ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គេហទំព័រ KhmerSME «ថ្នាល​ព័ត៌មាន​ឌីជីថលជាតិ​សម្រាប់​សហគ្រាសធុនមីក្រូ តូច និង​មធ្យម» ដែល​គេហទំព័រនេះ​នឹង​ជួយ​ផ្តល់​ព័ត៌មាន​អាជីវកម្ម​យ៉ាង​ទូលំទូលាយ​ និង​សម្បូរបែប​ដល់​សហគ្រាស​ធុនមីក្រូ តូច និង​មធ្យម​នៅកម្ពុជា។

ការ​ប្រកាស​ដាក់ឱ្យ​ដំណើរការ​នេះ​ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ ដោយ​មាន​ការ​ចូលរួម​ពី​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​មាន​ការ​អញ្ជើញ​ចូលរួម​ពីតំណាង​ស្ថានទូត តំណាង​ក្រសួង​ស្ថាប័ន អង្គការ​អន្តរជាតិ និង​តំណាង​វិស័យឯកជន​ផង​ដែរ​។

គេហទំព័រ KhmerSME គឺ​ជា​ថ្នាល​ព័ត៌មាន​ឌីជីថល បង្កើត​ឡើង​សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ក្រោម​កិច្ច​ការ​ជា​មួយ​អង្គការ GIZ។ តាម​រយៈ​ KhmerSME ក្រុមហ៊ុន/សហគ្រាស នឹង​អាច​ពង្រឹង​សមត្ថភាព​ខ្លួន និង​ពង្រីក​វិមាត្រ​ធុរកិច្ច​របស់​ខ្លួន​ក្នុង​ការផលិត និង​ផ្តល់​សេវាកម្ម​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​។

គេហទំព័រ KhmerSME នឹង​តភ្ជាប់​ទៅ​គេហទំព័រ ASEAN Access ដែលជា​គេហទំព័រ​មួយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​តំបន់​អាស៊ាន​ ហើយ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២១។

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ចម ប្រសិទ្ធ បាន​លើក​ឡើង​ថា គេហទំព័រ KhmerSME គឺ​ជា​ថ្នាល​ព័ត៌មាន​ឌីធីផល (Digital Platform) ដែល​នឹង​ផ្ដល់​ឱកាស​ឱ្យ​សហគ្រាសធុនមីក្រូ តូច និង​មធ្យម ទាំង​អស់​ទទួល​បាន​នូវ​ព័ត៌មាន​នៅ​នឹង​កន្លែង​ដូចជា ផ្នែក​ច្បាប់ បទ​ប្បញ្ញត្តិ លិខិត​បទដ្ឋាន​គតិយុត្ត ការ​បណ្តុះបណ្តាល​បច្ចេកទេស ការ​ផ្ទេរ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ហិរញ្ញទាន ទីផ្សារ ការចាប់ផ្តើម​អាជីវកម្មថ្មី ការ​លើក​ទឹកចិត្តសម្រាប់​ការ​ធ្វើ​ធុរកិច្ច​ឱ្យកាន់​តែមាន​ប្រសិទ្ធភាពខ្ពស់​ និង​ការ​ប្រកួតប្រជែង​ប្រកបដោយ​បរិយាប័ន្ន​។

អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​សហគ្រាស​ធុនតូច និង​មធ្យម លោក ហ៊ត ផេង បាន​លើក​ឡើង​ថា សហគ្រាស​ធុនមីក្រូ តូច និង​មធ្យម បាន​និង​កំពុង​ដើរ​តួនាទីយ៉ាង​សំខាន់​នៅ​ក្នុងការ​ចូល​រួម​ចំណែកជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ ទោះ​យ៉ាងណា​សហគ្រាស​ទាំង​នោះ​ភាគច្រើន​នៅមិន​ទាន់បាន​មក​ចុះបញ្ជី​នៅអាជ្ញាធរ​នោះ​ទេ។

លោក​និយាយ​ថា៖​ «ដោយ​ពិនិត្យ​ឃើញថា​ម្ចាស់​សហគ្រាស​ភាគច្រើន​មាន​ការពិបាក​ក្នុង​ការទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​ធ្វើធុរកិច្ច ដូចនេះ​គេហទំព័រ​ KhmerSME គឺជា​ថ្នាល​ព័ត៌មាន​ឌីជីថល​ផ្តល់​លទ្ធភាពដល់​ម្ចាស់​សហគ្រាស​ទាំងនោះ​ឱ្យ​ទទួលបាន​ព័ត៌មាន​សំខាន់ៗ​ដូចជា ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត ទីផ្សារធុរកិច្ច ហិរញ្ញវត្ថុ ឥណទាន ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការ​ប្រកួតប្រជែង​ក្នុងតំបន់​ ពង្រីក​បណ្តាញ​ដៃគូ​អាជីវកម្ម​ឱ្យបាន​ទូលំទូលាយ​ខ្លាំង​ជាងមុន»។

បច្ចុប្បន្ន​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ប្រមាណជាង ៥២ ម៉ឺន​មូលដ្ឋាន​នៅក្នុង​ប្រទេសកម្ពុជា។ នេះ​បើតាម​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​៕