ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​រំពឹងថា គម្រោង​គាំទ្រ​ «​ការស្តារ​សហគ្រាស​ក្នុង​វិស័យ​កសិអាហារ និង​វិស័យ​ទេសចរណ៍​» នៅក្នុង​ខេត្ត​ចំនួន ​៣ របស់​ប្រទេស​កម្ពុជា​ដែល​គាំទ្រ​ពី​ទីភ្នាក់ងារ​ស្វ៊ីស​សម្រាប់​ការអភិវឌ្ឍ​ និង​កិច្ចសហប្រតិបត្តិការ​ (SDC) តាមរយៈ​អង្គការ UNIDO ប្រមាណ​ ១ ​លាន​ដុល្លារ​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅក្នុង​សហគមន៍ និង​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្រោយពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៨ ខែតុលា​ថា គម្រោង​ «​ការស្តារ​សហគ្រាស​ក្នុង​វិស័យ​កសិអាហារ និង​វិស័យ​ទេសចរណ៍​» គឺជា​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅក្នុង​វិស័យ​ទេសចរណ៍​ដែល​វា​នឹង​ជួយ​ចូលរួម​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ បាន​វិល​ទៅរក​ការគ្រប់គ្រង​។

លោក​បន្តថា គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​នៅក្នុង​ខេត្ត​ចំនួន ៣ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ និង​កំពង់ឆ្នាំង ដោយមាន​សហគ្រាស សហគមន៍​ទេសចរណ៍ និង​ប្រតិបត្តិករ​ទេសចរណ៍​ជាង ៦០ ​ចូលរួម​បណ្តុះបណ្តាល ពង្រឹង​ស្តង់ដា​ផលិតផល ការវេចខ្ចប់ និង​ការជំរុញ​សកម្មភាព​ឱ្យមាន​វិធាន​សុវត្ថិភាព​តាម​មូលដ្ឋាន​អាជីវកម្ម​។

បើតាម​លោក រតនា គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​រយៈពេល​ ១ ​ឆ្នាំ បន្ទាប់ពីនោះ គឺ​មន្ទីរ​ទេសចរណ៍ និង​ស្ថាប័ន​ជា​ដៃគូ​គម្រោង​នឹងត្រូវ​អនុវត្ត​បន្តទៀត ព្រោះនេះ​គឺជា​គម្រោង​ស្តារ​សេដ្ឋកិច្ច និង​ទេសចរណ៍​ឡើងវិញ ដោយ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​គម្រោង​នេះ​​រួចរាល់ សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ក្រោយ​ស្ថានភាព​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

លោក ជួប រតនា បាន​ថ្លែងថា​៖ «​អ្វីដែល​យើង​រំពឹងទុក​សម្រាប់​វិស័យ​ទេសចរណ៍ គឺ​ប្រតិបត្តិករ​ទេសចរណ៍​នៅក្នុង​ខេត្ត​គោលដៅ​របស់​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ស្វាគមន៍​ទេសចរ​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​។ នៅពេល​ភ្ញៀវទេសចរ​មកដល់ គឺ​យើង​មាន​អ្វី​ទាំងអស់​មាន​ទាំង​សហគមន៍​ទេសចរណ៍ សហគមន៍​អ្នក​ផលិត និង​ប្រតិបត្តិករ​ទេសចរណ៍​»​។

លោក តុន ណៃ តំណាង​សហគមន៍​ព្រែក​ទាល់​ស្ថិតនៅ​ឃុំ​កោះ​ជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ដែល​នៅជាប់​ទន្លេសាប បាន​យល់ឃើញថា គម្រោង​នេះ​នឹងចូលរួម​បង្កើន​ចំណូល និង​ទេសចរណ៍​នៅក្នុង​មូលដ្ឋាន​របស់​លោក​ឱ្យ​កាន់តែ​រីកចម្រើន តាមរយៈ​ការបណ្តុះបណ្តាល​ឱ្យមាន​ការវេចខ្ចប់​នូវ​ផលិតផល​របស់​សហគមន៍​ឱ្យ​មាន​ស្តង់ដា និង​បច្ចេកទេស​ត្រឹមត្រូវ​។

លោក​បន្តថា លើសពីនេះ​ទៀត​គម្រោង​នេះ​ផ្តល់ឱ្យ​សហគមន៍​ទេសចរណ៍​នានា​មាន​ទំនាក់ទំនង​ក្នុង​ភាពជា​ដៃគូ​ដើម្បី​លក់​ផលិតផល​ចេញ និង​ចូល​ជាមួយ​ដៃគូ និង​ដើម្បី​លើកកម្ពស់​ផ្នែក​ផលិតផល​ដូចជា កសិកម្ម នេសាទ និង​សេវាកម្ម​ផ្សេងៗ​ទៀត​នៅក្នុង​ផ្នែក​ទេសចរណ៍​។

លោក​បន្តថា​៖ «​វា​មាន​ផលប្រយោជន៍​យ៉ាងសំខាន់​ក្នុង​ការចូលរួម​ផ្តល់​ចំណូល​សេដ្ឋកិច្ច​ដល់​សហគមន៍ តាមរយៈ​ការទទួល​វេចខ្ចប់ និង​ការស្នាក់នៅ​ប្រកបដោយ​ស្តង់ដា និង​ភាពកក់ក្តៅ​ដល់​ភ្ញៀវ​ដើម្បី​ទាក់ទាញ​ចិត្ត​ភ្ញៀវ​មក​កម្សាន្ត​ម្តង​ហើយ​ម្តងទៀត​នឹង​ស្រោច​ចំណូល​ដល់​សហគមន៍​យើង​ឱ្យមាន​ភាពរីកចម្រើន និង​ជីវភាព​ធូរធារ​»​។

គម្រោង​គាំទ្រ​ «​ការស្តារ​សហគ្រាស​ក្នុង​វិស័យ​កសិអាហារ និង​វិស័យ​ទេសចរណ៍​ជា​ហិរញ្ញប្បទាន​របស់​ទីភ្នាក់ងារ​ស្វ៊ី​ស សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) តាមរយៈ​អង្គការ UNIDO ដើម្បី​ស្តារ​សហគ្រាស ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​កសិអាហារ និង​ទេសចរណ៍​ក្នុង​ខេត្តបាត់ដំបង ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​។

របាយការណ៍​ស្ថិតិ​ទេសចរណ៍​ឆ្នាំ​ ២០២០ បាន​បង្ហាញថា ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​កម្ពុជា​ទទួលបាន​ក្នុង​ឆ្នាំ​ ២០២០ មាន​ត្រឹម​ ១,០២៣ ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ ៧៩,២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៤,៩១៩ ​ពាន់​លាន​ដុល្លារ​។

ភ្ញៀវទេសចរ​អន្តរជាតិ​មក​ប្រទេស​កម្ពុជា​មាន​ចំនួន ១,៣១ លាន​នាក់​ថយចុះ​ ៨០,២ ភាគរយ​ធៀប​ ២០១៩ មាន​ចំនួន​ ៦,៦១ លាន​នាក់​៕ LA