ភ្នំពេញៈ អ្នកជំនាញ​សេដ្ឋកិច្ច និង​ជំនួញ​បាន​ស្វាគមន៍​ចំពោះ​ការប្រកាស​បើក​សង្គម​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​លើ​គ្រប់​វិស័យ ក្រោយពី​បាន​អាក់ខាន​ជាង ១ ​ឆ្នាំ​ដោយសារ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​វា​ជា​សញ្ញា​ល្អ និង​ជា​ចំណុច​ចាប់ផ្តើម​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​សម្ទុះ​រីកចម្រើន​ឡើងវិញ​។

ថ្លែង​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ជុំ​ទី១ សម្រាប់​ក្រុម​កុមារ​អាយុ​ចាប់ពី ៦ ​ឆ្នាំ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​ការប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដល់​កុមារ​អាយុ​ ៥ ​ឆ្នាំ​កាលពី​ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​បើក​សេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​លើ​គ្រប់​វិស័យ ​បន្ទាប់ពី​កម្ពុជា​ចាកចេញ​ពី​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​ពី​ជំងឺ​កូវីដ​ ១៩​។

លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ១ វិច្ឆិកា​ថា ការប្រកាស​បើក​ឱ្យ​ដំណើរការ​សង្គម​សេដ្ឋកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ចំណុច​ចាប់ផ្តើម និង​ជា​សញ្ញា​វិជ្ជមាន​ក្នុង​វិស័យសេដ្ឋកិច្ច​កម្ពុជា ពីព្រោះ​វិស័យនេះ​បាន​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​កូវីដ​ ១៩​។

ទោះយ៉ាងណា លោក វណ្ណៈ បញ្ជាក់​ថា ការបើក​ដំណើរការ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​នេះ​វា​មិនទាន់​ទទួលបាន​ផល​ភ្លាមៗ​ទេ ដោយ​វា​អាច​នឹង​ទទួល​បាន​លទ្ធផល​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២២ ខាងមុខ​។ លោក​បន្តថា បើ​កម្ពុជា​ពន្យារពេល​បើក​សេដ្ឋកិច្ច​ទៅ​ដើមឆ្នាំ​ ២០២២ លទ្ធផល​គឺ​នៅ​ចុង​ឆមាស​ទី ២ ឆ្នាំ​ ២០២២​។

លោក​បាន​ប្រាប់ថា​៖ «​សេដ្ឋកិច្ច​កម្ពុជា​នឹង​ងើបឡើង​វិញ​ជា​បណ្តើរៗ ហើយ​ឥទ្ធិពល​នេះ​នឹង​ផ្តល់​ផល​នៅ​ឆ្នាំ​ ២០២២ ព្រោះ​នៅពេល​យើង​ចាប់ផ្តើម​ដាំដុះ​ពី​ពេលនេះ ផ្លែផ្កា​នឹង​ហុច​ផល​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២២​។ វា​នឹងមាន​លក្ខណៈ​ល្អប្រសើរ ហើយ​ការរំពឹង​លើ GDP និង​កំណើន​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​ខ្ពស់​ឡើង​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់ថា វិស័យ​ឯកជន​ស្វាគមន៍​ចំពោះ​ការប្រកាស​បើក​សង្គម សេដ្ឋកិច្ច​ឡើងវិញ ព្រោះនេះ​ជា​អ្វីដែល​វិស័យ​ឯកជន​ប្រាថ្នា​ចង់​បាន​ជាយូរ​មកហើយ ដោយ​មិន​ត្រឹមតែ​អ្នករកស៊ី​ធម្មតា តូច ធំ សូម្បីតែ​មន្ត្រីរាជការ​ក៏​ពួកគេ​ចង់ឱ្យមាន​ការបើក​ដំណើរការ​ឡើងវិញ​ដែរ​។

លោក​បន្តថា ការបើក​សេដ្ឋកិច្ច​ឡើងវិញ​នេះ ក៏​បង្ហាញ​ឱ្យ​ឃើញថា​ការគ្រប់គ្រង​ការឆ្លង​រីករាល​នៃ​ជំងឺ​កូវីដ​ ១៩ របស់​រដ្ឋាភិបាល​អាច​គ្រប់គ្រង​បាន​ហើយ​។ នេះ​ជា​រឿង​ជោគជ័យ​មួយ​របស់​រដ្ឋាភិបាល​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​។

លោក​ពន្យល់ថា ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ និង​ការបិទ​ទីក្រុង​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ចំណូល​អាជីវកម្ម និង​ចំណូល​ពន្ធ​ផងដែរ​។

បើតាម លោក លឹម ហេង នៅពេល​បើក​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​មិន​ត្រឹមតែ​សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើឱ្យ​អ្នកវិនិយោគ​ក្រៅប្រទេស​មាន​ជំនឿ​ចិត្ត និង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ផងដែរ ដើម្បី​ធ្វើការ​វិនិយោគ ស្រប​ពេលដែល​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ទើបតែ​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

លោក​បញ្ជាក់ថា​៖ «​វា​ល្អ​ទាំង​ក្នុង និង​ខាងក្រៅ ព្រោះ​ជា​ដំណឹង​ល្អ​សម្រាប់​អ្នកវិនិយោគ​ក្នុង​តំបន់ និង​ពិភពលោក​បានដឹង និង​មាន​ចំណាប់អារម្មណ៍​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​»​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ អាច​សម្រេចបាន​កំណើន ២,៤ ​ភាគរយ ខណៈ​ឆ្នាំ​ ២០២២ រំពឹង​មាន​កំណើន ៤,៨ ​ភាគរយ​៕ LA