ភ្នំពេញៈ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ (​អគរ​) បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ដល់​ម្ចាស់​រថយន្ត​ដែល​បាន​នាំចូល និង​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​ត្រូវ​រួសរាន់​មក​បង់​ឱ្យបាន​មុន​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ ដើម្បី​បានទទួល​ការអនុគ្រោះ​ពន្ធ​ពី​រដ្ឋាភិបាល​។

ការលើកឡើង​របស់​លោក គុណ ញឹម ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការប្រមូល​ពន្ធ​លើ​យានយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល​ដែលមាន​ស្រាប់​ក្នុងប្រទេស​នា​ថ្ងៃទី​ ២៧ ខែតុលា តាម​ប្រព័ន្ធ​វីដេអូ​។

លោក​និយាយថា បើ​គិតពី​កាលបរិច្ឆេទ​នៃ​ការចាប់ផ្តើម​ប្រមូល​ពន្ធ និង​អាករ​លើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​នៅក្នុង​ប្រទេស​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេងៗ​រហូត​មកដល់​ត្រឹម​ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២១ គឺមាន​រថយន្ត​សរុប ៥៤២ ​គ្រឿង​ (​រថយន្ត​ចង្កូត​ស្តាំ ១៩០ ​គ្រឿង​) ​បាន​ស្ម័គ្រចិត្ត​ចូលមក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​។

លោក​ថ្លែងថា​៖ «​ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​ម្ចាស់​រថយន្ត អគរ បាន​បន្ធូរបន្ថយ​តម្លៃ​គិត​ពន្ធ​លើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​នៅក្នុង​ប្រទេស ជាពិសេស​ប្រភេទ​ឆ្នាំ​ម៉ូដែល​ចាស់ៗ​បន្ថែម​លើ​ការអនុគ្រោះ​ទឹកប្រាក់​ពន្ធ និង​អាករ​ចំនួន ១០ ​ភាគរយ​ដែល​សម្រេច​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»​។

កាលពី​ថ្ងៃទី​ ១២ ខែតុលា អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​សម្រេច​ជាថ្មី​លើ​ការកែសម្រួល​ជា​បណ្តោះអាសន្ន​តារាង​តម្លៃ​គិត​ពន្ធគយ​សម្រាប់​អនុវត្ត​លើ​រថយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល​មាន​ស្រាប់​ក្នុងប្រទេស​ចាប់ពី​ថ្ងៃទី​ ១២ ខែតុលា ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១​។

លោក សឿន ដារ៉ា នាយក​ប្រតិបត្តិ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​លើ​រថយន្ត​ដែល​គ្មាន​ពន្ធ និង​រថយន្ត​ចង្កូត​ស្ដាំ ដែល​កំពុង​ចរាចរណ៍​ក្នុងប្រទេស​កម្ពុជា និង​ការប្ដេជ្ញា​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​ក្នុង​ការបិទ​បញ្ចប់​បញ្ហា​រថយន្ត​ខុសច្បាប់​ទាំងនេះ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ធានា​ដល់​កិច្ចការ​ប្រមូល​ពន្ធ និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​និយាយថា ចំពោះ​ការបន្ធូរបន្ថយ​តម្លៃ​ពន្ធ​នេះ​នឹង​ជួយ​សម្រួល​ដល់​កិច្ចការ​ប្រមូល​ពន្ធ​ឱ្យបាន​ឆាប់ និង​មាន​ប្រសិទ្ធភាព​ជាង​មុន ហើយ​នេះ​ជា​សា​ថ្មី​មួយទៀត​ទៅដល់​អ្នក​ប្រើប្រាស់​រថយន្ត​គ្មាន​ពន្ធ​ឱ្យចូល​ខ្លួន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ​ឱ្យបាន​ត្រឹមត្រូវ និង​ឱ្យបាន​មុន​ឱសានវាទ និង​បញ្ឈប់​រាល់​ការនាំ​ចូល និង​ប្រើប្រាស់​រថយន្ត​ផ្ទុយ​នឹង​ច្បាប់​ដែល​បានកំណត់ ដែល​ធ្វើឱ្យ​រដ្ឋ​បាត់​ចំណូល​ពន្ធ និង​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​ក្នុង​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​ផងដែរ​។

លោក គុណ ញឹម លើកឡើង​ថា ការអនុគ្រោះ​នេះ​នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ សម្រាប់​រថយន្ត​ចង្កូត​ឆ្វេង​។ ទោះយ៉ាងណា ម្ចាស់​រថយន្ត​នៅតែ​អាច​បង់ពន្ធ​អាករ​បាន ប៉ុន្តែ​ត្រូវ​បង់ពន្ធ និង​អាករ​ពេញ ដោយ​គ្មាន​ការបន្ធូរបន្ថយ​ទៀតឡើយ​រហូតដល់​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២២​។ សម្រាប់​រថយន្ត​ចង្កូត​ស្តាំ ការអនុគ្រោះ​នឹងត្រូវ​បាន​បន្ត​រហូតដល់​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២២ ដោយសារ​ម្ចាស់​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការកែ​ចង្កូត​។

លោក​បន្ថែមថា ការកែ​ចង្កូត​កំពុងតែ​ជា​ក្តីបារម្ភ​របស់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ ដោយសារ​តែ​យានដ្ឋាន​កែ​ចង្កូត​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មាន​ចំនួន​តិចតួច​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​សេដ្ឋកិច្ច បាន​ស្នើឱ្យ​ក្រសួង​សាធារណការ​ពិនិត្យ​លទ្ធភាព​ផ្តល់​អាជ្ញាប័ណ្ណ​បន្ថែម​ដល់​យានដ្ឋាន​ដែលមាន​ជំនាញ និង​សមត្ថភាព​កែ​ចង្កូត ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ជាក់ស្តែង​របស់​ពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​មាន​ស្រាប់​។

លោក​បញ្ជាក់ថា​៖ «​បន្ទាប់ពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២២ អគរ នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​សកម្ម​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ក្រាប​រថយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល​។ នៅពេលនោះ រថយន្ត​ចង្កូត​ស្តាំ​ដែល​បង្ក្រាបបាន​នឹងត្រូវ​កម្ទេចចោល ឬ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់​»​។

«​នេះ​ជា​ឱកាស​ចុងក្រោយ​ដែល​រដ្ឋាភិបាល​បាន​អនុគ្រោះ​ឱ្យ​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ និង​អាករ ទាំង​ចង្កូត​ឆ្វេង និង​ចង្កូត​ស្តាំ​ចូលមក​បំពេញ​កាតព្វកិច្ច​ពន្ធ​ និង​អាករ​, ដូច្នេះ​ម្ចាស់​រថយន្ត​គ្មាន​ពន្ធ ចូលមក​បំពេញ​កាតព្វកិច្ច​ឱ្យបាន​គ្រប់ៗ​គ្នា និង​ទាន់​ពេលវេលា​»​។ នេះ​បើ​យោងតាម​លោក​ គុណ ញឹម​៕ LA

វីដេអូ៖