The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ប៉ាន សូរស័ក្ដិ ស្នើឱ្យ​អូស្ត្រាលី​ជួយ​ជំនួយ​បច្ចេកទេស និង​បង្កើន​កិច្ចសហប្រតិបត្តិការ




លោក ប៉ាន សូរស័ក្ដិ ស្នើឱ្យ​អូស្ត្រាលី​ជួយ​ជំនួយ​បច្ចេកទេស និង​បង្កើន​កិច្ចសហប្រតិបត្តិការ

Content image - Phnom Penh Post
លោក ប៉ាន សូរស័ក្តិ (​កណ្តាល​) ​អំឡុងពេល​កិច្ចប្រជុំ​ជាមួយ​គណៈប្រតិភូ​អូស្ត្រាលី​។ រូបថត សហការី

លោក ប៉ាន សូរស័ក្ដិ ស្នើឱ្យ​អូស្ត្រាលី​ជួយ​ជំនួយ​បច្ចេកទេស និង​បង្កើន​កិច្ចសហប្រតិបត្តិការ

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានស្នើ​ប្រទេស​អូស្ត្រាលី​ជួយផ្ដល់​ជំនួយ​បច្ចេកទេស និង​កិច្ចសហប្រតិបត្តិ​ការបន្ថែម​ទៀត​ដល់​កម្ពុជា ដើម្បី​គាំទ្រ​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច ជាពិសេស​វិស័យ​ពាណិជ្ជកម្ម ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ២ បាន​កើនឡើង​ជា​បន្តបន្ទាប់​។

ការលើកឡើង​នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ២៥ ខែតុលា រវាង​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ដឹកនាំ​ដោយ​លោក ប៉ាន សូរស័ក្តិ និង​ភាគី​អូស្ត្រាលី​ដឹកនាំ​ដោយ​លោក Dan Tehan រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ ប្រទេស​អូស្ដ្រាលី ព្រមទាំង​មាន​ការចូលរួម​របស់​លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ផង​ដែរ​។

លោក សូរស័កិ្ត បាន​លើកឡើង​ថា ប្រទេស​អូស្ដ្រាលី​តែងតែ​ផ្ដល់ជំនួយ​ដល់​កម្ពុជា​លើ​ដំណើរការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ពិសេស​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ដែល​នេះ​ជា​កត្តា​ដ៏សំខាន់​ក្នុង​ការជួយ​ឱ្យ​កម្ពុជា​អាច​បើក​ប្រទេស​ឡើងវិញ​បាន​លឿន​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​អូស្ដ្រាលី ដែល​តែង​ជួយ​គាំទ្រ និង​ផ្ដល់ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពិសេស​វិស័យ​ពាណិជ្ជកម្ម​។ កម្ពុជា​ប្តេជ្ញា​នឹង​បន្ដ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​»​។

ក្នុងឱកាស​នោះ លោក Dan Tehan ក៏បាន​លើក​សសើរ​រាជរដ្ឋាភិបាល​កម្ពុជា ទាក់ទង​នឹង​ការគ្រប់គ្រង​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ បានល្អ និង​ទទួលជោគជ័យ​យ៉ាង​ធំធេង​លើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​។ ជាមួយ​គ្នា​នេះ​ការធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង ២ ក៏​កំពុង​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ផងដែរ​។

លោក​លើកឡើងថា​៖ «​ខ្ញុំ​កត់សម្គាល់​ឃើញថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មាន​កំណើន​ជា​បន្ដបន្ទាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​»​។

ក្នុងជំនួប​នេះ ភាគី​ទាំង ២ ក៏បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (​អាសិប​) ដែល​កម្ពុជា និង​អូស្ដ្រាលី គឺជា​សមាជិក​។ សម្រាប់​ប្រទេស​កម្ពុជា នីតិវិធី​នៃ​ការប្រកាស​ឱ្យ​ដំណើរការ កិច្ចព្រមព្រៀង​អាសិប​ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ​ ២០២១​។

តាមរយៈ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង ២ បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​រុករក​រ៉ែ Renaissance Minerals Cambodia Limited ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Emerald Resources មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង Perth ប្រទេស​អូស្ត្រាលី​កំពុង​ធ្វើ​ប្រតិបត្តិ​រុករក និង​ចម្រាញ់​រ៉ែ​មាស​នៅ​តំបន់​​អូរខ្វាវ​នៃ​ខេត្តមណ្ឌលគិរី​។

យោងតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​ ២០២០ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​​ និង​អូស្ត្រាលី​មាន​ទឹកប្រាក់​សរុប ២១៣,៦៤ លាន​ដុល្លារ កើនឡើង ៣,៨២ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩៕ LA

អត្ថបទគួរចាប់អារម្មណ៍