ភ្នំពេញៈ ជា​កិច្ចប្រឹងប្រែង​ដើម្បី​ជួយ​ផ្តល់នូវ​ព័ត៌មាន​អាជីវកម្ម​ទូលំទូលាយ​ និង​សម្បូរបែប​ដល់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​ (MSMEs) រដ្ឋាភិបាល​កម្ពុជា​បានដាក់​ឱ្យ​ដំណើរការ​​ជា​ផ្លូវការ​នូវ​គេហទំព័រ «KhmerSME» ដែលជា​ថ្នាល​ព័ត៌មាន​ឌីជីថល​ជាតិ​កម្ពុជា​។

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គេហទំព័រ KhmerSME កាលពី​ថ្ងៃទី​ ២៨ ខែតុលា តាម​ប្រព័ន្ធ​អនឡាញ ក្រោម​អធិបតីភាព​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​មាន​ការចូលរួម​ពី​តំណាង​ស្ថានទូត តំណាង​ក្រសួង​ស្ថាប័ន​អង្គការ​អន្តរជាតិ និង​តំណាង​វិស័យ​ឯកជន​ផងដែរ​។

គេហទំព័រ KhmerSME គឺជា​ថ្នាល​ព័ត៌មាន​ឌីជីថល បង្កើតឡើង​សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ក្រោម​កិច្ចការ​ជាមួយ​អង្គការ GIZ​។ តាមរយៈ KhmerSME ក្រុមហ៊ុន​/​សហគ្រាស នឹង​អាច​ពង្រឹងសមត្ថភាព​ខ្លួន និង​ពង្រីក​វិមាត្រ​ធុរកិច្ច​របស់ខ្លួន​ក្នុង​ការផលិត និង​ផ្តល់​សេវាកម្ម​ប្រកប​ដោយ​ការប្រកួតប្រជែង​។

លោក ចម ប្រសិទ្ធ បាន​លើកឡើងថា គេហទំព័រ KhmerSME គឺជា​ថ្នាល​ព័ត៌មាន​ឌីជីថល​ (Digital Platform) ដែល​នឹង​ផ្តល់ឱ្យ​សហគ្រាស​ធុន​មីក្រូតូច និង​មធ្យម ទាំងអស់​ទទួលបាន​នូវ​ព័ត៌មាន​នៅនឹងកន្លែង​ដូចជា ផ្នែក​ច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋាន​គតិយុត្ត ការបណ្តុះបណ្តាល​បច្ចេកទេស ការផ្ទេរ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ហិរញ្ញប្បទាន ទីផ្សារ​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​ការលើកទឹកចិត្ត​សម្រាប់​ការធ្វើ​ធុរកិច្ច​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ការប្រកួតប្រជែង​ប្រកប​ដោយ​បរិយាប័ន្ន​។

លោក​ថ្លែង​៖ «​ផ្អែកលើ​បរិការណ៍​នេះ​រដ្ឋាភិបាល​បាន​លើកកម្ពស់​សហគ្រាស​ក្នុងស្រុក គឺ​សហគ្រាស​ធុន​តូច និង​មធ្យម ជា​វិស័យ​អាទិភាព​ដែលមាន​លទ្ធភាព​ជួយ​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​ឱ្យ​ឆាប់​មាន​ភាពប្រសើរ​ឡើងវិញ ដោយបាន​កំណត់​នូវមុខ​ផលិតផល​មួយចំនួន​ជា​ទំនិញ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ​»​។

តាមរយៈ​នេះ ផលិតផល​ទាំងអស់​ទាមទារ​ចាំបាច់​ត្រូវមាន​គុណភាព​ និង​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ ដូច្នេះ គេហទំព័រ KhmerSEM ដែលជា​ថ្នាល​ព័ត៌មាន​ឌីជីថល ពិតជា​មាន​សារៈសំខាន់​ណាស់​សហគ្រាស​ធុន​មីក្រូ តូច- និង​មធ្យម ក្នុង​ការទាញយក​ព័ត៌មាន​ចាំបាច់ និង​សំខាន់ៗ​តាម​តម្រូវការ ដើម្បី​អភិវឌ្ឍ​ផលិតផល​ខ្លួន​ឱ្យមាន​គុណភាព និង​សុវត្ថិភាព​ស្របតាម​ស្តង់ដា​កម្ពុជា​»​។ នេះ​បើ​យោងតាម​ការថ្លែង​របស់លោក ចម ប្រសិទ្ធ​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម លោក ហ៊ត ផេង លើកឡើងថា សហគ្រាស​ធុនមីក្រូ តូច និង​មធ្យម កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ទោះយ៉ាងណា សហគ្រាស​ទាំងនោះ​ភាគច្រើន​នៅ​មិនទាន់​មក​ចុះបញ្ជី​នៅ​អាជ្ញាធរ​នោះទេ​។

លោក​ប្រាប់ថា​៖ «​ដោយ​ពិនិត្យឃើញថា ម្ចាស់​សហគ្រាស​ភាគច្រើន​មាន ការពិបាក​ក្នុង​ការទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​ការធ្វើ​ធុរកិច្ច ដូចនេះ​គេហទំព័រ KhmerSME គឺជា​ថ្នាល​ព័ត៌មាន​ឌីជីថល​ដែល​ផ្តល់​លទ្ធភាព​ដល់​ម្ចាស់​សហគ្រាស​ឱ្យ​ទទួលបាន​ព័ត៌មាន​សំខាន់ៗ​ដូចជា ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត ទីផ្សារ ហិរញ្ញវត្ថុ ឥណទាន ការអភិវឌ្ឍ​ធនធានមនុស្ស ការប្រកួតប្រជែង​ក្នុង​តំបន់ និង​ការពង្រីក​ដៃគូ​អាជីវកម្ម​ឱ្យ​កាន់តែ​ទូលំទូលាយ​»​។

បច្ចុប្បន្ន​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា មាន​ប្រមាណ​ជាង ៥២ ​ម៉ឺន​មូលដ្ឋាន​។ នេះ​បើ​យោងតាម​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​៕ LA