ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ស្វាយស្រស់ និង​ផលិតផល​ពី​ផ្លែស្វាយ​ទៅ​ទីផ្សារ​អន្តរជាតិ​ជាង ២២ ​ម៉ឺន​តោន​ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ ​២០២១ ខណៈ​ទីផ្សារ​ប្រទេស​វៀតណាម​បាន​ស្រូបយក​ជាង ១៧,៥ ​ម៉ឺន​តោន​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ​នៃ​ក្រសួងកសិកម្ម​បាន​ឱ្យ​ដឹងថា ចាប់ពី​ខែមករា ដល់​តុលា ឆ្នាំ​ ២០២១ ការនាំចេញ​ផ្លែស្វាយ​ស្រស់ តំណាប់​ស្វាយ និង​ទឹក​ស៊ីរ៉ូស្វាយ​មាន​ចំនួន​សរុប ២២២ ២០០,១២ ​តោន ក្នុងនោះ​ការនាំ​ចេញទៅ​វៀតណាម ១៧៥ ៣២៤,៤៨ ​តោន​។

បើតាម​ទិន្នន័យ​ខាងលើ​នៅក្នុង​រយៈពេល​នេះ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​មាន​ចំនួន ២០២ ១៤១,៨១ តោន​កើនឡើង ១៥៧,៨៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដោយ​ប្រទេស​វៀតណាម​ទទួល​ទិញ ១៧៤ ៧៦៥,១៨ ​តោន​, ថៃ ២៦ ៩៦៩,២៨ ​តោន​, ចិន ២១៥,៩៨ ​តោន កូរ៉េ ១២៤,៣៨ ​តោន​, ទីក្រុង​ហុងកុង ៥០,៧៨ ​តោន​, សិង្ហបុរី ១៦,២០ ​តោន និង​កូវ៉ែត ០,០១ ​តោន​។

ដោយឡែក​ក្រៅពី​ផ្លែស្វាយ​ស្រស់ កម្ពុជា​ក៏បាន​នាំចេញ​តំណាប់​ស្វាយ ១៥ ៦៥១,៤២ ​តោន កើន​ ១៩៥,៤១ ​ភាគរយ ដោយ​នាំទៅ​ចិន​ ១២ ៣៣០,៥៤ ​តោន​, ថៃ ១ ៣១៤,៥៣ ​តោន​, ហ្វីលីពីន ៨៨៤,៣០ ​តោន​, វៀតណាម ៥៥៩,៣០ ​តោន​, ជប៉ុន ៥១២,៥០ ​តោន​, ចក្រភព​អង់គ្លេស ២១,១៤ ​តោន កូរ៉េ ១៧,៥០ ​តោន​, អាមេរិក ៨,៥៦ ​តោន​, កោះ​តៃវ៉ាន់ ៣ តោន​, កាហ្សាក់ស្ថាន ០,០៥ ​តោន និង​រុស្ស៊ី ០,០០២ ​តោន​។ ទឹក​ស៊ីរ៉ូស្វាយ​នាំចេញ ចំនួន ៤ ៤០០,៨៩ ​តោន​កើន ៤១,០៤ ​ភាគរយ​ដោយ​ទៅ​ហ្វីលីពីន ៤ ២៥២,៨៩ ​តោន និង​ចិន ១៤៨ ​តោន​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ដែល​វិនិយោគ​លើ​ចម្ការ​ស្វាយ និង​នាំចេញ​ផ្លែស្វាយ​ទៅ​ក្រៅប្រទេស​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នា​ថ្ងៃទី​ ១ ខែវិច្ឆិកាថា ទីផ្សារ​នាំចេញ និង​តម្លៃ​ផ្លែស្វាយ​ក្នុង​ឆ្នាំ​ ២០២១ មាន​លក្ខណៈ​ល្អប្រសើរ​បើ​ធៀប​នឹង​ឆ្នាំ​កន្លងៗ​មក ជាពិសេស​កាលពី​ខែឧសភា​កម្ពុជា​ទើប​ទទួលបាន​ទីផ្សារ​នាំចេញ​ផ្លូវការ​ទៅ​ប្រទេស​ចិន​។

លោក​បន្តថា ការនាំចេញ​ផ្លែស្វាយ​នឹងមាន​សម្ទុះ​ច្រើន​បន្ថែមទៀត​ចាប់ពី​ចុងខែ​វិច្ឆិកា​នេះ​ទៅ ព្រោះ​ជា​រដូវ​ប្រមូលផល ហើយ​ការនាំ​ចេញ​ទៅ​ប្រទេស​ចិន​រំពឹង​នឹងមាន​បរិមាណ​កើនឡើង​ច្រើន​។

លោក​លើកឡើង​ថា​៖ «​ដោយសារ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទើបត្រូវ​បាន​អាជ្ញាធរ​គយ​ចិន​អនុញ្ញាត​ឱ្យ​នាំទៅ​ប្រទេស​ចិន​ជា​ផ្លូវការ​កាលពី​ខែឧសភា ដូច្នេះ​ការនាំចេញ​នឹងមាន​កំណើន​ខ្ពស់​បន្ថែមទៀត​នៅពេល​ខាងមុខ​»​។

ទោះយ៉ាងណា លោក ហ៊ុន ឡាក់ លើកឡើង​ថា ដើម្បីឱ្យ​ការនាំចេញ​ផ្លែស្វាយ​ទៅ​ទីផ្សារ​អន្តរជាតិ​សម្រេចបាន​បរិមាណ​កាន់តែ​ច្រើន អ្នកវិនិយោគ​ក៏ដូចជា​ប្រជាកសិករ​ចាំបាច់​ត្រូវតែ​ខិតខំ​បន្ថែមទៀត​ក្នុង​ការដាំដុះ ថែទាំ វេចខ្ចប់ និង​ដឹកជញ្ជូន ដើម្បី​ឱ្យ​ស្របតាម​ស្តង់ដា​កំណត់​របស់​ប្រទេស​គោលដៅ​នាំចេញ​នីមួយៗ​។

លោក​និយាយថា​៖ «​បច្ចុប្បន្ន​ក្រៅពី​បញ្ហា​គុណភាព និង​ភូតគាម​អនាម័យ​ដែលជា​ការកំណត់​របស់​ភាគី​ចិន ការនាំចេញ​របស់​កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​តម្លៃ​នៃ​ការដឹកជញ្ជូន​ខ្ពស់​ផងដែរ​»​។

រដ្ឋបាល​គយ​ចិន​កាលពី​ថ្ងៃទី ២៦ ខែមេសា ឆ្នាំនេះ​បានអនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​បញ្ជី​ឈ្មោះ​ចម្ការ​ស្វាយ​ចំនួន ៣៧ និង​រោងចក្រ​វេចខ្ចប់ ៥ អាច​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​។ ការនាំចេញ​ផ្លែស្វាយ​ស្រស់ ជា​ផ្លូវការ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ​៧ ខែ​ឧសភា ឆ្នាំ​ ២០២១​។

បើតាម លោក ហ៊ុន ឡាក់ បច្ចុប្បន្ន​ផ្លែស្វាយ​ស្រស់​កម្ពុជា​ត្រូវ​បាន​ដាក់លក់​ក្នុងប្រទេស​ចិន​តម្លៃ​ពី​ ១,២ ទៅ​ ១,៥ ​ដុល្លារ​ក្នុង ១ ​គីឡូក្រាម​៕ LA