ភ្នំពេញៈ កម្ពុជា​នឹង​ទទួលបាន​ថាមពល​ប្រមាណ ៤៩៥ មេហ្គាវ៉ាត់​បន្ថែម​ពី​រោងចក្រ​ថាមពល​សូឡា​ចំនួន ៧ ស្មើនឹង ២០ ​ភាគរយ​នៃ​ការផ្គត់ផ្គង់​ថាមពល​សរុប​ត្រឹម​ឆ្នាំ​ ២០២៣ ដែល​នឹង​ក្លាយជា​ប្រភព​ថាមពល​ដ៏សំខាន់​ពី​ថាមពល​កកើត​ឡើងវិញ​ក្នុង​ការរួមចំណែក​ដល់​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើ​យោងតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​។

លោក អ៊ិត ប្រាំង រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឱ្យ​ដឹង​នៅក្នុង​វេទិកា​កម្រិត​ខ្ពស់​រវាង​សិង្ហបុរី​ទីភ្នាក់ងារ​ថាមពល​កកើត​ឡើងវិញ​អន្តរជាតិ ក្រោម​ប្រធានបទ «​ការវិនិយោគ​លើ​ការផ្លាស់ប្តូរ​ថាមពល​ដែល​រួមបញ្ចូល និង​ថាមពល​ស្អាត​» ដែល​រៀបចំ​កាលពី​ថ្ងៃទី​ ២៦ ខែតុលា​ថា គិត​ត្រឹម​ឆ្នាំ​ ២០២១ កម្ពុជា​សម្រេចបាន​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​ទាក់ទង​នឹង​អត្រា​ការប្រើប្រាស់​អគ្គិសនី​តាម​ភូមិ​សម្រេច​បាន ៩៧,៤ ភាគរយ ហើយ​អត្រា​អគ្គិសនី​ប្រើប្រាស់​តាម​គ្រួសារ​សម្រេចបាន ៨១ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​បើ​និយាយ​អំពី​ការផ្គត់ផ្គង់​អគ្គិសនី​របស់​យើង​ត្រូវបាន​គ្រប់គ្រង​ដោយ​ថាមពល​កកើត​ឡើងវិញ ជាពិសេស​វារីអគ្គិសនី​ដែលមាន​ចំនួន ៨៨ ​ភាគរយ​នៅ​ថ្ងៃ​ធម្មតា បន្ទាប់ពី​ថាមពល​សូឡា​។ យើង​នៅតែមាន​រោងចក្រ​ថាមពល​ធ្យូងថ្ម​មួយចំនួន​ក្នុង​តម្រូវ​ការផលិត និង​ការនាំចូល​ដើម្បី​គាំទ្រ​ដល់​ស្ថិរភាព​ប្រព័ន្ធ​របស់​យើង ដែល​បច្ចុប្បន្ននេះ​ថាមពល​សូឡា​មាន​ចំណែក ៩ ភាគរយ​នៃ​សមត្ថភាព​ដំឡើង​របស់​យើង​»​។

លោក​បាន​លើកឡើងថា​៖ «​ត្រឹម​ឆ្នាំ ២០២៣ រោងចក្រ​ថាមពល​សូឡា​ចំនួន ៧ មាន​សមត្ថភាព​សរុប ៤៩៥ ​មេហ្គាវ៉ាត់​ត្រូវបាន​គេ​រំពឹងថា នឹង​ដាក់ឱ្យ​ដំណើរការ ដែល​តំណាង​ឱ្យ ២០ ​ភាគរយ​នៃ​ការផ្គត់ផ្គង់​ថាមពល​សរុប​របស់​យើង​។ គោលបំណង​ដ៏សំខាន់ៗ​របស់​យើង​រួមមាន​លទ្ធភាព​ទទួលបាន​ភាពអាច​ជឿ​ទុកចិត្ត តម្លៃ​សមរម្យ សុវត្ថិភាព ក៏ដូចជា​ការរួមចំណែក​ដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ​»​។

លោក អ៊ិត ប្រាំង បានឱ្យដឹង​ទៀតថា ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ គឺ​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់ និង​ការទទួល​ខុសត្រូវ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​រួម​ជា​សកល ការបង្កើន​ល្បឿន​ការអភិវឌ្ឍ​ថាមពល​កាបូន​ទាប​ ដើម្បី​បង្កើនល្បឿន​ការផ្លាស់ប្តូរ​ថាមពល​ក្នុង​លក្ខណៈ​កែតម្រូវ និង​សមធម៌ គឺមាន​ភាពចាំបាច់​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និង​ទិសដៅ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ក្នុង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱកាស​នៃ​ការកម្រិត​ការកើនឡើង​កម្តៅ​ផែនដី​ត្រឹម​ឆ្នាំ ២០៥០ ​មក​នៅត្រឹម ១,៥ ​អង្សាសេ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ៣ ខែកញ្ញា តាម​អនឡាញ​នៅក្នុង​វេទិកា​អភិវឌ្ឍន៍​កាបូន​ទាប ថាមពល Taiyuan ឆ្នាំ ២០២១ ថា កម្ពុជា​ចាត់ទុក​ឥណទាន​កាបូន​ជា​ប្រភព​ហិរញ្ញប្បទាន​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​គម្រោង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ លោក​បាន​បន្ថែមថា កម្ពុជា​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ការងារ​ជាមួយ​បណ្តា​ប្រទេស​ដែលមាន​ចំណាប់អារម្មណ៍ ស្ថាប័ន​វិស័យ​ឯកជន ឬ​ដៃគូ​សក្តានុពល​ផ្សេងទៀត​នៅក្នុង​វិស័យនេះ​។

លោក ហ៊ុន សែន មានប្រសាសន៍​ថា​៖ «​ក្នុង​បរិបទ​ដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ-១៩ វេទិកា​នេះ​បម្រើ​ជា​ការក្រើន​រំឭក​ដល់​យើង​ទាំងអស់​គ្នា​កុំឱ្យ​ភ្លេច​បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុកដាក់ និង​ការទទួល​ខុសត្រូវ​តាមរយៈ​ការគិតគូរ​ជានិច្ច​អំពី​ដំណោះស្រាយ​រួម​ជាសកល​»​។

លោក​បញ្ជាក់ថា បើទោះបី​កម្ពុជា​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ក៏​កម្ពុជា​បាន​ប្តេជ្ញាចិត្ត ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន​នៅក្នុង​វិស័យ​ព្រៃឈើ ថាមពល ឧស្សាហកម្ម កសិកម្ម និង​ការគ្រប់គ្រង​កាកសំណល់​ចំនួន ៦៤,៦ ​លាន​តោន​នៅត្រឹម​ឆ្នាំ​ ២០៣០ ផងដែរ​៕ LA