The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការនាំចេញ​កៅស៊ូ​រយៈពេល ៩ ​ខែ​ មាន​ទឹកប្រាក់​ជាង ២៦៥ ​លាន​ដុល្លារ

ការនាំចេញ​កៅស៊ូ​រយៈពេល ៩ ​ខែ​ មាន​ទឹកប្រាក់​ជាង ២៦៥ ​លាន​ដុល្លារ

Content image - Phnom Penh Post
ចម្ការកៅស៊ូ ១ កន្លែងស្ថិតក្នុងខេត្តរតនគិរី។ ការនាំចេញ​កៅស៊ូ​រយៈពេល ៩ ​ខែ​ មាន​ទឹកប្រាក់​ជាង ២៦៥ ​លាន​ដុល្លារ។ ហេង ជីវ័ន

ការនាំចេញ​កៅស៊ូ​រយៈពេល ៩ ​ខែ​ មាន​ទឹកប្រាក់​ជាង ២៦៥ ​លាន​ដុល្លារ

ភ្នំពេញៈ ការនាំចេញ​កៅស៊ូ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នៅតែមាន​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​កន្លងមក បើទោះ​ជា​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​។

យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២១ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​មាន​ចំនួន ១៧៤,១ ​ពាន់​តោន​ស្មើនឹង​តម្លៃ ២៦៥,៨ ​លាន​ដុល្លារ កើនឡើង ៤៨,៣ ​ពាន់​តោន ឬ​ប្រមាណ ១១១,៦ លាន​ដុល្លារ​។

លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ ខែតុលា​ថា មូលហេតុ​នៃ​ការនាំចេញ​កៅស៊ូ​ពី​កម្ពុជា​កើនឡើង​គឺ​ដោយសារ​មាន​តម្រូវការ​ខ្ពស់​នៅក្នុង​ទីផ្សារ​អន្តរជាតិ ក្រោយពី​ស្ថានភាព​ជំងឺ​កូវីដ ១៩ មាន​ភាពធូរស្រាល​។ លោក​បន្តថា ក្នុងន័យនេះ​មាន​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក​បាន​បើកទ្វារ​ឡើងវិញ និង​បាន​អនុញ្ញាត​ឱ្យ​មាន​ការនាំចូល​កៅស៊ូ​ទៅ​ប្រទេស​ពួកគេ ជាពិសេស​ប្រទេស​ចិន ដែល​អនុញ្ញាត​ឱ្យមាន​ការនាំចូល​ច្រើនជាងគេ ដោយសារ​តម្រូវការ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​។

លោក​ថ្លែងថា​៖ «​កៅស៊ូ​ត្រូវបាន​នាំទៅ​ទីផ្សារ​ក្រៅប្រទេស ដើម្បី​យកទៅ​ប្រើប្រាស់​នៅក្នុង​វិស័យ​សុខាភិបាល ឧស្សាហកម្ម និង​វិស័យ​ផ្សេងៗ​ទៀត​»​។

លោក​ឱ្យដឹងទៀតថា ដំណាំ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល ២-៣ ឆ្នាំ​ចុងក្រោយ​នេះ​នៅតែមាន​ភាពល្អប្រសើរ​ទាំង​ការវិនិយោគ និង​នាំចេញ ជាពិសេស​តម្លៃ​របស់​វា​នៅ​មាន​កម្រិត​ខ្ពស់ បើ​ធៀប​ជាមួយនឹង​ដំណាំ​ដទៃទៀត​។

បើតាម​លោក ហ៊ឹម អូន កៅស៊ូ​នៅតែ​មានតម្លៃ​ខ្ពស់​សម្រាប់​នាំចេញ​ដោយ​បច្ចុប្បន្ន​កៅស៊ូ​ប្រភេទ​លេខ​ ១ តម្លៃ ១ ៨៥០ ដុល្លារ​ក្នុង​មួយ​តោន និង​ប្រភេទ​លេខ ២ មានតម្លៃ ១ ៧៥០ ​ដុល្លារ ចំណែក​កៅស៊ូ​សន្លឹក​ដែល​ប្រភេទ​នេះ​ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​ជប៉ុន​ ដើម្បី​ផលិត​កង់​រថយន្ត​មាន​តម្លៃ​ប្រហាក់ប្រហែល ១៧៥០ ​ដុល្លារ​។

លោក ម៉ែន សុភក្តិ ប្រធាន​ក្រុមហ៊ុន​វិនិយោគ​សុភក្តិនីកា ដែល​ដាំដុះ និង​នាំចេញ​កៅស៊ូ​បាន​ប្រាប់ថា ការនាំចេញ​កៅស៊ូ​នៅ​បន្ត​មាន​កំណើន​គួរឱ្យ​កត់សម្គាល់ ដោយសារ​ទិន្នផល​ប្រមូល​បាន​ច្រើន និង​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

លោក​បន្តថា ពាក់ព័ន្ធ​នឹង​តម្លៃ​កៅស៊ូ​វិញ ក៏​មិនមាន​អ្វី​ថមថយ​ដែរ ដោយ​ពេលនេះ​កៅស៊ូ​នាំចេញ​មានតម្លៃ​ជា​មធ្យម ១ ៧៥០ ដុល្លារ​ក្នុង​មួយ​តោន ហើយ​ភាគច្រើន​ត្រូវបាន​នាំទៅ​ប្រទេស​ចិន កូរ៉េ ឥណ្ឌា ម៉ាឡេស៊ី និង​ប្រទេស​មួយចំនួនទៀត ដោយ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា ចំពោះ​ការវិនិយោគ​លើ​ការដាំ​ដំណាំ​កៅស៊ូ​នាពេលនេះ មិនមាន​ទ្រង់ទ្រាយ​ធំ​ទេ ព្រោះ​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​មួយចំនួន​ជាពិសេស​ជំងឺ​កូវីដ​​ ១៩ ហើយ​ចំនួន​ការនាំចេញ​ទៅនេះ ភាគច្រើន​ជា​គម្រោង​ចាស់ៗ​តែប៉ុណ្ណោះ​៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍