ភ្នំពេញៈ សមាគម​ភ័ស្តុភារកម្ម​កម្ពុជា និង​ក្រុមហ៊ុន​វន្តសាលា ឯ.ក បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ​លើ​កិច្ចសហការ​ជា​ដៃគូ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ធនធានមនុស្ស​តាម​ប្រព័ន្ធ​អនឡាញ ឬ​ (E-Lear-ning Platform) លើ​វិស័យ​ភ័ស្តុភារកម្ម និង​ស្ពាន​ថ្នល់​។

ការចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៧ ខែតុលា ក្រោម​អធិបតីភាព​លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេជោ​សែនសាធារណការ និង​ដឹកជញ្ជូន​។

លោក ហឿន សំនៀង បាន​ថ្លែងថា ជាមួយ​ទស្សនៈ​គិតគូរ​វែងឆ្ងាយ និង​មោះមុត​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្រសួង​បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​នៅក្នុង​ការស្ថាបនា និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​ជា​សរសៃឈាម​នៃ​ការដឹកជញ្ជូន​ក្នុង​ដែនដី​កម្ពុជា​សម្រាប់​បម្រើ​ដល់​សកម្មភាព​សេដ្ឋកិច្ចជាតិ​។

លោក​ក៏បាន​សម្តែង​ការអបអរសាទរ​ដល់​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា និង​ក្រុមហ៊ុន​វន្តសាលា ឯ.ក ដែល​បាន​ចូលរួម​គាំទ្រ​ដល់​សកម្មភាព​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ឡូជីស្ទិក និង​ដឹកជញ្ជូន តាមរយៈ​ការបង្កើត​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា លោក ស៊ិន ចន្ធី បានឱ្យដឹងថា MoU នេះ​បង្ហាញ​ពី​ឆន្ទៈ​របស់​ស្ថាប័ន​ទាំង​ ២ ​នៅក្នុង​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​ភ័ស្តុភារកម្ម​ឱ្យបាន​កាន់តែ​ច្រើនឡើង ស្របពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ត្រូវការ​។

លោក​បាន​និយាយថា​៖ «​សមាគម​យើងខ្ញុំ​ឥឡូវនេះ​កាន់តែ​បោះជំហាន​ទៅមុខ​ជា​បណ្តើរៗ ដោយ​ក្រៅ​អំពី​កម្មវិធី​បណ្តុះបណ្តាល​ដោយផ្ទាល់​ជូន​សិក្ខាកាម នាពេល​ឆាប់ៗ​ខាងមុខ​នេះ សមាគម​នឹង​មាន​កម្មវិធី​បង្រៀន​តាមរយៈ​ទម្រង់​បច្ចេកវិទ្យា​ព័ត៌មាន (E-Learning Platform) លើ​មុខវិជ្ជា​ជំនាញ​ឡូជីស្ទីក និង​ដឹកជញ្ជូន​ផងដែរ ដោយ​សមាគម​បាន​សហការ​ជាមួយ​ក្រុមហ៊ុន វន្តសាលា ឯ.ក ដែលជា​ក្រុមហ៊ុន​មាន​ជំនាញ​លើ​ផ្នែក​នេះ​ច្រើន​ឆ្នាំ​»​។

ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​ភ័ស្តុភារកម្ម​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន YCH មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សិង្ហបុរី​កាលពីដើម​ខែមីនា ឆ្នាំ​ ២០២១ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ (AF) សម្រាប់​ការបង្កើត​គម្រោង​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ (PPLC) ​ដែលជា​ការរួមចំណែក​ក្នុង​ការជំរុញ​ការធ្វើ​សមាហរណកម្ម​ភ័ស្តុភារ​របស់​កម្ពុជា​ទៅក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក​។

ការសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​នេះ​ត្រូវបាន​ធ្វើឡើង​ បន្ទាប់ពី​ដើមខែ​មករា​ឆ្នាំ ២០២០ រដ្ឋាភិបាល​សម្រេច​អនុម័ត​លើ​សេចក្តីព្រាង​ផែនការមេ​អន្តរកាល​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភ័ស្តុភារកម្ម ដែលជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអភិវឌ្ឍ​វិស័យ និង​ជួយ​កាត់បន្ថយ​តម្លៃ​សេវា​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ឡូជីស្ទិក​។ សេចក្តីព្រាង​ផែនការ​មេ​អន្តរកាល​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ​ និង​ភ័ស្តុភារកម្ម​ត្រូវបាន​រៀបចំ​ដោយ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន សហការ​ជាមួយ​អង្គការ JICA ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​ ២០១៨៕ LA