀង FTA របស់​យើង​នឹង​បម្រើ​ជា​កម្លាំង​ជំរុញ​បន្ថែមទៀត ក្នុង​ការពង្រីក និង​ពង្រឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់​របស់​យើង​ទាំង​ក្នុងប្រទេស​កូរ៉េ និង​កម្ពុជា​»​។

លោក​បន្តថា​៖ «​តាមរយៈ​កិច្ចព្រមព្រៀង FTA នេះ​យើង​នឹង​មើលឃើញ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​យើង ផលិត​ផល​ឧស្សាហកម្ម​ដែល​យើង​ទទួលបាន​អត្ថប្រយោជន៍​រួចទៅហើយ​។ ដូច្នេះហើយ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតផល​របស់​យើង ស្ថាប័ន​ផលិត និង​ពន្លឿន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​ផ្សេង​»​។ លោក​បន្ថែមថា នៅក្នុង​មូលដ្ឋានគ្រឹះ​ស្ថាប័ន​កូរ៉េ​នឹង​គាំទ្រ​ដល់​ការកសាង​សមត្ថភាព និង​ជំនួយការ​បច្ចេកទេស​។

លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ទោះបី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២ ក៏​ការប្តេជ្ញាចិត្ត​ដ៏ម៉ឺងម៉ាត់​របស់​មេដឹកនាំ​បាន​ធ្វើឱ្យ​កិច្ចព្រមព្រៀង CKFTA ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​។

លោក​បន្តថា បំណងប្រាថ្នា និង​អាទិភាព​របស់​រដ្ឋាភិបាល​គឺ​ការ​មាន​កិច្ចព្រមព្រៀង FTA នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ភាពជា​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ តាមរយៈ​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ខ្សែចង្វាក់​តម្លៃ​ផ្គត់ផ្គង់​ក្នុង​តំបន់​របស់​ប្រទេស​ទាំង​ ២ ​ក្នុង​វិស័យ​ផ្សេងៗ​ក្នុង​លក្ខណៈ​ជា​ការផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។

លោក​លើកឡើងថា​៖ «​កិច្ចព្រមព្រៀង CKFTA នឹង​បង្កើត​ឱកាស​បន្ថែមទៀត​សម្រាប់​អាជីវកម្ម​ដើម្បី​រីកចម្រើន និង​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។ ជាងនេះទៀត កិច្ចព្រមព្រៀង FTA នេះ​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​រួមបញ្ចូល​នូវ​ឥទ្ធិពល​ដ៏​ខ្លាំង​ក្នុងការ​សម្របសម្រួល​សម្រាប់​ការស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាល​ពី​ជំងឺ​កូវីដ​ ១៩»​។

លោក​បាន​បញ្ជាក់ថា​៖ «​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង CKFTA ថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​ដែល​បង្ហាញថា សូម្បីតែ​ក្នុងពេល​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​បណ្តាល​ឱ្យមាន​វិបត្តិ​សេដ្ឋកិច្ច​ក៏​ប្រទេស​របស់​យើង​ទាំង​ ២ ​បាន​ប្តេជ្ញាចិត្ត​ធ្វើការ​ជាមួយគ្នា​ ដើម្បី​ភាពរុងរឿង​របស់​ប្រទេស​ទាំង​ ២ និង​សុខុមាលភាព​របស់​ប្រជាជន​យើង​ផងដែរ ដើម្បី​ជម្នះ​បញ្ហា​ប្រឈម ហើយ​គួបផ្សំ​ជាមួយ​នឹង​ការប្តេជ្ញាចិត្ត​ដ៏មុតមាំ​របស់​យើង​»​។

កាលពី​ថ្ងៃទី​​ ៩ ខែកក្កដា ឆ្នាំ ២០២០ កិច្ចព្រមព្រៀង CKFTA ត្រូវបាន​ប្រកាស​សម្រាប់​ការចរចា​ជា​ផ្លូវការ​តាមរយៈ​វីដេអូ​។ មុនពេល​ការចុះហត្ថលេខា​ជា​ផ្លូវការ ប្រទេស​ទាំង​ ២ ​បានធ្វើ​ការចរចា​ចំនួន ១២ ​លើក​។ កិច្ចព្រមព្រៀង CKFTA នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ៦០ ​ថ្ងៃ​ បន្ទាប់ពី​ភាគី​ទាំង​ ២ ​ជូនដំណឹង​ឱ្យ​គ្នា​ទៅវិញទៅមក​តាមរយៈ​ការទូត​អំពី​ការបញ្ចប់​នីតិវិធី​​ផ្ទៃក្នុង​នៃ​ការផ្តល់​សច្ចាប័ន​។

លោក ប៉ែន សុវិជាតិ អ្នក​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា​ថា កិច្ចព្រមព្រៀង FTA នឹង​ផ្តល់​ការ​រួចពន្ធ​ដល់​ទំនិញ​កម្ពុជា​ជាង ១ ​ម៉ឺន​មុខ​ទៅកាន់​ទីផ្សារ​កូរ៉េខាងត្បូង​។

លោក​បន្ថែមថា កិច្ចព្រមព្រៀង​នេះ​នឹង​បង្កើត​ឱកាស​សម្រាប់​ទំនិញ​កសិកម្ម និង​កសិឧស្សាហកម្ម ផលិតផល​សម្រេច វាយនភណ្ឌ​ដូចជា សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​ធ្វើដំណើរ កៅស៊ូ គ្រឿងបន្លាស់ គ្រឿង​ផ្គុំ​អេឡិចត្រូនិក​ជាដើម​។ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ជួយ​សម្រួល​ដល់​ការនាំចូល​គ្រឿង​អេឡិចត្រូនិក ឱសថ និង​គ្រឿងបន្លាស់​រថយន្ត ព្រមទាំង​វត្ថុធាតុដើម គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​ផ្សេងទៀត​ដែល​ត្រូវការ​សម្រាប់​ឧស្សាហកម្ម​កម្ពុជា​ផងដែរ​។

ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​បាន​ឱ្យ​ដឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​ក្នុង​ឆមាស​ទី​ ១ ឆ្នាំនេះ​មានតម្លៃ​ជាង ៤៥១,៩៨ ​លាន​ដុល្លារ កើន ៦,៧២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០ ​។ ក្នុងនោះ​កម្ពុជា នាំចេញ​ទំនិញ​ទៅ​កូរ៉េ មានតម្លៃ ១៥៩,៤០ ​លាន​ដុល្លារ ធ្លាក់ចុះ ១,៦ ​ភាគរយ និង​ការនាំ​ទំនិញ​ពី​ប្រទេស​កូរ៉េ​មក​កម្ពុជា​វិញ​មាន ២៩២,៥៩ លាន​ដុល្លារ កើនឡើង ១១,៩ ​ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕LA

អត្ថបទគួរចាប់អារម្មណ៍