ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់ចេញ​នូវ​វិធានការ​ជុំ​ទី​១០ បន្ថែមទៀត ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​នៃ​វិបត្តិ​, ការស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងអំឡុង និង​ក្រោយពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។ ប៉ុន្តែ​អ្នកជំនាញ​សេដ្ឋកិច្ច​អះអាងថា វិធានការ​នេះ​មិនមាន​សម្ទុះ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឱ្យ​ខ្លាំងក្លា​នោះទេ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២៨ ខែតុលា រដ្ឋាភិបាល​សម្រេច​ដាក់ចេញ​វិធាន​ការបន្ត​ជួយឧបត្ថម្ភ​ប្រាក់​ ៤០ ​ដុល្លារ​រយៈពេល ៣ ​ខែ​បន្ថែមទៀត​ (​ពី​ខែតុលា ដល់​ខែធ្នូ ឆ្នាំ​ ២០២១) ​សម្រាប់​កម្មករ និយោជិត​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​វាយនភណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ កាបូប ដែល​ទទួលបាន​លិខិត​អនុញ្ញាត​ឱ្យ​ព្យួរ​កិច្ចសន្យាការងារ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ម្ចាស់​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​ត្រូវ​បន្ថែមចំនួន ៣០ ​ដុល្លារ​សរុប ៧០ ​ដុល្លារ​ក្នុង​ ១ ​ខែ​សម្រាប់ ១ ​នាក់​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា រដ្ឋាភិបាល​ក៏​នឹង​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ៤០ ​ដុល្លារ​ក្នុង​ ១ ​ខែ​ជូន​កម្មករ-និយោជិត ម្នាក់​ដែល​បំពេញ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​សម្រាប់​រយៈពេល ៣ ខែ​បន្ថែម​ផងដែរ​។ សហគ្រាស និង​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​រួមចំណែក​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​តាម​លទ្ធភាព​ជាក់ស្តែង​បន្ថែម​លើ​អ្វីដែល​រដ្ឋាភិបាល​បាន​ផ្តល់ជូន​។

ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​ក៏​នឹង​បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ចំពោះ​សណ្ឋាគារ​, ផ្ទះសំណាក់​, ភោជនីយដ្ឋាន និង ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រាប់​រយៈពេល ៣ ខែ និង​បន្ត​លើកលែង​ការបង់​ភាគទាន​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម ក្នុង​អំឡុងពេល​ព្យួរ​អាជីវកម្ម ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម​។

ដោយឡែក​ចំពោះ​វិធានការ​បន្ត​ជួយ​វិស័យ​អាកាសចរណ៍ គឺ​រដ្ឋាភិបាល​លើកលែង​ការបង់ពន្ធ​អប្បបរមា រយៈពេល ៣ ​ខែ​បន្ថែមទៀត​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា និង​បន្ត​ផ្តល់​ការអនុគ្រោះ​ចំពោះ​ការបង់ប្រាក់​ជំពាក់​លើក​ម្រៃ​អាកាសចរ​ស៊ីវិល​ដោយ​ពន្យារ​រយៈពេល ៣ ​ខែ​បន្ថែមទៀត​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន ការសម្រេច​ដាក់ចេញ​នូវ​វិធានការ​បន្ថែម​សម្រាប់​ជុំ​ទី​ ១០ ​នេះ គឺ​ក្នុង​បំណង​បន្ត​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ មកលើ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣១ ខែតុលា​ថា វិធានការ​ដែល​រដ្ឋាភិបាល​ដាក់ចេញ​នេះ គឺជា​គោលនយោបាយ​សារពើពន្ធ​មួយ​ដែល​បាន​ជួយ​ទៅដល់​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការផ្ទេរ និង​មួយចំណែក​ទៀត​ជា​គោលនយោបាយ​បន្ថយពន្ធ​ប៉ុណ្ណោះ​។ ទោះយ៉ាងណា វិធានការ​ទាំងអស់​នេះ​មិនមាន​ឥទ្ធិពល​ខ្លាំង​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​នោះទេ ប៉ុន្តែ​រដ្ឋាភិបាល​ធ្វើ​នេះ​ដើម្បី​រៀបចំ​ឱ្យមាន​ប្រាក់ចំណូល​មិន​ឱ្យមាន​ភាពខុសគ្នា​ក្នុងពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​រដ្ឋ​មិនមាន​គោលនយោបាយ​បើកប្រាក់​ឧបត្ថម្ភ​ជាប្រចាំ​ទេ ប៉ុន្តែ​រដ្ឋ​អាច​ធ្វើជា​កញ្ចប់​ថវិកា​ដោយឡែក​។ អ៊ីចឹង​អ្វីដែល​រដ្ឋាភិបាល​ធ្វើ​ជុំ​ទី​ ១០ នេះ​គឺ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​អំពី​ការផ្អាក និង​ព្យួរការងារ​ដោយសារ​តែ​រោងចក្រ​មួយចំនួន ឬ​វិស័យ​មួយចំនួន​ដូចជា​វិស័យ​ទេសចរណ៍​ជាដើម​ដែល​ត្រូវបាន​ផ្អាក​»​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​និយាយថា វា​ជា​រឿង​ល្អ ព្រោះ​ជា​ការយកចិត្ត​ទុកដាក់​ក្នុង​ការជួយ​ដោះ​បន្ទុក​មួយចំនួន​ទៅ​កម្មករ និយោជិត​ក្នុង​វិស័យ​ទាំងនេះ​។

លោក​អះអាងថា​៖ «​ការបន្ត​ជួយ​ប្រាក់ឧបត្ថម្ភ​ពិតជា​រួមចំណែក​ជួយ​បុគ្គលិក​កម្មករ​នៅក្នុង​វិស័យ​វាយនភណ្ឌ និង​ទេសចរណ៍​នេះ ប៉ុន្តែ​អ្វីដែល​រដ្ឋាភិបាល​គួរ​ពិចារណា​ធ្វើ​គឺ​ជួយ​ផ្នែក​ហិរញ្ញប្បទាន ឬក៏​ជា​កម្ចី​ដែលមាន​ការប្រាក់​ទាប​ដល់​ម្ចាស់​សហគ្រាស ឬ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ ដើម្បី​ត្រៀម​រៀបចំ​ទទួល​ភ្ញៀវទេសចរ ត្រឡប់មកវិញ​នៅពេល​ខាងមុខនេះ​»៕ LA