​កម្មវិធី CamIDApp ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដែល​ឈានមុខ​គេ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថល បានឈ្នះ​ពានរង្វាន់​ជា​ «App កម្សាន្ត​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​» ពី​ស្ថាប័ន Globee Awards ដែលជា​ស្ថាប័ន​អន្តរជាតិ​ផ្ដល់​ពានរង្វាន់ ​និង​ចំណាត់ថ្នាក់​ធុរកិច្ច​ដ៏​ល្បីល្បាញ​នៅលើ​ពិភពលោក​។

CamID App ជា​មជ្ឈមណ្ឌល​ឌីជីថល​មួយ​សម្រាប់​អ្នកប្រើប្រាស់​គ្រប់រូប ក្នុងនោះ​រាប់ទាំង​អ្នកប្រើប្រាស់​ឆ្លង​ប្រព័ន្ធ ដែល​ដាក់បញ្ចូល​គ្នា​នូវ​គ្រប់​មុខងារ​ពិសេសៗ​ពី​កម្មវិធី My Metfone, Mocha App និង​ Cinema Service នៅក្នុង​ App នេះ​តែមួយ​។

​លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​មានប្រសាសន៍ថា កម្មវិធី App ដ៏​អស្ចារ្យ​របស់​មិត្ត​ហ្វូ​ន​មួយ​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​ពានរង្វាន់​ដ៏​ថ្លៃថ្លា ដោយសារតែ App នេះ​មាន​នវានុវត្តន៍ និង​ផ្ដល់​ការកម្សាន្ត​ដ៏​ល្អ​និង​សម្បូរបែប​បំផុត​។

​លោក ឌិន​ថន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «CamID គឺជា App ដំបូង​គេ​បំផុត​នៅ​កម្ពុជា ដែលមាន​មុខងារ​ដ៏​ច្រើន​សម្បូរបែប​។ ថ្មីៗ​នេះ App នេះ​បាន​បន្ថែម​មុខងារ​ថ្មី​មួយ​ដែល​ទទួលបាន​អ្នកប្រើប្រាស់​យ៉ាងច្រើន ដោយសារតែ​វា​មាន​មាតិកា​ប្រកបដោយ​នវានុវត្តន៍ និង​មាន​មុខងារ Self-care ដែល​រួមមាន ភាពយន្ត​, ហ្គេម​ស៍​, កីឡា​អេឡិចត្រូនិក Chat និង​មុខងារ Metfone+ ទាំងអស់នេះ​ស្ថិតនៅក្នុង App តែមួយ ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​មិត្ត​ហ្វូ​ន​អាច​គ្រប់គ្រង​អ្វីៗ​គ្រប់បែបយ៉ាង​នៅក្នុង App តែមួយគត់​»។

​យោងតាម​លោក​អគ្គនាយករង​ដដែល​បានឱ្យដឹងថា CamID ទើបតែ​បាន​បន្ថែម​មុខងារ​ថ្មី​មួយទៀត ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាច​ប្ដូរ​កាត​កោស​ដែល​ខូច​យក​កាត​ថ្មី​បាន ។ លោក​បាន​បន្តថា​៖« កាលពីមុន នៅពេលដែល​កាត​កោស​របស់​អតិថិជន​ខូច ពួកគេ​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ទៅដល់​ហាង​លក់ (Showroom) ដើម្បី​ប្ដូរ​យក​កាត​ថ្មី ដែល​បង្ក​ការលំបាក​និង​ធ្វើឱ្យ​ពួកគេ​ខាតបង់​ពេលវេលា​»​។

​លោក ឌិន​ថន មានប្រសាសន៍​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​ឥឡូវនេះ នៅពេល​កាត​កោស​របស់​អ្នក​ខូច អ្វីដែល​អ្នក​គួរ​ធ្វើ គឺ​ចូលទៅ​កាន់ CamID App រួចហើយ​ប្ដូរ​យក​កាត​ថ្មី​យ៉ាង​ងាយស្រួល និង​រហ័ស​បំផុត​។ វា​ងាយស្រួល​មែនទែន​!»​។

​មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​បណ្ដាញ​ធំជាងគេ​បំផុត ដោយ​រួមមាន​ស្ថានីយ​ផ្សាយ​សេវា​ជាង ១​ម៉ឺន​១​ពាន់​ស្ថានីយ មាន​បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​កជាង ២​ម៉ឺន​៣​ពាន់​គីឡូម៉ែត្រ ដែល​គ្របដណ្ដប់​លើ​គ្រប់​តំបន់​ទីប្រជុំជន និង​ផ្ដល់​សេវាកម្ម​ដល់​ប្រជាជន​កម្ពុ​ជាជាង ៩​លាន​នាក់។

​ស្របពេល​ជាមួយគ្នានេះដែរ គោលដៅ​របស់​មិត្ត​ហ្វូ​ន​នៅក្នុង​បណ្ដា​ឆ្នាំ​ខាងមុខ​គឺ​ក្លាយខ្លួនជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​លេខ​ ១ នៅក្នុង​ប្រទេស​កម្ពុជា​ ផងដែរ​។ បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​ផ្ដោត​សំខាន់​លើ​ការផ្ដល់​កម្មវិធី​ឌីជីថល​កាន់តែច្រើន​សម្បូរបែប​ថែមទៀត ដូចជា eMoney សម្រាប់​ការទូទាត់​ប្រាក់​តាម​ឌីជីថល​, CamID សម្រាប់​ការកម្សាន្ត​ដ៏​ពេញនិយម​, SelfCare, ប្រព័ន្ធ SIS សម្រាប់​ការគ្រប់គ្រង​សាលារៀន​និង​កម្មវិធី​ជាច្រើន​ថែមទៀត​៕