ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០២១ មាន​តម្លៃ​សរុប​ជាង ៧២០ ​លាន​ដុល្លារ ថយចុះ​ជាង ១៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​អ្នកជំនាញ​លើកឡើងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា កូរ៉េ​ (CKFTA) ដែល​ទើប​ចុះហត្ថលេខា​នាពេល​ថ្មីៗ​នេះ​នឹង​ជួយ​ធ្វើឱ្យ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ មាន​កំណើន​ឡើងវិញ​។

ទិន្នន័យ​របស់​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (Kita) ​បង្ហាញថា ការនាំចេញ-នាំចូល​ទំនិញ​រវាង​កម្ពុជា កូរ៉េ ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ មាន​តម្លៃ​សរុប ៧២០,៥២ ​លាន​ដុល្លារ ធ្លាក់ចុះ ១៨,៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ក្នុង​នោះ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​មាន​ទឹកប្រាក់ ២៥៩,០៨ ​លាន​ដុល្លារ ធ្លាក់ ១៨,៥៥ ​ភាគរយ និង​ការនាំចូល​មាន​ទឹកប្រាក់ ៤៦១,៤៣ ​លាន​ដុល្លារ​ធ្លាក់ចុះ ១៨,៦៤ ​ភាគរយ​។

កាលពី​ថ្ងៃទី​ ២៦ តុលា ឆ្នាំ​ ២០២១ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្ដិ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ លោក YEO Han-Koo​។ កិច្ចព្រមព្រៀង​នេះ​រំពឹងថា នឹង​ជំរុញ​កំណើន​នៃ​ការនាំចេញ​កំណើន​ផលទុន​សរុប​ក្នុងស្រុក និង​ឱកាស​ការងារ ព្រមទាំង​ជួយ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ ២ ​ឱ្យ​បាន​ឆាប់​ពី​វិបត្តិ​កូវីដ​ ១៩​។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​សង្ឃឹម​នឹង​អាច​មាន​ការនាំចេញ​ផលិតផល​ខ្លួន​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ​កាន់តែ​ច្រើន ជាពិសេស​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍​អេឡិចត្រូនិក កៅស៊ូ និង​ផលិតផល​កសិកម្ម ជាដើម​។

អនុប្រធាន​សភាពាណិជ្ជកម្ម លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៣១ ខែតុលា​ថា ក្នុង​ឆ្នាំ​ ២០២១ ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​បាន​ជួបនឹង​បញ្ហា​ជាច្រើន​ដែល​បណ្តាល​មកពី​ផល​រំខាន​ពី​ជំងឺ​កូវីដ​ ១៩ ខណៈ​ផលិតផល​កូរ៉េ​ដែល​នាំ​ចូលមក​កម្ពុជា​ក៏​មិនសូវមាន​ច្រើន​ដែរ​។ ម្យ៉ាងទៀត​ផលិតផល​ផលិត​នៅ​កម្ពុជា​ក្នុង​ពេលនេះ​ក៏​នៅ​មិនទាន់​ឆ្លើយតប​នឹង​ការចង់​បាន​របស់​អ្នកប្រើប្រាស់​នៅ​កូរ៉េ​ផងដែរ​។ ទោះយ៉ាងណា CKFTA នឹង​ជួយ​ធ្វើឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ កើនឡើង​ក្នុង​ពេល​ឆាប់ៗ​។ លោក​លើកឡើង​ថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​មិន​ត្រឹមតែ​ជួយ​ទាក់ទាញ​ឱ្យ​ក្រុមហ៊ុន​កូរ៉េ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ សូម្បីតែ​ក្រុមហ៊ុន​បរទេស​មួយចំនួន​ដែល​ផលិត​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​កូរ៉េ ក៏​អាច​នឹង​មក​បើក​រោងចក្រ​ផលិត​នៅ​កម្ពុជា​ដែរ​»​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា លោក ហុង វណ្ណៈ និយាយថា វិបត្តិ​កូវីដ​ ១៩ បានធ្វើឱ្យ​ចង្វាក់​ផលិតកម្ម​មួយចំនួន​ធ្លាក់ចុះ ហើយ​តម្រូវការ​ប្រើប្រាស់​ផលិតផល​មួយចំនួន​ក៏បាន​ធ្លាក់ចុះ​ផងដែរ ព្រោះ​ប្រាក់ចំណូល​របស់​ប្រជាជន​ធ្លាក់ចុះ​។ យ៉ាង​ទៀត​ការវិនិយោគ​របស់​កូរ៉េ​នៅ​កម្ពុជា​ ដើម្បី​ផលិត​នាំ​ចេញទៅ​ប្រទេស​កូរ៉េ ក៏​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។ លោក​បន្ថែមទៀតថា ទោះយ៉ាងណា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ នឹងមាន​សម្ទុះ​ឡើងវិញ បន្ទាប់ពី​កម្ពុជា និង​កូរ៉េ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (CKFTA)​។

លោក​បន្តថា​៖ «​ដោយសារ​កូរ៉េ​មាន​ផលិតផល​ចម្រុះ​ជាច្រើន ហេតុនេះ​កម្ពុជា​ត្រូវតែ​ខិតខំ​បន្ថែមទៀត​ក្នុង​ការទាក់ទាញ​វិនិយោគិន​កូរ៉េ​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា និង​ត្រូវ​សិក្សា​ពី​ការផលិត​ផលិតផល​ណា​ដែលមាន​តម្រូវការ​ខ្ពស់​នៅ​កូរ៉េ​»៕ LA