ភ្នំពេញៈ ស្របពេល​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​បើកទទួល​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង​រួចរាល់ និង​ដើម្បី​ធានា​សុវត្ថិភាព​ទាំង​ភ្ញៀវទេសចរ និង​ប្រជាជន​ក្នុងស្រុក ក្រុមហ៊ុន​ស្ថាបនា​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ ខេត្ត​កោះកុង​បានប្រកាស​ពី​ផែនការ​បើកដំណើរការ​ហោះហើរ​សាកល្បង​លើកដំបូង​នៅ​ចុងខែ​មករា ឬ​ដើមខែ​កុម្ភៈ ខាងមុខ​។

ព័ត៌មាន​នេះ​ត្រូវបាន​លេចឮ​កាលពី​ថ្ងៃទី​ ៣០ ខែតុលា នា​អំឡុងពេល​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ទៅ​ជួប​តំណាង​ក្រុមហ៊ុន​សាងសង់​ព្រលានយន្តហោះ​តារាសាគរ​។ តំណាង​ក្រុមហ៊ុន​បានឱ្យ​ដឹងថា ការស្ថាបនា​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ ពេលនេះ​សម្រេចបាន​ប្រមាណ ៩៥ ​ភាគរយ​ហើយ​។

«​តាម​ផែនការ​គ្រោង​នឹង​ប្រតិបត្តិការ​ហោះហើរ​សាកល្បង​លើកដំបូង​នា​ចុងខែ​មករា ឬ​ដើមខែ​កុម្ភៈ ឆ្នាំ​ ២០២២»​។ នេះ​បើតាម​ការអះអាង​ពី​តំណាង​ក្រុមហ៊ុន​ដែល​ត្រូវបាន​ទូរទស្សន៍ BTV ដកស្រង់​សម្តី​។

ក្នុង​ឱកាស​នោះ លោក ថោង ខុន បាន​សំណូម​ឱ្យ​ក្រុមហ៊ុន សាងសង់ ពន្លឿន​ការងារ​របស់ខ្លួន​ ដើម្បី​ឆាប់​បាន​បម្រើ​សេវាកម្ម​ដឹក​ទេសចរ​មក​កម្សាន្ត​នៅ​តំបន់​តារាសាគរ ខេត្ត​កោះកុង​ដែល​ជា​ទីតាំង​រដ្ឋាភិបាល​បាន​រៀបចំ​។

អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ ៤,៥ ​ហិកតា​ស្ថិតក្នុង​ស្រុក​បទុម​សាគរ ខេត្តកោះកុង​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន Tianjin Union Development Group(UDG) ជាមួយ​ទុនវិនិយោគ ៣៥០ លាន​ដុល្លារ​។ អាកាសយានដ្ឋាន​នេះ​អាច​ផ្តល់​សេវាកម្ម​ដឹក​អ្នកដំណើរ​តាម​យន្តហោះ Boeing-777 និង Airbus A-340​។

កាលពី​ថ្ងៃទី​ ២៨ ខែតុលា រដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ឯកសារ​​យុទ្ធសាស្ត្រ​សំខាន់​ចំនួន ២ ដើម្បី​ជា​ការចាប់ផ្តើម​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង និង​ធានាបាន​នូវ​សុវត្ថិភាព​ទាំង​ភ្ញៀវទេសចរ និង​ប្រជាជន​ក្នុងស្រុក​។

ឯកសារ​ទាំង ២ ​រួមមាន​ «​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការបើក​ទទួល​ទេសចរណ៍​វ៉ាក់សាំង​» ​និង​ «​វិធានការ​គោលនយោបាយ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ឆ្នាំ ២០២១-២០៣២»​។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​អនុវត្ត​ឯកសារ​ទាំង​ ២ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​បាន​ឱ្យដឹងថា ជំងឺ​កូវីដ-១៩ បាន​បង្កឱ្យមាន​វិបត្តិ​សុខភាព​សាធារណៈ និង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សកម្មភាព​សង្គមសេដ្ឋកិច្ច​ស្ទើរ​គ្រប់វិស័យ ក្នុងនោះ​វិស័យ​ទេសចរណ៍​ដែលជា​ចន្ទល់​គន្លឹះ​សំខាន់​មួយ​របស់​កម្ពុជា​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច បាន​ទទួល​រងផលប៉ះពាល់​យ៉ាងខ្លាំង​មិន​ធ្លាប់មាន ដោយ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​បាត់បង់​ស្ទើរ​ទាំងស្រុង​នៅ​ឆ្នាំ​ ២០២០-២០២១ ខណៈ​លំហូរ​នៃ​ការធ្វើដំណើរ ទេសចរណ៍​ផ្ទៃក្នុង​ក៏បាន​ថមថយ​យ៉ាងច្រើន​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការដាក់ចេញ​នូវ​ឯកសារ​យុទ្ធសាស្ត្រ​សំខាន់​ទាំង​ ២ គឺ​ឆ្លុះបញ្ចាំង​ពី​ការយកចិត្ត​ទុកដាក់ និង​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ព្រមទាំង​អាច​ចាប់យក​កាលានុវត្តភាព​ពី​វិបត្តិ​នេះ ដើម្បី​ដាក់ចេញ​នូវ​ការកែទម្រង់​ស៊ីជម្រៅ​សំដៅ​ប្រែក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍ ប្រកប​ដោយ​គុណភាព សុវត្ថិភាព និង​ចីរភាព ដែល​នឹង​ផ្តល់​ផ្លែផ្កា​​ចូលរួម​ទ្រទ្រង់​ដល់​ការងើប​ឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩»​។

តាម​ផែនការ​កម្ពុជា​នឹង​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង​ចាប់ពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ដោយ​ចាប់ផ្តើម​ដំបូង​នៅ​ក្រុង​ព្រះសីហនុ ក្រុង​កោះរ៉ុង តំបន់​តារាសាគរ​មុន​នឹង​ឈាន​ទៅ​ខេត្ត​សៀមរាប​ក្នុង​ខែមករា ឆ្នាំក្រោយ​៕ LA

វីដេអូ៖