​រាជធានី​ភ្នំពេញ–​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា មិត្ត​ហ្វូ​ន បានប្រកាសថា ផែនការអភិវឌ្ឍន៍​ឌីជីថល​គ្រប់​ជ្រុងជ្រោយ​ និង​ប្រកបដោយ​បរិ​យា​ប័ន្ន​បំផុត​ដែល​ខ្លួន​ប្ដេជ្ញា​អនុវត្ត នឹងមិន​ទុកចោល​អ្នកណាម្នាក់ នៅក្នុង​សង្គម​ឌីជីថល​ដែល​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ឡើយ។

​នៅក្រោម​ផែនការ​នេះ ក្រុមហ៊ុន​នឹង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេវា​ទូរគមនាគមន៍ឲ្យ​បាន​គ្របដណ្ដប់​ទៅដល់​គ្រប់​ច្រកល្ហក រួមទាំង​តំបន់​ដាច់ស្រយាល​បំផុត នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​ប្រជាជន​គ្រប់រូប​ឲ្យ​ទទួលបាន​សេវាកម្ម​របស់​មិត្ត​ហ្វូ​ន។ នេះ​បើ​យោងតាម​អគ្គនាយករង របស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ។

​លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​មានប្រសាសន៍ថា ផែនការអភិវឌ្ឍន៍​ឌីជីថល​របស់​ក្រុមហ៊ុន​នឹង​ធានាថា ប្រជាជន​ទាំងអស់​នៅ​ទូទាំងប្រទេស​អាច​ទទួល​បាន ​និង​ប្រើប្រាស់​បណ្ដាញ​ទូរគមនាគមន៍​ដែលមាន​គុណភាព បច្ចេកវិទ្យា​និង​សេវាកម្ម​ឌីជីថល​ទំនើប​បំផុត ដែល​ក្រុមហ៊ុន​បានដាក់​ពង្រាយ​ឲ្យ​ប្រើប្រាស់។

​លោក ញ៉ុ​ង ឌិន​ថន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «​គោលដៅ​របស់​យើង គឺ​ពង្រីក​បណ្ដាញ​និង​សេវាកម្ម​ទូរគមនាគមន៍​ឲ្យ​បាន​ទូលំទូលាយ​បំផុត ទៅដល់​គ្រប់ទិសទី​និង​ទៅដល់​តំបន់​ដាច់ស្រយាល​បំផុត ដើម្បី​ឲ្យ​ប្រជាជន​គ្រប់រូប​អាច​ទទួលផល​ប្រយោជន៍​ពី​បច្ចេកវិទ្យា​និង​សេវាកម្ម​ឌីជីថល​ទំនើប​របស់​​ក្រុមហ៊ុន»។​​

លោក​បាន​បន្តថា៖ «​នៅ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន យើង​ប្ដេជ្ញាចិត្ត​មិន​ទុកចោល​អ្នកណាម្នាក់​ឡើយ នៅក្នុង​សង្គម​ឌីជីថល​ដែល​យើង​បាននិងកំពុង​កសាងឡើង ដោយ​រួមចំណែក​លើកកម្ពស់​ការ​អភិវឌ្ឍ​ឌីជីថល​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​និរន្តរភាព​របស់​ប្រទេស​កម្ពុជា»។

​ជាមួយនឹង​យុទ្ធសាស្ត្រ ៥ ​ឆ្នាំ​ ពី​ឆ្នាំ ​២០២១ ដល់​ឆ្នាំ ​២០២៥​ របស់ខ្លួន ក្រុមហ៊ុន​មិត្ត​ហ្វូ​នប​ន្ត​ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព​របស់ខ្លួន​បន្ថែមទៀត ដើម្បី​ដើរ​ទន្ទឹមគ្នា​នឹង​និន្នាការ​អភិឌ្ឍន៍​ក្នុង​បរិបទ​បច្ចេកវិទ្យា​ឌីជីថល​បច្ចុប្បន្ន។ នៅក្រោម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នេះ ក្រុមហ៊ុន​ដាក់ចេញ​នូវ​បេសកកម្ម​មួយ​ដើម្បី​កសាង​ទំនាក់ទំនង​សង្គម​ឌីជីថល ក្នុង​គោលដៅ​ដើម្បី​ធ្វើ​ឲ្យមិត្ត​ហ្វូ​ន ឈានមុខ​គេ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថលនៅ​កម្ពុជា។

​មិត្ត​ហ្វូ​ន បាន​វិនិយោគ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅលើ​ការបង្កើត​និង​ពង្រីក​សេវាកម្ម​ឌីជីថល ដែល​រួម​ផលិតផល​បច្ចេកវិទ្យា​លេចធ្លោ ដូចជា CamID (Super app), ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS), E-money (E-wallet) ​ជាដើម ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​កសាង​សង្គម​ទំនាក់ទំនង​ឌីជីថល​មួយ​នៅ​កម្ពុជា។ សម្រាប់​ផលិតផល​ទាំងនេះហើយ ដែលមិត្ត​ហ្វូ​ន បានទទួល​ពានរង្វាន់ Grand Globee​ ពី​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​ធុរកិច្ច​ឆ្នើម​អន្តរជាតិ​ឆ្នាំ​ ២០២១ លើក​ទី​៨ របស់​ស្ថាប័ន Globee Awards។

​មិត្ត​ហ្វូ​ន បាននិងកំពុង​នាំមុខគេ​នៅក្នុង​ការជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ឌីជីថល​ជាតិ​របស់ខ្លួន។ កន្លងមក ក្រុមហ៊ុន​បានធ្វើការ​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​ក្រសួង​ស្ថាប័នរដ្ឋ​សំខាន់ៗ ដើម្បី​អនុវត្ត​គម្រោង​ឌី​ជី​ថ​លូ​ប​នីយកម្ម​នៅក្នុង​វិស័យ​ជាច្រើន ដូចជា វិស័យ​អប់រ សុខាភិបាល និង​ដឹកជញ្ជូន។

​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​ និង​បច្ចេកវិទ្យា​ឌីជីថល មិត្ត​ហ្វូ​ន មាន​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញ​ធំជាងគេ​បំផុត ដែល​បម្រើ​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ ​៩ ​លាន​នាក់ នៅ​ទូទាំងប្រទេស៕